
លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធស្ពានមរតកតេជោ នៅថ្ងៃទី៧ ខែមេសា។ AKP
មន្ត្រីជាន់ខ្ពស់ពីររូបរបស់កម្ពុជាត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាទៅលើការបញ្ចុះពន្ធដែលលោក ដូណាល់ ត្រាំ ដាក់លើកម្ពុជា ៤៩ភាគរយ ខណៈដែលកម្ពុជាបានស្នើបញ្ចុះពន្ធទំនិញអាមេរិក ១៩បន្ទាត់ពន្ធ ស្មើនឹង៨៥មុខទំនិញ។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី៧ ខែមេសាក្នុងពិធីសម្ពោធស្ពានអាកាសមរតកតេជោ ថា កម្ពុជាបានត្រៀមឆ្លើយតបទៅនឹងការដាក់ពន្ធរបស់អាមេរិក ២ខែមុនពេលលោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធកម្ពុជា ៤៩ភាគរយនៅថ្ងៃទី២ ខែមេសា ដោយរដ្ឋាភិបាលមានភាពបុរេសកម្ម និងបានវាយតម្លៃលើមុខទំនិញ កម្រិតនៃការដាក់ពន្ធ និងផលិតផលដែលនឹងជាប់ពន្ធ។
យោងតាមលោកនាយករដ្ឋមន្ត្រី មានបន្ទាត់ពន្ធសរុប ១៨៦៨ ហើយបន្ទាត់ពន្ធខ្លះមានផលិតផលិតច្រើនមុខ។ នៅក្នុងចំណោមនេះ មានបន្ទាត់ពន្ធចំនួន ២១១ ដែលទំនិញអាមេរិកនាំចូលកម្ពុជារួចពន្ធ ដូចជាទូរស័ព្ទដៃជាដើម ចំណែកពន្ធដែលខ្ពស់បំផុតទៅលើទំនិញអាមេរិកគឺ ស្រា និងផលិតមួយចំនួនទៀត ដែលរដ្ឋាភិបាលបានស្នើសុំបញ្ចុះមកនៅ ៥ភាគរយ។
បើតាមលោក ហ៊ុន ម៉ាណែត បន្ទាត់ពន្ធចំនួន ១៩ ដែលកម្ពុជាស្នើសុំបញ្ចុះពន្ធដល់ទំនិញអាមេរិក មានផលិតផលសរុបប្រមាណ ៨៥មុខ។
លោកថ្លែងថា៖ «សូមជម្រាបបងប្អូនជនរួមជាតិទាំងអស់ថា ទោះបីខ្ញុំមិនបានចេញអ្វីនៅលើហ្វេសប៊ុក មិនបានន័យថា ខ្ញុំមិនបានធ្វើការនេះទេ។ ហើយ ៤១ម៉ោងនេះ យើងគិតល្អិតល្អន់ណាស់ គិតពីជំហាន១ និងជំហាន២។ ពេលដែលយើងដាក់ចរចា ហើយពេលបានការចរចាមកវិញ យើងត្រូវធ្វើអ្វី យើងរៀបចំក្រុមការងារសម្រាប់ជំហាន២រួចទៅហើយ»។ លោកថ្លែងអំពីរយៈពេល ៤១ម៉ោង សំដៅទៅលើពេលវេលាឆ្លើយតបរបស់កម្ពុជា ក្រោយពេលលោក ត្រាំ បានប្រកាសកម្រិតពន្ធថ្មី។
លោកថ្លែងថា លោកត្រូវចេញបទបញ្ជាដោយឆន្ទានុសិទ្ធិ ប៉ុន្តែលោកមិនចេះតែវះកាត់សម្រេចចិត្តដោយគ្មានការគិតគូរច្បាស់លាស់នោះទេពីព្រោះវាពាក់ព័ន្ធទៅនឹងអនាគតប្រទេសជាតិ។
លោកក៏បានរិះគន់ទៅលើអតីតមេដឹកនាំបក្សប្រឆាំង គឺ លោក សម រង្ស៊ី និងលោកស្រីមូរ សុខហួរ ដែលបានលើឡើងថា កម្ពុជាយកពន្ធទំនិញអាមេរិក ៩៧ភាគរយ និងស្នើឲ្យលោក ហ៊ុនម៉ាណែត ទៅចរចាជាមួយអាមេរិកដោយផ្ទាល់។ លោកបន្តថា លោក សម រង្ស៊ី មិនបានបង្ហាញពីការចូលរួមជួយដល់កម្ពុជាទេ នៅពេលដែលកម្ពុជាកំពុងជួបបញ្ហា។
លោក ហ៊ុន ម៉ាណែត៖ «បើចង់វាយប្រហារខ្ញុំរឿងអី សូមឲ្យច្បាស់ខ្លួនឯងផង បើចង់បញ្ជាឲ្យខ្ញុំ រដ្ឋាភិបាលត្រូវតែទម្លាក់ពន្ធ ៩៧ភាគរយ ខ្លួនឯងអត់ទាំងដឹងផង។ មានអា ៩៧ភាគរយពីណា? បើខ្ញុំសួរថា ឲ្យទម្លាក់លើមុខទំនិញអី? ឆ្លើយអត់ចេញឥឡូវហ្នឹង ព្រោះយើងគ្មានអ្វីដែល ៩៧ភាគរយនោះទេ»។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីរបៀបនៃការប្រឆាំង ដោយលោកលើកឡើងថា ទោះជាប្រឆាំងយ៉ាងណាក៏ដោយ គួរមានពេលរួមគ្នានៅពេលដែលប្រទេសមានហានិភ័យប្រជាជនរងការលំបាក។
លោកថ្លែងដូច្នេះថា៖ «នៅពេលប្រទេសយើងមានហានិភ័យ ប្រជាពលរដ្ឋរងការលំបាក យើងគួរទុកចោលភាពប្រឆាំងនេះដើម្បីធ្វើការរួមគ្នាក្នុងទិសដៅតែមួយទៅ ហ្អី?។ នៅប្រទេសកាណាដា នៅពេលប្រទេសគេជាប់ពន្ធ ទាំងបក្សប្រឆាំង ទាំងបក្សកាន់អំណាច គឺធ្វើការស្រុះគ្នា អត់មានអ្នកណាវាយប្រហារគ្នាទេ»។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ថ្លែងថា សហរដ្ឋប្រកាសដំឡើងពន្ធជាមួយប្រទេសផ្សេងៗដើម្បីមានឱកាសចរចាជាថ្មីជាមួយដៃគូពាណិជ្ជកម្មនាំទំនិញទៅអាមេរិកដើម្បីឲ្យលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរជាងមុនសម្រាប់អាមេរិក។
ករណីកម្ពុជា លោកថា កិច្ចចរចានេះមានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយសារទំនិញអាមេរិកជាក់លាក់ណាមួយអាចមានតម្លៃទាបជាងមុននៅទីផ្សារកម្ពុជា អាស្រ័យលើការចរចា។
លោកថ្លែងថា៖ «សហរដ្ឋអាមេរិកគឺជាទីផ្សារធំរបស់យើង។ ដូច្នេះហើយ យើងមានតែការចរចាដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្មកាន់តែធំ ពោលគឺមានទៅមានមក»។
ជាដំណោះស្រាយសម្រាប់បញ្ហានេះ លោកថា កម្ពុជានិងអាមេរិកគួរតែមានការចរចាទៅលើមុខទំនិញដែលជាតម្រូវការខ្ពស់ក្នុងប្រទេសទាំងពីរ។ លោកក៏ជំរុញឲ្យមានការជជែកទៅលើទិសដៅដែលអាចឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ៕