មណ្ឌលគិរីៈ ក្រសួងបរិស្ថានកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកព្រានព្រៃជាច្រើននាក់ ដែលបានបាញ់តដៃជាមួយនឹងមន្រ្តីឧទ្យានុរក្សបរិស្ថានជាច្រើនគ្រាប់ ដោយប្រើប្រាស់អាវុធAKនាពេលថ្មីៗនេះ។

ករណីបាញ់នេះបានកើតមានឡើង នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី នៅពេលដែលមន្រ្តីឧទ្យានុរក្សបរិស្ថានកំពុងតែដើរល្បាតព្រៃ ហើយជួបប្រទះក្រុមជនល្មើស​កំពុងតែជិះម៉ូតូធ្វើសកម្មភាពនៅក្នុងព្រៃ។

ក្នុងវីដេអូឃ្លិបជាង២នាទី ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម យ៉ាងហោចណាស់មានការបាញ់ដាក់គ្នាជិត៤០គ្រាប់ រវាងមន្រ្តីឧទ្យានុរក្ស និងពួកព្រានព្រៃ។ ប៉ុន្តែព័ត៌មានពីករណីរបួសស្នាម ឬការបណ្តាលឱ្យមានការបាត់បង់អាយុជីវិតដែរ ឬយ៉ាងណានោះ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ។

អ្នកនាំពាក្យ ក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែមេសាថា ក្រុមជនល្មើសជាច្រើននាក់ប្រដាប់ដោយអាវុធ និងសម្ភារផ្សេងៗបានចូលទៅក្នុងព្រៃតំបន់ការពារ ហើយបានធ្វើសកម្មភាពបរបាញ់សត្វព្រៃ។ ក្នុងពេលនោះ មន្រ្តីឧទ្យានុរក្សបរិស្ថាន ក៏បានជួបពួកគេ ហើយការបាញ់តដៃគ្នាទៅវិញទៅមកជាច្រើនគ្រាប់។

លោកបញ្ជាក់ថា៖«ជនល្មើសមានគ្នាច្រើននាក់បានបាញ់មន្រ្តីអនុវត្តច្បាប់ ក្នុងពេលល្បាតការពារធនធានធម្មជាតិ។ កម្លាំងសមត្ថកិច្ចយើងបាន[បាញ់]ការពារខ្លួន។ នេះជាការគំរាមកំហែង ដោយសារតែជនល្មើសបានបាញ់តប ត»។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃអង្គារ ទី៨ ខែមេសាថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី ក៏មានករណីក្រុមព្រានព្រៃ ដែលមានអាវុធ បានបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន ៣រូបផងដែរ ក្នុងឆ្នាំ២០១៨។

លោកអាទិត្យា បានចាត់ទុកសកម្មភាពរបស់ជនល្មើសទំាងនេះថា ជាការរារាំងដល់ការងារអនុវត្តច្បាប់ការ​ពារធនធានធម្មជាតិ និងជាការគំរាមកំហែងដល់អាយុជីវិតក្រុមល្បាត ដែលខិតខំដើរល្បាតព្រៃ ដើម្បីការពារសម្បត្តិធម្មជាតិ ឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយ។

កូនដំរី១ក្បាល អាយុប្រហែល៧ ខែ ទម្ងន់ ២០០ គីឡូក្រាម ត្រូវបានប្រទះឃើញស្លាប់ ដោយសារតែត្រូវគ្រាប់កាំភ្លើង ក្នុងស្រុកកោះញែក នៃដែនជម្រកសត្វព្រៃស្រែពក កាលពីដើមឆ្នាំ២០២៤។

ក្រសួងបរិស្ថាន បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់ ដែលបាននិងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ។

ក្រសួងបានលើកឡើងថា៖«ករណីបាញ់នេះជាអំពើដ៏ឃោរឃៅរបស់ជនល្មើស ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការ​ពារនិងអភិរក្ស ធនធានធម្មជាតិ»។

នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន កំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះ។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។

ដែនជម្រកសត្វព្រៃស្រែពក ទំហំ ៣ ៧២ ៧០៧ ហិកតា ត្រូវបានក្រសួងបរិស្ថានប្រកាសបើកគម្រោងរេដបូកមួយផងដែរ កាលពីខែមេសា ឆ្នាំ២០២៣កន្លងមក ដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ អង្គការWWFកម្ពុជា ក្រុមហ៊ុន E-Telenity និងតំណាងសហគមន៍មូលដ្ឋានជាដើម។

ក្រៅពីវត្តមានសត្វព្រៃផ្សេងៗទៀតជាច្រើនប្រភេទ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការWWFក៏បានប្រកាសពីការរកឃើញហ្វូងសត្វដំរីអាស៊ី (Asian elephant ) ចំនួន ៨ ក្បាលផងដែរ នៅក្នុងការសិក្សារបស់ពួកគេ ក្នុងដែនជម្រកសត្វព្រៃស្រែពកនេះ កាលពីឆ្នាំ២០២២។

កាលពីឆ្នាំ២០២៤ យ៉ាងហោចណាស់ សត្វដំរី២ក្បាលបានងាប់ ក្នុង​ខេត្ត​មណ្ឌលគិរី។ ក្នុងនោះ កូនដំរីមួយក្បាលបានងាប់ ដោយសារ​តែ​ត្រូវ​គ្រាប់​កាំភ្លើង។

បន្ទាប់ពីមានករណីផ្ទុះអាវុធដាក់គ្នានេះមក មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អាជ្ញាធរស្រុកកោះញែក និង អង្គការWWF ប្រចាំខេត្តមណ្ឌលគិរី ក៏បានរៀបចំកិច្ចប្រជុំពិភាក្សាការងារបន្ទាន់មួយ ទៅលើការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃស្រែពកនេះផងដែរ។

ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាន នៃអង្គការ WWF-កម្ពុជា លោកឆេង សំបូរ បានលើកឡើងថា ក្រុមការងារកំពុងធ្វើការជជែកគ្នា ពីបញ្ហានេះ។ ហេតុនេះ មិនទាន់មានការឆ្លើយតបណាមួយនៅឡើយនោះទេ៕