លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​អាជ្ញាធរ​នៅ​ខេត្ត​ទាំង ​៤​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ ដែល​មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង ឲ្យ​ពង្រឹង​សន្តិសុខ​ និង​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​បទ​ល្មើស​នានា​ដែល​បង្ក​អសន្តិសុខ​ ជា​ពិសេស​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា។

លោក​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត ​«កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន» នៅ​ថ្ងៃ​ទី៩ ខែមេសា​នេះ​ថា៖ «កិច្ច​ការ​ងារ​នេះ​ត្រូវ​ប្រយ័ត្ន ខេត្ត​យើង​ទាំង​ ៤ ទោះ​បី​ជា​តាំង​ពី​​១៩៩៩​មក យើង​អភិវឌ្ឍ​ក​វែក​ក​ឆ្នាំ បាន​ប៉ុន​នេះ អត់​មាន​ពឹង​ទៅ​លើ​បទ​ល្មើស​បច្ចេកវិទ្យា​ទេ។ អីចឹង យើង​រស់​តទៅទៀត​ដោយ​មិន​ចាំបាច់​ពឹង​ទៅ​លើ​អាហ្នឹង​ទេ»។

លោក​បន្ត​ថា ការ​វិនិយោគ​នៅ​តំបន់​នេះ​ត្រូវ​តែ​ជា​ការ​វិនិយោគ​ពិត លើ​វិស័យ​ពិត មិន​មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់ និង​មិន​ពាក់​ព័ន្ធ​ទៅ​ដល់​បញ្ហា​សន្តិសុខ។​ លោក​ប្រៀប​ធៀប​បទ​ល្មើស​តាម​បច្ចេកវិទ្យា​ទៅ​នឹង​ការ​ដាំ​ដំឡូង​មី ដែល​ងាយ​រាល​ដាល​ ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ខេត្ត​នៅ​ភូមិភាគ​ឦសាន។

លោក​ថ្លែង​ថា៖ «រឿង​សន្តិសុខ​ដូច​ជា​បទ​ល្មើស​បច្ចេកវិទ្យា​នេះ វា​ដូច​ដំឡូង​មី បាន​ន័យ​ថា​វា​រាល វា​ឆាប់​បាន​ផល​ជាង​ស្វាយ​ចន្ទី ប៉ុន្តែ​ដាំ​ទៅ​វា​ហិល​ដី វា​ខូច​ដី​ហ្នឹង​តែ​ម្ដង។ បើ​សិន​ជា​ពឹង​ផ្អែក​ទៅ​លើ​វត្តមាន​នៃ​ការ​ឆបោក​តាម​បច្ចេកវិទ្យា​ ហើយ​ថា​នេះ​ជា​ការ​ចិញ្ចឹម​ទីផ្សារ កុំ​ឲ្យ​សោះ។ ខេត្ត​នីមួយៗ​ធ្លាប់​រស់​បាន​ហើយ តាម​រយៈ​ទេសចរណ៍​ធម្មជាតិ និង​ស្អី​ផ្សេងៗ យើង​បន្ត​ធ្វើ​បែប​នេះ ដូចជា​កសិកម្ម ស្អីៗ​ផ្សេងៗ។ [ករណី​ឆបោក​តាម​អនឡាញ] អាច​មាន​វត្តមាន។ ដូច្នេះ​សូម​ឲ្យ​ខេត្ត​ទាំង​ ៤​នេះ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការងារ​នេះ»។

កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​បួន នៅ​ភូមិ​ភាគ​ឦសាន​ ត្រូវ​បាន​ប្រកាស​ចេញ​ក្នុង​គោលដៅ​ជំរុញ​ការ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុង​បណ្តា​ខេត្ត​ភាគ​ឦសាន ​តាម​រយៈ​ការ​ជំរុញ វិនិយោគ​ឯកជន ក៏​ដូចជា​ជំរុញ​ការ​តភ្ជាប់​នៃ​ចរន្ត​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹង​មាំ និង​ប្រកប​ដោយ​បរិយាប័ន្ន។

លោក​ថ្លែង​ថា កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ កើត​ចេញ​ពី​មហិច្ឆតា ចង់​ជំរុញ​បង្កើន​នូវ​សកម្មភាព​សេដ្ឋកិច្ច ដល់​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​កំណើន ក៏ដូចជា ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

លោក​នាយក​រដ្ឋមន្ត្រី​ ប្រាប់​ឲ្យ​អាជ្ញាធរ​ឲ្យ​ការពារ​ការ​វិនិយោគ​ស្រប​ច្បាប់ និង​ត្រឹម​ត្រូវ ដោយ​មិន​រើស​អើង​ថា​ជា​អ្នក​វិនិយោគ​មក​ពី​ណា​ទេ ឲ្យ​តែ​ពួក​គេ​គោរព​តាម​ច្បាប់​វិនិយោគ​របស់​កម្ពុជា និង​ផ្ដល់​ផល​ចំណេញ​វិជ្ជមាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា បង្កើន​សក្ដានុពល​ខេត្ត បង្កើត​រូបភាព​វិជ្ជមាន ដើម្បី​បង្កើត​ចំណូល ស្ថិរភាព​និង​សន្តិសុខ​រយៈ​ពេល​វែង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​ ៤​រីក​លូត​លាស់។

កាល​ពី​កន្លង​ទៅ បទ​ល្មើស​តាម​បច្ចេកវិទ្យា ឬ ការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្ត​ព្រះសីហនុ កំពត កណ្ដាល ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ភ្នំពេញ។

ប៉ុន្តែ កាល​ពី​ខែ​មីនា​ ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​អនឡាញ​របស់​ជន​បរទេស​ បាន​ទៅ​ដល់​ខេត្ត​មណ្ឌល​គិរី ដោយ​សមត្ថកិច្ច​បាន​​ឃាត់​ខ្លួន​ជនបរទេស​២៥៨​នាក់ មាន​ជនជាតិ​ចិន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​វៀតណាម។

លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ថ្លែង​ក្នុង​ពិធី​ប្រកាស​កម្មវិធី​ពិសេស។ FN

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ​កម្មវិធី​ពិសេស​សម្រាប់​ខេត្ត​ភាគ​ឦសាន​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​កែ​ប្រែ​មុខ​មាត់​ខេត្ត​ទាំង​បួន ឱ្យ​ទៅ​ជា​ខេត្ត​ដែល​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើក​សិកម្ម, កសិ-ឧស្សាហកម្ម និង​ទេសចរណ៍, និង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្តែង​ដែល​នាំ​មក​នូវ​លទ្ធផល​ឆាប់​រហ័ស តាម​រយៈ​ការ​វិនិយោគ​ឯកជន។​

លោក​បន្ត​ថា កម្មវិធី​នេះ​​ក៏​នឹង​​ជំរុញ​សហថាមពល​ដែល​កើត​ចេញ​ពី​ការ​ប្រមូល​ផ្តុំ ​ដើម្បី​ឈាន​ទៅ​ អភិវឌ្ឍ​សេដ្ឋកិច្ច​មាត្រដ្ឋាន​ (economic of scale) ជា​ជាង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​រាយ​ប៉ាយ និង​មិន​អាច​ផ្សារ​ភ្ជាប់​គ្នា​បាន។

លោក​បន្ត​ថា ការ​វិនិយោគ​ឯកជន​នៅ​ខេត្ត​ទាំង​៤ នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ពន្ធដារ និង​ពន្ធ​គយ, ការ​ទទួល​បាន​​ហិរញ្ញប្បទាន​ក្រោម​អត្រា​ការ​ប្រាក់​សមរម្យ​ និង ​ជួយ​កាត់​បន្ថយ​ថ្លែង​ដើម​ផលិតកម្ម ការ​សម្រួល​នីតិវិធី និង​ការ​គាំទ្រ​សកម្មភាព​វិនិយោគ​​ឯកជន៕