ភ្នំពេញៈលោកស ខេង កាលនៅជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលផ្សាយចេញកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សេចក្តីប្រកាសបានឱ្យដឹងថា និមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ រួមមាន រដ្ឋបាលក្រុងច្បារមន រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ រដ្ឋបាលស្រុកថ្ពង រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលស្រុកគងពិសី រដ្ឋបាលស្រុកឱរ៉ាល់ រដ្ឋបាលស្រុកសំរោងទង និងរដ្ឋបាលស្រុកបសេដ្ឋ។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់រដ្ឋបាលក្រុងច្បារមន មាននិមិត្តសញ្ញារាងមូលមានរូបស្លឹកពោធិ៍បញ្ឈរ ចំណែករដ្ឋបាលក្រុងឧដុង្គម៉ែជ័យ មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌ២ជាន់។
រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មាននិមិត្តសញ្ញារាងមូលព័ទ្ធដោយខ្សែវ័ណ្ឌ ១ ជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុងមានបុរស ១ រូប ស្លៀកខោពណ៌ក្រហមក្រមៅ កូរស្ករត្នោត ជាតំណាងនៃការប្រកបរបរស្ករត្នោត របស់ប្រជាជន ចាប់តាំងពីសម័យដើមរហូតដល់បច្ចុប្បន្ន។
ចំណែករដ្ឋបាលស្រុកថ្ពង មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវ ១ ជាន់បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានសត្វទន្សោង១ក្បាលឈរជាតំណាងមានភ្នំគ្របដណ្តប់ដោយព្រៃឈើខៀវស្រស់បំព្រងដែលជាជម្រកសត្វព្រៃ និងជាតំបន់ទេសចរណ៍ មានផ្ទៃទឹកជាតំណាងនៃប្រព័ន្ធធារាសាស្ត្រសម្រាប់អាងទំនប់អន្លង់ជ្រៃ។
រដ្ឋបាលស្រុកភ្នំស្រួច មាននិមិត្តសញ្ញារាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវ ១ ជាន់ មានភ្នំគិរីរម្យ មានរង្វង់មូលនាគព័ន្ធ មានដើមស្រល់៥ដើម មានវាលស្មៅខៀវខ្ចី រីឯរដ្ឋបាលស្រុកគងពិសី មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវ១ជាន់ មានរូបសម្តេចព្រះសង្ឃរាជ ជួន ណាត អង្គុយលើបល្ល័ង្កពណ៌មាស ។
រដ្ឋបាលស្រុកឱរ៉ាល់មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវ១ជាន់បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានរូបភ្នំឱរ៉ាល់ និងអក្សររដ្ឋបាលស្រុកឱរ៉ាល់ មានពណ៌សរំលេចក្នុងខ្សែបូពណ៌ក្រហម។
សម្រាប់រដ្ឋបាលស្រុកសំរោងទងមាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវ ១ ជាន់ មានរូបតេជោមាសជិះសេះមានដាវអាជ្ញាសឹក និងរដ្ឋបាលស្រុកបសេដ្ឋមាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានសិលាចារឹកឈ្មោះសុវណ្ណភូមិ តម្កល់លើទម្រពណ៌ប្រផេះ។
ជុំវិញរឿងនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែសីហា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការបង្កើតនិងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុងនិងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ គឺជារឿងចាំបាច់ និងផ្តល់ផលចំណេញច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅពិសេសជួយទាក់ទាញការវិនយោគ លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់ខេត្តថែមទៀត។
លោកបានអះអាងថា៖«មុនសម្រេច និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារបស់ក្រុងស្រុកនីមួយៗ គឺយើងបានសរសេររៀបរាប់យ៉ាងលម្អិតពីព័ត៌មានប្រជាជន ផ្ទៃដី តំបន់ភូមិសាស្ត្រ សក្តានុពលនានារបស់ក្រុង ស្រុកនីមួយៗរួចរាល់អស់ហើយ។អ៊ីចឹង!វានឹងបង្កភាពងាយស្រួយដល់ប្រជាពលរដ្ឋក៏ដូចជាបណ្តាអ្នកវិនិយោគទាំងឡាយងាយស្រួលបោះទុននិងសិក្សាស្វែងយល់ផងដែរ»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលក្រុង និងស្រុកទាំង៩នេះ ត្រូវប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាទាំងនោះ ដោយត្រូវដាក់នៅកន្លែងធ្វើការងារតាមរដ្ឋបាលក្រុង និងស្រុកនីមួយៗ ត្រូវប្រើប្រាស់លើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង/ស្រុក និងសម្រាប់ប្រើប្រាស់ក្នុងពិធីនានាដែលសមស្រប និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់៕


