
រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការទាមទារអធិបតេយ្យភាពដែលកើតឡើងដដែលៗរបស់ជប៉ុនជុំវិញប្រជុំកោះ Dokdo ដោយប្រទេសជប៉ុននៅតែបោះពុម្ពផ្សាយគោលនយោបាយការទូតប្រចាំឆ្នាំរបស់ខ្លួន ដែលអះអាងថាប្រជុំកោះនេះគឺជាផ្នែកមួយនៃប្រទេសជប៉ុន។
ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានកោះហៅលោក Taisuke Mibae អនុប្រធានបេសកកម្មនៅស្ថានទូតជប៉ុននៅទីក្រុងសេអ៊ូលមកប្រជុំកាលពីព្រឹកថ្ងៃអង្គារផងដែរ។
ការអត្ថាធិប្បាយរបស់ក្រសួងការបរទេសនៅទីក្រុងសេអ៊ូលត្រូវបានចេញផ្សាយភ្លាមៗបន្ទាប់ពីសៀវភៅ Diplomatic Bluebook ២០២៥ ដែលជារបាយការណ៍ប្រចាំឆ្នាំស្តីពីគោលនយោបាយការបរទេស និងសកម្មភាពរបស់ប្រទេសជប៉ុនបានបោះពុម្ពផ្សាយជាសាធារណៈបន្ទាប់ពីរាយការណ៍ទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងតូក្យូ។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង Lee Jae-woong ថ្លែងថា «រដ្ឋាភិបាលកូរ៉េតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការដាក់បញ្ចូលម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលជប៉ុនលើការទាមទារអធិបតេយ្យភាពដោយអយុត្តិធម៌លើប្រជុំកោះ Dokdo ទៅក្នុងសៀវភៅការទូតរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែមេសានេះ ដោយរដ្ឋាភិបាលកូរ៉េជំរុញឱ្យរដ្ឋាភិបាលជប៉ុនដកការទាមទារបែបនេះជាបន្ទាន់។
នៅក្នុងកំណែជាភាសាជប៉ុននៃសៀវភៅការទូតដែលបោះពុម្ពផ្សាយនៅឆ្នាំនេះ ប្រទេសជប៉ុនបានអះអាងថា «Takeshima គឺជាផ្នែកមួយយ៉ាងច្បាស់លាស់នៃទឹកដីរបស់ប្រទេសជប៉ុន ទាំងនៅក្នុងអង្គហេតុប្រវត្តិសាស្ត្រ និងក្រោមច្បាប់អន្តរជាតិ ដោយបន្ថែមថា កូរ៉េខាងត្បូងបានបន្តការកាន់កាប់ដោយខុសច្បាប់របស់ខ្លួនលើ Takeshima»។ ប្រជុំកោះ Dokdo ត្រូវបានគេហៅថា Takeshima នៅក្នុងប្រទេសជប៉ុន។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា«រដ្ឋាភិបាលបានបញ្ជាក់ជាថ្មីម្តងទៀតថា យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការការបង្កហេតុរបស់ប្រទេសជប៉ុនទាក់ទងនឹងប្រជុំកោះ Dokdo»។
ពាក្យ «បង្កហេតុ» ត្រូវបានលុបចេញពីការអត្ថាធិប្បាយរបស់កូរ៉េខាងត្បូងដែលបានចេញជាការឆ្លើយតបទៅនឹងការទាមទារអធិបតេយ្យភាពម្តងហើយម្តងទៀតរបស់ប្រទេសជប៉ុនលើកោះ Dokdo ក្នុងឆ្នាំ ២០២៣ និង ២០២៤ នៃសៀវភៅខៀវការទូតក្រោមការគ្រប់គ្រងរបស់ Yoon Suk Yeol ប៉ុន្តែវាលេចឡើងម្តងទៀតនៅក្នុងការអត្ថាធិប្បាយនៅឆ្នាំនេះបន្ទាប់ពីការបណ្តេញលោក Yoon ចេញពីតំណែងកាលពីថ្ងៃសុក្រ។
ការអះអាងរបស់ប្រទេសជប៉ុនអំពីអធិបតេយ្យភាពទៅលើប្រជុំកោះ Dokdo បានបន្តកើតឡើងចាប់តាំងពីការបោះពុម្ពឆ្នាំ ២០០៨ ហើយការអះអាងរបស់ខ្លួនអំពី «ការកាន់កាប់ខុសច្បាប់»របស់កូរ៉េខាងត្បូងទៅលើប្រជុំកោះ Dokdo ត្រូវបានរក្សាទុកយ៉ាងជាប់លាប់អស់រយៈពេល ៧ ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៨។
គួរឲ្យដឹងផងដែរថា ប្រទេសជប៉ុនបានបោះពុម្ពសៀវភៅ Diplomatic Bluebook ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥៧ មក៕