ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា សិក្សាឱ្យបានច្បាស់លាស់អំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា។
សំណើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមការងារ KOICA អំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ និងផលិតផលបសុព្យាបាល កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣។
ប្រភពពីក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងជំនួបនោះលោក ឌិត ទីណា បានថ្លែងអំណរគុណចំពោះ KOICA ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រួមទាំងគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ។
ទាក់ទិនគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិវិញលោក ឌិត ទីណា បានស្នើឱ្យ KOICA ធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំងលើសេវាកម្ម ឧបករណ៍/សម្ភារ និងធនធានមនុស្សសម្រាប់មន្ទីរពិសោធន៍ជាតិថ្មី ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ។
លោកបានថ្លែងថា៖«ទីតាំងគម្រោងមន្ទីរពិសោធន៍ជាតិនេះស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ យ៉ាងណាមិញ មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនងសហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស»។
បើតាម លោក ឌិត ទីណា សម្រាប់មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់មានសត្វ ដំណាំ និងជលផល ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ដោយមិនចង់ឱ្យមានក្រុមការងារផ្សេងៗគ្នាឡើយ ហើយការងារនេះក៏ជាអាទិភាពរបស់ KOICA ផងដែរ។
លោកបញ្ជាក់ថា៖«វាជាការចាំបាច់ដែលត្រូវពិភាក្សាគ្នា សហការគ្នា ធ្វើការជាមួយគ្នា និងប្រើប្រាស់ថវិកាឱ្យត្រូវគោលដៅ ធ្វើទំនើបកម្ម មានប្រសិទ្ធភាព និរន្តរភាព តាមរយៈការបង្កើតមន្ទីរពិសោធន៍ស្តង់ដាដែលជាទិសដៅថ្មីរបស់ក្រសួង ដើម្បីផ្តល់សេវាសាធារណៈលើផ្នែកសុវត្ថិភាពចំណីអាហារ ដោយក្រសួងចង់ឱ្យមានអគារ ៣ ផ្នែក គឺរដ្ឋបាល សេវាសុវត្ថិភាពចំណីអាហារ និងរោគវិនិច្ឆ័យនិងជំងឺឆ្លង»។
សូមជម្រាបថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ។ ការងារនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វមានសុវត្ថិភាព និងគោលដៅការនាំចេញផលិតផលសត្វ៕


