ប្រមុខដឹកនាំអាស៊ានបានសម្រេចជាគោលការណ៍ដាក់បញ្ចូលប្រទេស ទីម័រឡេស្តេ ជាសមាជិកអាស៊ានទី ១១ ដែលនឹងក្លាយជាសមាជិកពេញសិទិ្ធនៅឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីប្រទេសមួយនេះបានត្រៀមលក្ខណៈចូលជាសមាជិកអស់រយៈពេល ១១ ឆ្នាំ។
ការសម្រេចនេះត្រូវបានធ្វើឡើង ខណៈដែលប្រមុខដឹកនាំអាស៊ានបានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជានាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។
យោងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីសំណើសុំចូលជាសមាជិកអាស៊ាន ទីម័រឡេស្ត ចុះថ្ងៃទី ១១ ខែវិច្ឆិកា បានឯកភាពជាគោលការណ៍ អនុញ្ញាត ឱ្យប្រទេសទីម័រឡេស្តេ ចូលរួមជាសមាជិកអាស៊ានទី ១១ ដោយផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
ប្រមុខដឹកនាំអាស៊ានក៏បានឯកភាពបង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំង ៣ សសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្ដល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្ដល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ»។
ជាការឆ្លើយតប ទីម័រឡេស្តេ បានចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ដែលបានប្រកាសទទួលយកទីម័រឡេស្តេជាសមាជិកទី ១១ របស់អាស៊ាន ហើយខ្លួនទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។
សេចក្តីថ្លែងការណ៍បន្តថា៖ «យើងសូមសម្ដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ានឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិតទាំង ៣ របស់អាស៊ាន»។
ជាមួយគ្នានេះ ទីម័រឡេស្តេ បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិក្នុងឆ្នាំ ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល ១១ ឆ្នាំ និងការអនុម័តនូវផែនទីចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ ។
បន្ថែមពីនេះទីម័រឡេស្តេសម្ដែងនូវការអរគុណចំពោះការបន្តផ្តល់ជំនួយ និងការគាំទ្រដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការផ្តល់ជំនួយកសាងសមត្ថភាពនានា៕


