អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ចាត់​ទុក​ ទន្លេ​មេគង្គ និង ទន្លេ​សាប ថា​ជា​គ្រាប់​ពេជ្រ​មិន​ទាន់​ច្នៃ​របស់​កម្ពុជា និង​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​កសាង​កំពង់​ផែ​នៅ​តាម​ដង​ទន្លេ​ទាំង​នេះ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន។

អន្តរក្រសួងនៅ​ថ្ងៃ​ទី៨ ខែ​មេសា​នេះ បាន​បើក​កិច្ច​​ប្រជុំ​ពិភាក្សាលើ​ការសាងសង់កំពង់​ផែមួយចំនួននៅ​តាមដងទន្លេមេគង្គ និង​ទន្លេសាប ដើម្បី​ជំរុញសកម្មភាពសេដ្ឋកិច្ច និង​ជំរុញ​វិស័យ​ទេសចរណ៍ ដែល​រួម​ចំណែក​បង្កើន​កម្រិតជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋនៅតាមដងទន្លេទាំង​ពីរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ​លោក សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម ក្រសួង​ទេសចរណ៍ ក៏ដូចជា​​ស្ថាប័ន្ធ​ពាក់​ព័ន្ធ​និង​វិស័យ​ឯកជន។

យោង​តាម​ក្រសួង​ធន​ធាន​ទឹក អន្តរក្រសួង​នឹង​រៀបចំយុទ្ធសាស្ត្រយូរ​អង្វែង ដើម្បីកៀ​រគរវិនិយោគ និង​បង្កើន​ចំណូល​ពី​តំបន់​ដងទន្លេមេគង្គ និង​បឹងទន្លេសាប តាម​រយៈ​សាងសង់ផែមួយចំនួនតាមដងទន្លេ​ទាំង​ពីរ​នេះ។​

យ៉ាង​ណា​ក៏​ដោយ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ការ​សម្រេច​ទៅ​លើចំនួន និង​ទីតាំង​ដែល​នឹង​ត្រូវ​សាង​សង់​នៅ​ឡើយ​ទេ។ ប៉ុន្តែ អ្នក​ជំនាញ​​ក្នុង​វិស័យ​ទេសចរណ៍​បាន​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​នេះ និង​ចាត់​ទុក​​ទន្លេ​ទាំង​ពីរ​ថា​ជា​គ្រាប់​ពេជ្រ​មិន​ទាន់​ច្នៃ​របស់​កម្ពុជា។​

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំប្រទេសកម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «គម្រោង​នេះ​ល្អ​ខ្លាំង​ណាស់ ​​ខ្ញុំ​ពេញ​ចិត្ត​មែនទែន។ វា​ជា​ផែន​ការ​មួយ​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អ្នក​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​ទន្លេ​សាប។ គម្រោង​នេះ​មាន​សក្ដានុពល និង​មាន​អត្ថន័យ​ធំធេង​មែនទែន។ លោក​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ លើក​ឡើង​ថា នឹង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ដែនដី​សុវណ្ណភូមិ​ពិត​ប្រាកដ។​ យើង​ដឹង​ហើយ​ថា ទន្លេសាប និង​ទន្លេមេគង្គ​នេះ​គឺ​ជា​សម្បត្តិ​ដ៏​មហាសាល ដែល​យើ​ងចាត់​ទុក​ថា ជា​គ្រាប់​ពេជ្រ​មិន​ទាន់​កែច្នៃ ដែល​មាន​អ្វីៗ​ទាំង​អស់»។

លោក​យល់​ថា គម្រោង​នេះ​​នឹង​បង្កើត​ឲ្យ​មាន​កសិ​ទេសចរណ៍ និង​ទេសចរណ៍​ធម្មជាតិ, ទេសចរណ៍​ក្នុង​ភាព​ជា​ខ្មែរដែល​មាន​ប្រពៃណី វប្បធម៌ សាសនា សិល្បៈ សិប្បកម្ម របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន, និង​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្ត្រ។

លោក​ ស៊ីណាន បន្ត​ថា ផែនការ​នេះ​លើស​ពី​ទេសចរណ៍​ទៅទៀត ដោយសារ​តែ​សព្វថ្ងៃ​នេះ កម្ពុជា​បាន​បោះ​បង់​ទន្លេ​ចោល ហើយ​​ប្រើ​តែ​មធ្យោបាយ​ផ្លូវគោក។ ដូច្នេះ ការ​អភិវឌ្ឍ​គម្រោ​ងនេះ​នឹង​ជំរុញ​វិស័យ​ទេសចរណ៍ និង​បង្កើន​ការ​​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​សម្រាប់​វិស័យ​ផ្សេងៗ​ ជា​ពិសេស​ផលិតផល​កសិកម្ម និង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​​នៅ​លើ​ផ្លូវគោក។

លោកថ្លែង​ថា៖ «ដូច្នេះ វា​លើស​ពី​ទេសចរណ៍ ព្រោះវា​បង្កើន​ទិន្នផល​ក្នុង​ស្រុក បង្កើន​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ឲ្យ​តម្លៃ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​លើ​ផលិតផល​កសិកម្ម»៕