ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក.) លោក អូន ព័ន្ធមុនីរ័ត្ន បានណែនាំទៅដល់គ្រប់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍។
តាមរយៈលិខិតចុះថ្ងៃទី២៩ ខែមិថុនា ដែលលោកបានផ្ញើទៅកាន់ប្រធានគ.ប.ក.រាជធានី-ខេត្តនិងគណៈកម្មការនានាមួយចំនួនទៀត លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកធ្វើចត្តាឡីស័កដែលជាអ្នកដំណើរចូលមកកម្ពុជាវិញ គណៈប្រចាំការបានប្រគល់ភារកិច្ចជូនអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេសនិងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការសាងសង់និងជួសជុល ដឹកនាំរៀបចំជាបន្ទាន់នូវមណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ។
លោកមានប្រសាសន៍ថា ៖ «ដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកជំងឺកូវីដ១៩ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ, គណៈប្រចាំការសុំប្រគល់ភារកិច្ចជូនអនុគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដោយសហការជាមួយនឹងអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល ធ្វើការផ្គត់ផ្គង់បន្ថែមទៀតនូវសម្ភារបរិក្ខារពេទ្យចាំបាច់នានា ព្រមទាំង ឱសថព្យាបាលដល់បណ្តាខេត្តជាប់ព្រំដែន ដោយផ្អែកលើសភាពការណ៍ និងតម្រូវការជាក់ស្តែងចំពោះមុខ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវធ្វើតេស្តរហ័សប្រចាំខែទៅលើកងកម្លាំងនៅតាមបណ្តាគោលដៅឈរជើងនៅមាត់ច្រកព្រំដែន និងធ្វើតេស្តរហ័សទៅលើអ្នកដឹកជញ្ជូនទំនិញដែលត្រូវឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ដោយត្រូវអនុវត្តការធ្វើតេស្តរហ័សនេះរៀងរាល់ ៧២ ម៉ោងម្តង៕
វីដេអូ៖


