ភ្នំពេញ៖ សេវា​ប្រមូល​សំរាម​តាម​លំនៅដ្ឋាន ទើប​ដាក់​ឱ្យ​ដំណើរការ​​​ទៅកាន់​ភូមិ​ជនបទ​ជា​ច្រើន​នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​ការពារ​បរិស្ថាន​​បឹង​ទន្លេសាប​។

ត្រឹម​រយៈពេល​ប្រាំ​មួយខែ​ដំបូង​ប៉ុណ្ណោះ ក្រោម​ការគាំទ្រ​របស់​អង្គការ​អោយ​ឱ​អ៊ី (iDE) តាប​រយៈ​គម្រោង​ព​ន្លឿ​នទី​ផ្សារ​គ្រប់គ្រង​កាក​សំណល់​រឹង (WaMA) លោក ឡាំ សំណាង ដែលជា​អ្នកផ្តល់​សេវា​ប្រមូល​សំរាម​នៅក្នុង​ស្រុក កំពុង​ពង្រីក​សេវាកម្ម​ប្រមូល​សំរាម​ពី​ប្រមាណ​ជាង ២ពាន់​គ្រួសារ​ជា​រៀងរាល់​សប្តាហ៍​។ នេះ​មានន័យថា អតិថិជន​ បាន​កើនឡើង​ប្រមាណ​ជាង ៤០០ភាគរយ​។

យោងតាម iDE Cambodia បាន​ឱ្យ​ដឹងថា​៖ «​គម្រោង​នេះ បង្កើតឡើង​ក្នុង​គោលបំណង ការពារ​កាកសំណល់​រាប់​តោន ពី​ការហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប​ដែលជា ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំខាន់​របស់​កម្ពុជា​»។

តំបន់​បឹង​ទន្លេសាប ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ឋបនីយ​ជីវ​មណ្ឌល​ដោយ អង្គការ​យូណេស្កូ ជាមួយនឹង​សក្តានុពល​ទេសចរណ៍​ដ៏​ធំធេង ក៏​ជា​កន្លែង​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង បី​លាន​គ្រួសារ និង​ជា​ប្រភព​ប្រូតេអ៊ីន​ប្រ​ហណ​៦០ភាគរយ​ សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​។

ទោះជា​យ៉ាងណាក៏ដោយ បណ្តា​ផ្លូវទឹក​នៃ​បឹង​ទន្លេសាប ​ឬ​ដៃទន្លេ​ត្រូវបាន​គំរាមកំហែង​ដោយ​កាកសំណល់​​ពី​សហគមន៍​ជុំវិញ​ដែល​ត្រូវបាន​ចាក់ និង​ហូរ​ចូលទៅក្នុង​បឹង​ទន្លេសាប បង្កើន​ការបំពុល​ទឹក និង​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​ធនធាន​ក្នុងស្រុក​ដ៏​វិសេសវិសាល​នេះ​។

iDE Cambodia បាន​បន្ដថា​៖ «​ប្រជាជន​កម្ពុជា​ប្រមាណ ៧៥ភាគរយ​ រស់នៅ​តំបន់​ជនបទ​។ តំបន់​ជនបទ​ភាគច្រើន មិនមាន​សេវា​ប្រមូល​សំរាម​តាម លំនៅដ្ឋាន​នៅឡើយ​ទេ​។ កាកសំណល់​ត្រឹមតែ ៤ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​នៅ​ទូទាំងប្រទេស​ហេតុ នេះហើយ គ្រួសារ អាជីវកម្ម ក៏ដូចជា​សហគមន៍​ជនបទ​កែង​តែ​ងាក​ទៅរក​មធ្យោបាយ​ចោល​សំរាម​ដែល​មិនមាន សុវត្ថិភាព និង​គ្មាន​និរន្តរភាព​ដូចជា ការដុត កប់ ឬ​ចាក់ចោល​នៅ​ទីវាល​»។

លោក ថៃ​ល័​រ កូ​ហ្សូ​ល នាយក​កម្មវិធី​ទឹក និង​អនាម័យ នៅ iDE កម្ពុជា បាន​លើកឡើងថា​៖ «​ការគ្រប់គ្រង​កាក សំណល់​រឹង (SWM) និង​ការពង្រីក​សេវាកម្ម​ប្រមូល​សំរាម​នេះ នៅតាម​តំបន់​ជនបទ​ជាការ​ងារ​ដ៏​សំខាន់បំផុត​ដើម្បី បំពេញ​ទៅនឹង​តម្រូវ​ការដែល​កំពុង​កើនឡើង និង​ដ៏​បន្ទាន់​មួយ ដើម្បី​ប្រមូល​សំរាម និង​ធានាថា​ទន្លេសាប​ស្អាត ការពារ សុខភាព​មនុស្ស និង​ការពារ​សំរាម​មិន​ឱ្យនៅ​រាយប៉ាយ​ក្នុង​បិ​រ​ស្ថាន»​។​

គម្រោងសេវាប្រមូលសំរាមនេះ បង្កើតឡើងក្នុងគោលបំណង ការពារកាកសំណល់រាប់តោន ពីការហូរចូលទៅក្នុងបឹងទន្លេសាបដែលជា ប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់របស់កម្ពុជា។ រូបថត សហការី

​ការសិក្សា​ទីផ្សារ​មួយ​របស់​អង្គការ iDE កាលពី​ឆ្នាំ ២០២៣ បានបង្ហាញ​ពី​តួលេខ​ដ៏​សំខាន់​អំពី​គ្រួសារ​ដែល​ចង់បាន សេវា​ប្រមូល​សំរាម និង​មាន​ឆន្ទៈ​បង់ថ្លៃ​សេវាកម្ម​មួយ​នោះ​។ ប្រហែល ៦៩ភាគរយ​ នៃ​គ្រួសារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង ការស្ទង់មតិ មាន​សាច់ប្រាក់​នៅក្នុង​ដៃ និង​មាន​ឆន្ទៈ​បង់ថ្លៃ​សេវា​ចំនួន ១ម៉ឺន​រៀល​ក្នុង​មួយខែ​សម្រាប់​សេវា ប្រមូល​កាកសំណល់​រឹង​របស់​ពួកគេ​។

ជាដំបូង iDE បាន​ប្រមូល​ទិន្នន័យ ប្រតិបត្តិ​ការសំខាន់ៗ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ពង្រីក​សេវាកម្ម​មួយ​ដែល​អាច​ធានាបាន​នូវ​ផលចំណេញ​ទាំង​ផ្នែក ហិរញ្ញវត្ថុ និង​ធានា​អំពី​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការប្រមូល​សំរាម​ទាំងមូល​។

ក្នុងនោះ​រួមមាន ការ​គូស​ផែនទី​អតិថិជន ដើម្បី​រៀបចំ​ផែនការ​ផ្លូវ ការប្រមូល​ព័ត៌មាន​អតិថិជន​ដើម្បី​បង្កើត​ប្រព័ន្ធ​តាមដាន​ការទូទាត់ និង​ទិន្នន័យ​សំខាន់ៗ​ផ្សេង​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេវាកម្ម និង​និរន្តរភាព​យូ​អង្វែង​។

បន្ទាប់មក iDE បានផ្តល់​វគ្គ​បណ្តុះបណ្តាល ព្រមទាំង​ការ​បង្វឹក​ដល់​លោក ឡាំ សំណាង និង​ក្រុមការងារ​របស់គាត់​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​លើ​ចំណុច សំខាន់ៗ​រួមមាន​៖ ការរក្សា​ទុក និង​ធ្វើ​កំណត់ត្រា​ចំណាយ​ចំណូល ការកំណត់​កាលវិភាគ​ប្រមូល​សំរាម​ផ្លូវការ ការ បង្កើត​បញ្ជី​អតិថិជន​ឱ្យបាន​ត្រឹមត្រូវ ការរៀបចំ​រចនាសម្ព័ន្ធ​ផ្លូវ​ដែល​ងាយស្រួល​ក្នុងការ​ប្រមូល​សំរាម និង​ប្រព័ន្ធ តាមដាន និង​ប្រមូល​ការទូទាត់​ពីរ​អតិថិជន​។

​លោក កូ​ហ្សូ​ល បន្ដថា៖ «​ដើម្បី​ពង្រីក​សេវា​ប្រមូល​សំរាម​ជា​ផ្លូវការ​មួយ ការលើកទឹកចិត្ត​គ្រួសារ​ជនបទ​ឱ្យ បង់ថ្លៃ​សេវាកម្ម​ជា​កត្តា​សំខាន់​។ ដូច្នេះ យើង​បាន​បណ្តុះបណ្តាល​ក្រុម​ភ្នាក់ងារ​លក់​ដើម្បី​ផ្សព្វផ្សាយ​លក់​សេវា​នេះ ព្រមទាំង​ផ្តល់​ចំនេះដឹង និង​ផ្លាស់ប្តូរ​ឥរិយាបថ​គ្រួសារ​ជនបទ​នីមួយៗ​ចំពោះ​ការគ្រប់គ្រង​កាកសំណល់​របស់ខ្លួន​»។

លោក​បាន​លើកឡើងថា​៖ «​ទន្ទឹមនឹង​នេះដែរ អ្នកផ្តល់​សេវាកម្ម​ប្រមូល​សំរាម ចាំបាច់​ត្រូវតែ​បង្កើត​ទំនុកចិត្ត​ពី​សំណាក់ អតិថិជន​តាមរយៈ​ការ ផ្តល់​សេវា​ដែល​អាច​ជឿ​ទុកចិត្តបាន មាន​រចនាសម្ព័ន្ធ​កំណត់​តម្លៃ​ត្រឹមត្រូវ និង​ទុកចិត្តបាន ព្រមទាំង​ការប្រមូល​ការ ទូទាត់​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​»​។

គម្រោង WaMA របស់ iDE ក្រោម​ការគាំទ្រ​រូប​គ្នា​ដោយ​សហភាព​អឺរ៉ុប សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មូលនិធិ​ច្នៃប្រឌិត​របស់ លោក Paul Polak នៃ iDE ផ្ទាល់ គឺមាន​គោលបំណង ពង្រីក​សេវា​ប្រមូល​សំរាម​សម្រាប់​គ្រួសារ​ជនបទ​ចំនួន ៣ពាន់​គ្រួសារ នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ជាមួយ នឹង​ផែនការ​ពង្រីក​ទៅកាន់​ខេត្ត​ផ្សេងទៀត​នាពេល​អនាគត​។

iDE កំពុង​កៀរគរ​ធនធាន និង​ស្វែងរក​ការគាំទ្រ សម្រាប់​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​មួយ នោះ​គឺ​ការគ្រប់គ្រង​កាកសំណល់​រឹង ដែល​នឹង​រួមចំណែក​ធ្វើឱ្យ ប្រសើរឡើង​នូវ​សុខភាព ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​សម្រាប់​គ្រួសារ​កម្ពុជា​៕