ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានថ្លែងថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសផ្សេងទៀតនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈមទៅនឹងបញ្ហាកាន់តែស្មុគស្មាញ។
លោកបញ្ជាក់ថា ដូច្នេះការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្ត្រពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់ AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន។
លោកហេង សំរិន បានថ្លែងបែបនេះ ក្នុងពេលដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
បើតាមហ្វេសប៊ុករដ្ឋសភា កិច្ចប្រជុំទល់មុខរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយនៃកិច្ចប្រជុំកំពូល អាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ស្វែងយល់អំពីសភាពការណ៍រួម ធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។
លោក ហេង សំរិន បានមានប្រសាសន៍បន្តថា AIPA សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។
លោកហេង សំរិន បានឱ្យដឹងថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។
បើតាមហ្វេសប៊ុករដ្ឋសភា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ ២០២២ នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ ២០២២ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ។
លោក ហេង សំរិន បានលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងមជ្ឈភាពរបស់អាស៊ាននឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឱ្យការងើបឡើងវិញពីជំងឺរាតត្បាតនេះ កាន់តែមានភាពរឹងមាំនិងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសំដៅសម្រេចបាននូវសហគមន៍អាស៊ានមួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព៕


