ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីករណីជាសះស្បើយ អ្នកជំងឺកូវីដ ១៩ ចំនួនម្នាក់ចុងក្រោយ ដែលធ្វើឱ្យកម្ពុជាមិនមានអ្នកជំងឺកូវីដ ១៩ ទៀតឡើយ គិតត្រឹមថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ ដែលលទ្ធផលនេះត្រូវបានមន្ត្រីជាន់ខ្ពស់ថ្លែងថា «ដោយសារការដឹកនាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល»។
យោងតាមរបាយការណ៍សរុបស្ថានភាពជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងបានចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនាបានឱ្យដឹងថា ក្នុងរយៈពេល ៣១ ថ្ងៃ ចាប់ពី ថ្ងៃទី ៧ ខែឧសភា មកដល់ថ្ងៃទី ៦ ខែមិថុនា កម្ពុជាមិនមានករណីឆ្លងមេរោគកូវីដ ១៩ ទៀតឡើយ។ របាយការណ៍បញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី ៧ ខែមិថុនា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៦ ២៦២ នាក់ ដោយក្នុងនោះ អ្នកដែលបានព្យាបាលជាសះស្បើយសរុបមានចំនួន ១៣៣ ២០៦ នាក់ និងអ្នកដែលស្លាប់មានចំនួនសរុប ៣ ០៥៦ នាក់។ ដូច្នេះ កម្ពុជាមិនមានអ្នកជំងឺកូវីដ ១៩ ទៀតឡើយ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី ៧ ខែមិថុនា ថា ការគ្រប់គ្រង និងឆ្លើយតបជំងឺកូវីដ ១៩ មានស្ថានភាពល្អប្រសើរនេះគឺដោយសារមានការដឹកនាំ និងការណែនាំដ៏ឆ្លាតវៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
របាយការណ៍ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជារៀងរាល់ថ្ងៃដោយមិនមានការរកឃើញនូវករណីឈឺដែលបញ្ជាក់ដោយម៉ាស៊ីនធំ (PCR) ហើយនិងមិនមានករណីស្លាប់នេះ គឺជាការបញ្ជាក់ពីចំណុចល្អប្រសើររបស់កម្ពុជា។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ការគ្រប់គ្រង និងឆ្លើយតបជំងឺកូវីដ ១៩ នៅកម្ពុជា មានស្ថានភាពល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយអ្វីដែលជាការងារសំខាន់នោះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ប្រកបដោយភាពឈ្លាសវៃរបស់លោកលើការស្រោចស្រពវ៉ាក់សាំងកូវីដ ១៩ ដល់ពលរដ្ឋទូទាំងប្រទេស»។
នេះគឺជាចំណុចដ៏ល្អក្នុងការគិតគូរ និងទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា ហើយដែលលោក ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពរបស់ប្រជាជនទូទៅ។
លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា៖ «សូមបងប្អូន កុំភ្លេចខ្លួនឱ្យសោះក្នុងបរិបទដែលប្រទេសកម្ពុជា មិនមានការរកឃើញវីរុសកូវីដ ១៩ ក៏ដូចជាករណីស្លាប់ តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដោយត្រូវតែបន្តធ្វើយ៉ាងណា ដើម្បីរក្សាភាពស៊ាំក្នុងសរីរាង្គរបស់បុគ្គល ក៏ដូចជាភាពស៊ាំរបស់សហគមន៍ឱ្យមានភាពរឹងមាំជាប់ជានិច្ច ដើម្បីកុំឱ្យមានការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ ១៩ ដូចដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ»។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងផងដែរថា ការស្រោចស្រពនូវវ៉ាក់សាំងកូវីដ ១៩ បានទាន់ពេលវេលាគឺជាចំណែកមួយដ៏ធំ ដែលបានធ្វើឱ្យកម្ពុជា បើកនូវដំណើរការប្រទេសឡើងវិញ ដែលកំពុងតែដំណើរការនាពេលបច្ចុប្បន្ន។
លោកស្រីបន្តថា៖ «យើងត្រូវចងចាំទាំងអស់គ្នាថា វ៉ាក់សាំងគឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលដូច្នេះហើយបានជាសម្តេចតេជោ បានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ក្នុងការឱ្យបន្តចាក់វ៉ាក់សាំងកូវីដ ១៩ ជាបន្តបន្ទាប់ ហើយនៅថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២២ យើងនឹងមានការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៥ ជូនដល់ក្រុមជួរមុខ និងក្រុមគោលដៅផ្សេងៗទៀតផងដែរ»។
គិតត្រឹមយប់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាន នាក់បានចំនួន ៩៤,០៤%។
របាយការណ៍ក្រសួងសុខាភិបាលបន្តថា ប្រជាជនអាយុពី ១៨ ឆ្នាំឡើងមានចំនួន ១០៣,-២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់លើកុមារ យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំមាន ១០០,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅជាង ១,៨ លាននាក់។
ចំពោះកុមារអាយុពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ មាន ១០៩,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅជិត ១,៩ លាននាក់, លើកុមារអាយុ ៥ ឆ្នាំ មាន ១៣៣,២០% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៣០ ម៉ឺននាក់ និងកុមារអាយុ ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ មាន ៦៧,១២% ធៀបជាមួយនឹងប្រជាជនគោលដៅជាង ៦០ ម៉ឺននាក់។ សម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី ៣ មានចំនួនជាង ៩ លាននាក់ និងដូសទី ៤ បានជាង ២,៥ លាននាក់៕
វីដេអូ៖


