កោះកុងៈ ក្នុងរយៈពេល៣ឆ្នាំមកនេះ លោកលី សែនសេរី ពុំទាន់បានចំណេញពីការបើកអាជីវកម្ម បំរើសេវាកម្មទេសចរណ៍របស់លោកនោះទេ។​ ប៉ុន្តែអ្វី ដែលលោកទទួលបាន គឺលើសពីប្រាក់ចំណេញទៅទៀត នោះគឺការរួមចំណែកក្នុងការការពារធនធានធម្មជាតិ និងការផ្តល់ឱកាសការងារដល់សហគមន៍មូលដ្ឋាន ដែលធ្វើ​ឱ្យពួកគាត់ ឈប់ពឹងផ្អែកទាំងស្រុងទៅលើធនធានព្រៃឈើ។

ស្ថិតក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ក្រវាញ ឡាវ៉ាលលី អេកូរីហ្សត (Krâvanh La vallée Eco Resort) គឺជារមណីដ្ឋាន អេកូទេសចរណ៍ធម្មជាតិមួយទំ​ហំ​៧០ហិកតា ដែលត្រូវបានបង្កើតឡើង តាមរយៈគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេស​ចរណ៍ធម្មជាតិកម្ពុជា» (CSLEP)។ គម្រោងនេះមានគោលបំណង កែលម្អការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប (CMTS)។

ក្នុងពិធីស្វាគមន៍ ក្រុមអ្នកទស្សនកិច្ចគម្រោងប្រមាណជាង៦០នាក់ កាលពីសប្តាហ៍មុន លោកសែនសេរីបានថ្លែងដូច្នេះថា៖«ខ្ញុំមិនបានចំណេញជាលុយកាក់ទេ តែខ្ញុំមានអាម្មណ៍ថា ខ្ញុំបានចំណេញពីអ្វីមួយ ច្រើនជាងលុយកាក់ ដែលខ្ញុំទទួលបាន គឺខ្ញុំអាចថែរក្សាសម្បត្តិធម្មជាតិ ហើយខ្ញុំអាចជួយមនុស្សនៅទីនេះឱ្យមានការងារធ្វើ»។

ក្រវាញ ឡាវ៉ាលលី គឺជាទេសចរណ៍ធម្មជាតិទី១ ក្នុងស្រុកថ្មបាំង ដែលបានធ្វើឱ្យស្រុកថ្មមួយនេះមានឈ្មោះបោះសំឡេងឡើង ដោយសារតែពីដើមឡើយ សាធារណជនភាគច្រើនស្គាល់តែ តំបន់អារ៉ែងតែប៉ុណ្ណោះ។

ម្ចាស់រមណីយដ្ឋានរូបនេះបានលើកឡើងថា៖«ខ្ញុំបានចាប់ផ្តើមបើកមុនគេ ព្រោះខ្ញុំស្រលាញ់...គំនិតរបស់ខ្ញុំ ខ្ញុំចង់ថែរក្សាធម្មជាតិនៅទីនេះ ព្រោះវាជាធម្មជាតិដ៏កម្រ ហើយណាមួយទៀត ខ្ញុំមានឱកាសជួយដល់សហគមន៍ ជាពិសេសពលរដ្ឋរស់នៅតំបន់នេះ។ សព្វថ្ងៃនេះ ប្រជាជននៅជុំវិញនេះ មកធ្វើការឱ្យខ្ញុំស្ទើរគ្រប់គ្នា។ នេះជាអ្វីដែលខ្ញុំសប្បាយចិត្តចំពោះគម្រោងដែលខ្ញុំកំពុងធ្វើ»។

លោកសែនសេរីបានធ្វើការវិនិយោគដីព្រៃធម្មជាតិនេះ ពីក្រសួងបរិស្ថានចំនួន៤០ហិកតា ក្នុងរយៈពេល៥០ឆ្នាំ ហើយនិងលោកមានដីផ្ទាល់ខ្លួនចំនួន៣០ហិកតាផ្សេងទៀត ដើម្បីរៀបចំបង្កើត រមណីយដ្ឋាននេះឱ្យលិចរូបរាងឡើងកាលពី៣ឆ្នាំមុន។

ប៉ុន្តែរហូតមកដល់នឹងពេលនេះ គម្រោងរបស់លោកទើបតែបានសម្រេចប្រ​មាណ​ជា១០ភាគរយប៉ុណ្ណោះ​ នៃផែនការ ដែលលោកបានជួលអ្នកជំនាញបរទេស មកធ្វើឱ្យ។

លោកបានរក្សាទុកដើមឈើឱ្យនៅដដែល ដោយគ្មានការកាប់ យកទៅផ្គត់ផ្គង់ ក្នុងការរៀបចំរមណីយដ្ឋាននេះឡើយ។ លើសពីនោះ គ្រឿងសង្ហារឹម និងគ្រឿងតុបតែងភាគច្រើន ដែលធ្វើពីឈើ គឺលោកបានប្រមូលយកឈើសំណល់ ដើម្បីយកទៅកែច្នៃ។

អំណោយផលពីធម្មជាតិ ដ៏មានសក្តានុពលខ្ពស់ ជាមួយនឹងព្រៃប្រឹក្សាធំៗ សត្វព្រៃច្រើនប្រភេទ ភ្នំ ទឹកជ្រោះ និងស្ទឹងជាដើមផងនោះ តំបន់នេះ ស្ទើរតែគ្រប់រដូវ គឺមានអាកាសធាតុត្រជាក់ ហើយដីមានជីជាតិ។ កត្តានេះអំណោយផល ដល់ការបង្កបង្កើនផលតាមរយៈការដាំដុះដំណាំហូបផ្លែជាច្រើនក្នុងរមណីយដ្ឋាន។ ក្នុងនោះ រួមមាន ធុរេន សៅម៉ៅ ប័រ​ ដូង មង្ឃុត និងបន្លែចម្រុះជាដើម។

អ្នកទេសចរណ៍ ដែលទៅកម្សាន្តនៅ រមណីយដ្ឋាននេះ អាចទទួលទាន គ្រឿងសមុទ្រ ត្រី ហើយនិងបន្លែ និងមាន់ធម្មជាតិ ដែលត្រូវបានចិញ្ចឹម និដាំដុះក្នុងរម​ណីយដ្ឋានផ្ទាល់។

អ្វីដែលពិសេសម្រាប់ លោកនោះគឺការផ្តល់ការងារដល់ពលរដ្ឋមូលដ្ឋាន ប្រមាណជា២០០នាក់ ក្នុង១ខែ ដែលធ្វើឱ្យពួកគាត់មិនធ្វើចំណាកស្រុក ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វជាដើម។

លោកបាននិយាយថា៖«ប្រជាជនមានមុខរបរត្រឹមត្រូវតាមច្បាប់ គាត់មិនទៅកាប់បំផ្លាញព្រៃឈើ គាត់មិនទៅសម្លាប់សត្វទេ។ ឥលូវនេះ សឹងថា អត់មានអ្នកណាម្នាក់ ហ៊ានកាន់ចំពាមកៅស៊ូ ទៅបាញ់សត្វទេ។ ដើមឈើ ដែលធំចាប់ពីប៉ុនកជើងទៅ បើគ្មានការអនុញ្ញាតពីខ្ញុំ អត់ហ៊ានកាប់ទេ»។

លោកក៏បានលើកឡើងផងដែរថា នៅក្នុងទីតាំងរមណីយដ្ឋានលោក គឺក៏មិនអនុញ្ញាតឱ្យមានការសម្លាប់សត្វព្រៃ និងមានមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃផងដែរ។

ទេសភាពធម្មជាតិខៀវស្រងាត់ អមដោយពពកស នៅជួរភ្នំក្រវាញ ក្នុងស្រុកថ្មបាំង ដែលស្ថិតក្នុងគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP)។

គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេស​ចរណ៍ធម្មជាតិកម្ពុជា»

ក្រសួងបរិស្ថានបាននិងកំពុងខិតខំពង្រឹងអភិបាលកិច្ចបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងតំ​បន់​ការពារធម្មជាតិ តាមរយៈប្រព័ន្ធគ្រប់គ្រង ដោយគំនិតច្នៃប្រឌិត បរិយាប័ន្ន ទំនួលខុសត្រូវ និងគណ​នេយ្យភាព ក្របខ័ណ្ឌស្ថាប័ន ដែលមានភាពប្រសើរឡើង កិច្ចសហការ និងការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ។

ដោយសារភាពចាំបាច់នេះហើយទើបមាន គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលបាននិងកំពុងអនុវត្ត (២០២០-២០២៧) តាមរយៈហិរញ្ញប្បទានឥណទានពីធនាគារពិ​ភពលោក។

ក្រសួងបានលើកឡើងថា រមណីយដ្ឋាន ក្រវាញ ឡាវ៉ាលលី គឺជាការអនុវត្តល្អបំផុតមួយ នៃប្រតិបត្តិករទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការយ៉ាងសកម្មក្នុងតំបន់ ហើយអាចយកធ្វើជាឧទាហរណ៍គំរូមួយបាន។

គម្រោងនេះត្រូវបានគ្រប់គ្រងដោយក្រសួងបរិស្ថាន និងអនុវត្តរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅជួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

គម្រោងនេះបាននិងកំពុងប្រើប្រាស់ទេសចរណ៍ធម្មជាតិជាកត្តាជំរុញ សេដ្ឋកិច្ចសហគមន៍ជនបទឱ្យរីកចម្រើន និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា នៅជួរភ្នំក្រវាញ-ទន្លេសាប។

តំបន់ការពារសំខាន់ៗ ទាំងនេះរួមមាន ឧទ្យានជាតិភ្នំគូលែន ឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃពាមក្រសោប, តាតៃ, ឱរ៉ាល់ និងដែនជម្រកសត្វព្រៃភ្នំសំកុស។ តំបន់ទេសភាព CMTS គ្របដណ្ដប់លើផ្ទៃដីជាង ៣,៨ លានហិកតា រួមទាំងជលផលទឹកសាប ដែលមានផលិតភាពខ្ពស់បំផុតរបស់ពិភពលោក និងព្រៃការពារដ៏ធំបំផុតនៅឥណ្ឌូចិនផង។

លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោង បានបញ្ជាក់ថា គម្រោងCSLEP ដែលទទួលបានការគាំទ្រពីធនាគារពិភពលោកនេះ គឺដើម្បីអនុវត្តការពារតំបន់ការពារធម្មជាតិ និងលើកកម្ពស់ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារទេសភាពចំនួន២។ ក្នុងនោះ រួមមានតំបន់ជួរភ្នំក្រវាញ និងតំបន់ទេសភាពតំបន់ទន្លេសាប នៅ​ក្នុងខេត្តចំនួន៦ ដែលមានដូចជា ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។

លោកបានឱ្យដឹងថា កាលពីដំបូងឡើយ គ្រោងនេះគ្រោងអនុវត្តតែក្នុងរយៈពេល៦ឆ្នាំប៉ុណ្ណោះគឺ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។ ប៉ុន្តែ ដោយសារតែមានបញ្ហាវិបត្តិកូវីដ១៩ អស់រយៈពេល២ឆ្នាំ ទើបគម្រោងនេះ ត្រូវបានបង្កើន២ឆ្នាំទៀត គឺរហូតទៅដល់ ខែធ្នូ ឆ្នាំ២០២៧ ដែលមានរយៈពេលសរុប រហូតដល់ទៅ៨ឆ្នាំ។

លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចគម្រោងនេះកាលពីថ្ងៃទី៣ ខែមេសា ដូច្នេះថា៖«អ៊ីចឹង ការគាំទ្ររបស់គម្រោងយើង គឺទី១ពង្រឹងការពារព្រៃឈើ កំណត់តំបន់ បោះបង្គោលព្រំ យើងចុះញ្ជីដីធ្លី យើងពង្រឹងការងារអនុវត្តច្បាប់»។

លោកបន្តថា មួយវិញទៀត គឺតំបន់ទេសភាពទាំងអស់នេះ គឺសុទ្ធតែជាតំបន់មានសក្តានុពល។ ហេតុនេះ គម្រោងក៏ជំរុញការអភិវឌ្ឍគោលដៅលំហែបៃតង ដោយមានការចូលរួមទាំងវិស័យឯកជន និងមូលដ្ឋាន ព្រោះថា ពួកគេមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះទេ។ វាត្រូវតែមានការផ្សារភ្ជាប់ជាមួយនឹងការងារអភិវឌ្ឍ និងតុល្យាភាពជាមួយនឹងការងារអភិរក្ស។

លោកមានប្រសាសន៍ថា៖«តំបន់ទេសភាពរបស់យើង គឺជាគោលដៅលំហែបៃតងមួយដ៏សំខាន់។ អ៊ីចឹងហើយបានគម្រោងយើង គាំទ្រទី១ គឺការរៀបចំតំបន់ការពារហ្នឹងឱ្យល្អ កុំឱ្យបាត់បង់។ ទី២ គឺទាញយកឱកាសហ្នឹង ដើ​ម្បីអភិវឌ្ឍគោលដៅលំហែបៃតង អេកូទេសចរណ៍ និង៣គឺការគាំទ្រផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងរឿងការពារ អនុវត្តច្បាប់ និងការតភ្ជាប់ផ្លូវ»។

គម្រោងនេះក៏នឹងពង្រឹងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ដើម្បីបន្ថែមប្រាក់ចំណូលនៅតាមជនបទផងដែរ។  ដើម្បីបង្កើនប្រសិទ្ធភាព ទេសចរណ៍ធម្មជាតិ និងសក្តានុពលអនុផលព្រឈើ ឱ្យកាន់តែមានប្រសិទ្ធភាព គម្រោងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នានា នៅក្នុងតំបន់នោះ។

ការវិនិយោគជាក់លាក់លើការតភ្ជាប់ និងការកសាងជំនាញសហគ្រិនភាព សម្រាប់ទេសចរណ៍ធម្មជាតិ និងអនុផលព្រៃឈើ នឹងត្រូវរៀបចំឡើង។ ក្នុងនោះ មានដូចជា ការកែច្នៃឫស្សី និងក្រវាញជាដើម។

ទន្ទឹមនេះដែរ គម្រោងនឹងផ្ដោតការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ-ទន្លេសាប ព្រោះផ្នែកមួយយ៉ាងសំខាន់ចាំបាច់នៃមូលធនធម្មជាតិ គឺស្ថិតក្នុងតំបន់ការពារធម្មជាតិ។

លោកបញ្ជាក់ថា៖«ក្នុងការអនុវត្តដំណាក់កាលទី១នេះ គឺមានការតភ្ជាប់ផ្លូវ ចម្ងាយ៩០គីឡូម៉ែត្រ នៅតាមតំបន់ក្នុងខេត្តទាំងហ្នឹង ដើម្បីភ្ជាប់ពីតំបន់គោលដៅ១ ទៅតំបន់គោលដៅ១ទៀត។ ការងារផ្សេងទៀត ជួយសាងសង់ទីស្នាក់ការមន្រ្តីឧទ្យានុរក្ស ផ្តល់ម៉ូតូជាមធ្យោបាយ ឧបករណ៍អនុវត្តច្បាប់ និងផ្តល់ការបណ្តុះបណ្តាលជាដើម»។

លោកម៉េងឃាង ក៏បានឱ្យដឹងផងដែរថា សម្រាប់សហគមន៍ទេសចរណ៍ គម្រោងគាំទ្រ១៥សហគមន៍ ប៉ុន្តែបានសម្រេច ជ្រើសរើសយកតែ១១សហគមន៍តែប៉ុណ្ណោះ ដើម្បីបង្កើតជាគោលដៅអេកូទេសចរណ៍។ ក្នុងនោះមានដូចជាសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែងដ៏ល្បីល្បាយជាដើម។

កន្លងមក ក្រសួងបរិស្ថានបានផ្តល់ឱ្យមាននូវគម្រោងអេកូទេសចរណ៍ខ្នាតតូចប្រហែលជា៤០០ នៅទូទាំងប្រទេស។ ក្នុងនោះតំបប់ជួរភ្នំក្រវាញមានប្រមាណជា៣០ ទៅ៤០គម្រោងផងដែរ។ គម្រោងខ្លះដំណើរការលើការផ្តល់សេវាកម្មទេសចរណ៍ ដូចជា ក្រវាញ ឡាវ៉ាលលីនេះជាដើម។

ក្រៅពីនោះ គម្រោង​​ខ្លះស្ថិតក្នុងដំណាក់កាលត្រឹមតែរៀបចំប្លង់មេ ហើយខ្លះទៀត បានរៀបចំបោះបង្គោលកំណត់ព្រំដី ដើម្បីស្នើសុំចុះកិច្ចសន្យាជាដើម។

លោកបានលើកឡើងថា៖«ទៅមុខទៀត គម្រោងតំបន់គោលដៅរបស់យើងអាចមានច្រើន។ យើងទន្ទឹមនេះដែរ ក្រសួងបរិស្ថាន កំពុងតែពិនិត្យឡើងវិញទៅលើគម្រោងទាំងអស់នេះ ដើម្បីជួយធ្វើម៉េច ដើម្បីឱ្យគាត់អាចមានលទ្ធភាព រៀបចំគោលដៅលំហែបៃតង របស់គាត់ឱ្យបានល្អ»។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកប៉ាក សុខារ៉ាវុតមានប្រសាសន៍ថា ការនុវត្តនៅ ក្រវាញ ឡាវ៉ាលលីមានដំណើរការរៀបចំបានយ៉ាងល្អ ដែលអាចទាក់ទាញ នាំឱ្យភ្ញៀវទៅលេងលំហែបៃតងនៅកន្លែងផ្សេងទៀត។ ការចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋ និងពិភពលោក ពីសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា ក៏អាចជួយការ​ពារ​ព្រៃឈើ និងសត្វព្រៃ និងជីវៈចម្រុះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ។

លើសពីនោះ វាក៏អាចជួយលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ ឱ្យគាត់កាន់តែមានភាពល្អប្រសើរ ដើម្បីទប់ស្កាត់ការបំផ្លាញព្រៃឈើ។ ជាពិសេស ពួកគាត់ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ឈានឆ្ពោះ ទៅសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោកអនុរដ្ឋលេខាធិការមានប្រសាសន៍ថា៖«ដំណាក់កាលទី១នេះ យើងលើកកម្ពស់ជីវភាពសហគមន៍ ការពារព្រៃឈើឱ្យបានល្អ និងធ្វើយ៉ាងណា តភ្ជាប់តំបន់ពីសហគមន៍១ ទៅកាន់សហគមន៍១ ដើម្បីលំហែបៃតង មិនតែ១កន្លែង ភ្ញៀវមើល១ថ្ងៃបានច្រើនកន្លែង។​

ដូច្នេះគាត់ក៏បានចំណូល មិនត្រឹមតែសហគមន៍ទីនេះទេ តែសហគមន៍ផ្សេងក៏បានផងដែរ។ វាជាការងារមួយល្អសម្រាប់សហគមន៍។ សង្ឃឹមថា ធនាគារពិលោកនឹងបន្តជំហានទី២ពេលចប់ជំហានទី១ ក្នុងឆ្នាំ២០២៧»។

លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ (ឆ្វេង) និងអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកប៉ាក សុខារ៉ាវុត(ស្តាំ) ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនកិច្ច។

ប្រធានសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង លោកឡុង កយ បានឱ្យដឹងថា ក្រៅពីការកសាង និងតភ្ជាប់ផ្លូវក្នុងសហគមន៍ គម្រោងបានជួយសាងសង់បន្ទប់ទឹក រៀបចំកន្លែងចំអិនម្ហូបអាហារឱ្យបានសមរម្យ និងជួយ សម្រួលទៅលើកិច្ចការជាច្រើនទៀតក្នុងសហគមន៍ជនជាតិដើមភាគតិចជងរបស់លោក។

លោកនិយាយថា៖«យើងឃើញថា មានផ្លូវល្អជាងមុន ហើយរយៈពេលចុងក្រោយនេះ មានភ្ញៀវកក់ជាបន្តបន្ទាប់។ នៅដើម២០២៥នេះ មានទាំងភ្ញៀវខ្មែរ និងបរទេស តែភាគច្រើន គឺភ្ញៀវបរទេស ដែលចុះមកធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នេះ»។

លោកបានឱ្យដឹងថា ក្នុង១ខែ សហគមន៍អារ៉ែងទទួលបានចំណូលចន្លោះពី៥០០ ទៅជាង១ពាន់ដុល្លារ។ នេះកំពុងតែជួយលើកកម្ពស់ជីវភាពពួកគាត់ ព្រោះថាប្រាក់ចំណូល៨០ភាគរយ ​ត្រូវបានបែងចែកដល់សមាជិក សហគមន៍ ដែលមាន១៧០គ្រួសារ។

សហគមន៍អារ៉ែងមានមគ្គទេសក៍ នាំភ្ញៀវចំនួន៣៥នាក់ ប៉ុន្តែមានអ្នកចេះភាសាអង់គ្លេសសម្រាប់បកប្រែភាសាឱ្យភ្ញៀវបរទេស តែ៩នាក់ប៉ុណ្ណោះ ដែលនេះគឺជាបញ្ហាប្រឈមមួយរបស់សហគមន៍អារ៉ែង។

ក្រុមអ្នកទស្សនកិច្ចគម្រោង(CSLEP) ឡើងទៅកម្សាន្តនៅលើ«ភ្នំម្រេចកង្កែប ដែលគេស្គាល់ថាជា «ឋានសួគ៌អារ៉ែង» ស្ថិតក្នុងសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង។ រូបថត ក្រសួងបរិស្ថាន

ខេត្តកោះកុងពីមុនគឺគ្រាន់តែជាកន្លែងឆ្លងកាត់តែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ កោះកុងគឺជាគោលដៅទេសចរណ៍មួយ ដ៏មានសក្តានុពល ដែលរួមមានទាំងទេសចរណ៍ធម្មជាតិ និងវប្បធម៌។

អភិបាលរងខេត្តកោះកុង លោកអន សុធារិទ្ធ បានជំរុញឱ្យសហគមន៍អេកូទេសចរណ៍ និងវិស័យឯកជនមានដំណើរការទៅទន្ទឹមគ្នា ដែលចៀសវាងការបាត់បង់ភាគីណាមួយ។

លោកមានប្រសាសន៍ថា៖«បើយើងបានសហការណ៍ការ ធ្វើការជាមួយគ្នាហើយ ធ្វើម៉េច ឱ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើន ជាពិសេសបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យគាត់មានមុខរបរ ក្នុងការបំរើភ្ញៀវ ជាមគ្គុទេសក៏បាន ឱ្យគាត់ចេញឆ្ងាយពីការកាប់ទន្រ្ទានដីព្រៃ ការបរបាញ់ ដាក់អន្ទាក់សត្វ។ នេះជាកត្តាសំខាន់បំផុត បើកាលណាយើងជួយគាត់មានមុខរបរហើយ គាត់នឹងមិនទៅធ្វើអ្វី ដែលជាអំពើខុសច្បាប់នោះទេ»។

សម្រាប់ ម្ចាស់រមណីយដ្ឋាន ក្រវាញ ឡាវ៉ាលលី លោកសែនសេរី លោកនឹងបន្តធ្វើការអភិវឌ្ឍរមណីដ្ឋាននេះបន្ថែមទៀតជាជំហានៗ ទៅតាមផែនការមេ ដែលគ្រោងទុក៕