កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា សេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់និងអន្តរជាតិស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ។ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខ័ណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម»។
សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកជាច្រើនក្នុងការផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជា ការពារផលប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។
គាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ, ផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្តិដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតបំផ្លាញពីសំណាក់សមាសភាពចង្រៃគ្រប់ប្រភេទ និងអត្ថប្រយោជន៍មួយចំនួនទៀត។ នេះបើតាមការលើកឡើងរបស់លោក ផៃ ស៊ីផាន៕


