ស្ទឹងត្រែងៈ តុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនបុរស២នាក់នៅពន្ធនាគារខេត្ត ពាក់ព័ន្ធទៅនឹងបទល្មើស​ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ទម្ងន់ជាង ៤៧គីឡូក្រាម។

បុរសជាជនជាតិខ្មែរ ទាំង២នាក់នេះ មានឈ្មោះ ធុជ វណ្ណៈ អាយុ ៥៥ឆ្នាំ និងឈ្មោះ យូ គ្រី អាយុ ៥៥ឆ្នាំ។ បុរសទាំង២ ត្រូវបានកម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន កាលពីថ្ងៃ២ ខែមេសានេះ នៅវេលាម៉ោង០៖៤៨នាទី នៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្រោយពីបានធ្វើការស៊ើបអង្កេតរួចមក។ នេះបើយោងតាម មន្ទីរប្រ​ឆាំង​គ្រឿងញៀន នាថ្ងៃពុធ ទី៩ ខែមេសា។

វត្ថុតាងដែលត្រូវបានរកឃើញ និងរឹបអូស មានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។

កិច្ចប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើង ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី។

លោកឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែមេសាថា តុ​លាកា​រ​ខេត្តបានសម្រេចឃុំខ្លួន​ជនល្មើសទាំង២នាក់នៅពន្ធនាគារខេត្ត ក្រោមការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់។

យ៉ាងហោចណាស់គ្រឿងញៀនជាង១១០គីឡូក្រាម ត្រូវបានមន្ទីរប្រ​ឆាំង​គ្រឿងញៀនធ្វើការរឹបអូស ហើយមនុស្សចំនួន៨នាក់ត្រូវបានឃាត់ខ្លួនផងដែរ កាលពីចុងខែមីនាកន្លងមក នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្នុងនោះមានជនជាតិខ្មែរចំនួន២នាក់ ចិន៤នាក់ និងភូមា២នាក់៕