ភ្នំពេញៈ ភ្នាក់ងារអភិវឌ្ឍន៍លីចតេនស្ទីន បានចុះអនុស្សរណ:យោគយល់គ្នា ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃ ៣០ មីនា លើការផ្តល់ជំនួយទឹកប្រាក់ជាង៥៥ម៉ឺនដុល្លារអាមេរិក សម្រាប់ផ្គត់ផ្គង់លើសម្ភារសិក្សាឌីជីថល ក្នុងការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវ: ដែលមានរយ:ពេល២ឆ្នាំ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ លីចតេនស្ទីន (LED) ដែលស្ថិតនៅតំបន់អឺរ៉ុប តំណាងដោយលោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា។
ភាគីទាំង២កំពុងរួមគ្នាដើម្បីពង្រឹងឌីជីថលូបនីយកម្ម នៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសកម្ពុជា ក្នុងបរិបទដែលកម្ពុជា ផ្លាស់ប្តូរទៅរកការបណ្តុះបណ្តាលដោយប្រើបច្ចេកវិទ្យាកាន់តែច្រើនឡើង។
លោក ហ៊ីង ស៊ីដេត បានលើកឡើងថា ឆ្លងកាត់វិបត្តិកូវីដ១៩ ការបណ្តុះបណ្តាលតាមអនឡាញពិតជាដើរតួនាទីសំខាន់ណាស់ ហើយការបណ្តុះបណ្តាលបែបនេះ នៅតែមានសារ:សំខាន់សម្រាប់កម្ពុជា។
លោក និយាយថា៖«ការជួលគ្រូល្អៗ ទៅបង្រៀននៅតាមបណ្តាខេត្តពិតជាលំបាក ប៉ុន្តែការបង្រៀនតាមអនឡាញ ពិតជាអាចដោះស្រាយបាន»។
ក្នុងគោលបំណងនេះ គម្រោង ”សម្ភារសិក្សាឌីជីថល សម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (DLM4TVET)” នឹងគាំទ្រដល់ការធ្វើឌីជីថលូបនីយកម្ម នៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមវិធីផ្សេងៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ឌីជីថលូបនីយកម្ម គឺជាវិស័យដ៏ធំមួយ ហើយតួអង្គជាច្រើនកំពុងតែចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យនេះ។ ដូច្នេះការសម្របសម្រួល គឺជាគន្លឹះក្នុងការសម្រេចឱ្យបាននូវលទ្ធផលច្រើនពីធនធានដែលមាន។
គម្រោងនេះ នឹងជួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (DGTVET) ក្នុងការត្រួតពិនិត្យ និងសម្របសម្រួលសកម្មភាពបន្ត និងគ្រោងទុក ដែលទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
ការមានសម្ភារសិក្សាល្អៗ គឺជាផ្នែកមួយដ៏សំខាន់ នៃប្រព័ន្ធអភិវឌ្ឍន៍ជំនាញ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍ សម្ភារសិក្សាប្រកបដោយគុណភាព គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារឱ្យមានជំនាញគរុកោសល្យ និងបច្ចេកទេសគ្រប់គ្រាន់ និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។
ដោយប្រើវិធីសាស្រ្តសិក្សាតាមរយៈការអនុវត្ត គម្រោងនេះនឹងអភិវឌ្ឍសម្ភារសិក្សាឌីជីថល ព្រមទាំងពង្រឹងជំនាញក្នុងស្រុកបន្ថែមទៀត និងធ្វើឱ្យមានការចូលរួមពីស្ថាប័នថ្នាក់ជាតិទទួលបន្ទុក នៅក្នុងជំហាននីមួយៗនៃដំណើរការ។
ដើម្បីស្វែងរកដំណោះស្រាយជាប្រព័ន្ធ សម្រាប់កិច្ចការដែលទាមទារការយកចិត្តទុកដាក់ច្រើននេះ គម្រោងនឹង គាំទ្រដល់អគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការស្វែងរកជម្រើសផ្សេងៗសម្រាប់ ផ្តល់ជំនាញគរុកោសល្យតាមអនឡាញ និងការអភិវឌ្ឍសម្ភារសិក្សាឌីជីថល ជាលក្ខណៈស្ថាប័ន។ ការរៀនដោយផ្ទាល់ពីការងារបង្កើតសម្ភារអប់រំ នឹងអនុញ្ញាតឱ្យមានការសម្រេចចិត្តច្បាស់លាស់។
គម្រោងនេះកំពុងត្រូវបានអនុវត្តដោយអង្គការស្វ៊ីសខន់ថាក់ (Swisscontact) ដែលជាអង្គការ ផ្តោតលើការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលអង្គការនេះ បានធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្រាប់គម្រោងរយៈពេល២ឆ្នាំនេះ LED បានព្យាករថា នឹងចំណាយថវិកាសរុបចំនួន ៥៥០ ២៣២ ដុល្លារអាមេរិក។
កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និង LED ត្រូវបានរៀបចំជាផ្លូវការ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕


