ពោធិ៍សាត់ៈ មុខ​តំណក្បាល​ស្ពាន​ខ្ពស់ជាងគេនៅ​កម្ពុជា នៅលើផ្លូវជាតិលេខ១០ ត្រូវបានចាក់បេតុងតភ្ជាប់ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសានេះ នៅមុនពេលបើកឱ្យរថយន្តធុនតូច លក្ខណៈទេសចរណ៍ ឬគ្រួសារ ប្រើប្រាស់ជាបណ្តោះអាសន្នក្នុងពេលថ្ងៃ រយៈមួយសប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីខ្មែរ។

ពិធីចាក់បេតុងតភ្ជាប់មុខ​តំណក្បាលស្ពាននេះធ្វើឡើង ក្រោមអធិបតីភាព ​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា។

ពិធីនេះ ក៏មានការចូលរួមពីគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច និងបងប្អូនកម្មករសាងសង់ជាច្រើនរូបផងដែរ។

នៅលើដងផ្លូវជាតិលេខ១០ មានស្ពានសរុប៣២​ ហើយស្ពាន ដែលខ្ពស់ជាងគេបំផុតនេះ គឺជាស្ពានទី២៨ មាន​ប្រវែង៥៣៨ម៉ែត្រ និងកំពស់៩០ម៉ែត្រ។ ស្ពាននេះមានទទឹងប្រវែង១០ម៉ែត្រ និងចំណុចកណ្តាល​សងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍។ ក្រៅពីនោះ គឺមានលូមូល និងលូជ្រុង សរុបចំនួន៤៧៨កន្លែងផងដែរ។ នេះបើយោងតាមក្រសួងសធារណការ។

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលសណ្តូកខ្លួនកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់សម្រេចបាន៩៨ភាគរយហើយ មកដល់ពេលនេះ។

រដ្ឋលេខាធិការក្រសួងសាធារណការ លោកខាន់ ម៉ាណេរបានថ្លែងក្នុងពេលចុះពិនិត្យការងារសាងសង់ស្ពាននេះកាលពីពេលថ្មីៗនេះថា ដោយមានការណែនាំពីលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា ការងារសាងសង់ ទាំង​កម្រិតបច្ចេកទេស ក៏ដូចជា ទាក់ទងទៅនឹងការងារបរិស្ថាន ត្រូវការគិតគូរខ្ពស់បំផុត ចំពោះគម្រោងនេះ។

មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានចាក់បេតុងតភ្ជាប់ និងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនតួចក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីខ្មែរ។ រូបថត ក្រសួងសាធារណការ

លោកមានប្រសាសន៍ថា៖«ការងារសាងសង់នេះ គឺមានការគិតគូរខ្ពស់បំផុតទាក់ទងទៅនឹងគុណភាព សុវត្ថិភាព ទាំងការងារថែទាំបរិស្ថាន ព្រោះផ្លូវនេះគឺឆ្លងកាត់ ជ្រោះ ភ្នំ ជ្រលងដងអូរជាច្រើន»។

លោករដ្ឋលេខាធិការបានលើកឡើងថា សមិទ្ធផលនេះ បើគិតពីផលប្រយោជន៍ចំពោះសេដ្ឋកិច្ច និងសង្គមគឺធំធេងខ្លាំងណាស់។ ប្រជាពលរដ្ឋអាចដឹកកសិកផល ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលជាកំពង់ផែទឹកជ្រៅបានហើយចាប់ពីពេលនេះ។

លើសពីនោះ ចំពោះ ផលប្រយោជន៍សង្គមវិញ គឺខេត្ត៣មាន កោះកុង ពោធិ៍​សាត់ និងបាត់ដំបង គឺ ឥលូវនេះអាចធ្វើដំណើរតាមផ្លូវនេះត្រង់ ទៅកោះកុង ឬព្រះសីហនុបាន។ កាលពីមុន ពលរដ្ឋក្នុងខេត្តទាំង៣ ត្រូវធ្វើដំណើរទៅភ្នំពេញសិន បើចង់ធ្វើដំណើរទៅខេត្តកោះកុង ឬព្រះសីហនុ។

លោកក៏បានឱ្យដឹងផងដែរថា ទៅថ្ងៃអនាគត ក្រោមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រសួងនឹងបន្តសាងសង់ផ្លូវផ្សេងៗទៀត ដើម្បីតភ្ជាប់ពីខេត្តមួយ ទៅ​ខេត្តមួយទៀត។

ក្រុមកម្មករសំណង់ ដែលកំពុងតែសម្រុកសាងសង់ស្ពាននេះឱ្យទាន់តាមផែនការ មានមោទកភាព ដែលបានចូលរួមចំណែកក្នុងការស្ថាបនាស្ពាន ដែលខ្ពស់ជាងគេនៅកម្ពុជានេះ។

លោកស្រីវ៉ាន់ សាន្ត អាយុ៥០ឆ្នាំ មកខេត្តស្វាយរៀង និងកម្មករផ្សេងទៀត កំពុងតែនាំគ្នាសម្រុកចាក់បង្កាន់​ដៃស្ពានទាំងភ្លៀងរលឹមកាលពីរសៀលថ្ងៃសុក្រ ទី៤ ខែមេសានេះ។

លោកស្រីបាននិយាយថា៖«ទោះខ្ញុំ ទើបតែខ្ញុំធ្វើបានប្រមាណជា៣ខែប៉ុណ្ណោះ តែខ្ញុំសប្បាយចិត្ត ដែលបានជួយធ្វើស្ពានដែលខ្ពស់ជាងគេនេះ»។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា ចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាន នាព្រឹកថ្ងៃអង្គារ ទី៨ ខែមសា។ រូបថត ក្រសួងសាធារណការ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-កោះកុង និងជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ នេះ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា៕