កំពង់ឆ្នាំងៈ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតកោះហៅលោក យឹម សំអឿន អ្នកចិញ្ចឹមសត្វក្ងោក ដែលសមត្ថកិច្ចជំនាញបានចុះហាមឃាត់ និងរឹបអូសកាលពីពេលថ្មីៗនេះ ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺ ដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃ ទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។
យោងលិខិត ចុះថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ ២០២៣ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានសរសេរថា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការ Wildlife Alliance បានចុះហាមឃាត់ និងដកហូតសត្វក្ងោក ៦ ក្បាល ពីលំនៅឋានរបស់ក្រុមគ្រួសារលោក យឹម សំអឿនដែលមានទីតាំងស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងលិខិតលោក អូម៉ាលីស្ស បានតម្រូវឱ្យលោក យឹម សំអឿន ចូលខ្លួនមកឆ្លើយបំភ្លឺបន្ថែម នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៣ ខែមីនា ដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។
យោងតាមប្រកាសលេខ ០២០ ប្រក.កសក ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES) សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្ត្រ (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ។
ការធ្វើពាណិជ្ជកម្មនូវប្រភេទសត្វព្រៃមានដោយកម្រ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ត្រូវផ្តន្ទាទោស ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១លានរៀលទៅ ១០ លានរៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំង ២ វត្ថុតាងទាំងអស់គឺត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ នេះបើយោងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ។
យ៉ាងណាក៏ដោយលោក យឹម សំអឿនអះអាងថា សត្វក្ងោកទាំងនោះ លោកបានចិញ្ចឹមអស់រយៈពេលជាង៩ឆ្នាំមកហើយ គឺតាំងពីក្ងោក ១ គូយកមកពីប្រទេសថៃ រហូតកើនបាន ២១ ក្បាល និង បង្កាត់បានពណ៌ ៤
ប្រភេទ។
លោកបញ្ជាក់ថា៖ «ព្រោះតែស្រឡាញ់សត្វ[ក្ងោក] គេសុំទិញខ្ញុំមិនលក់ផង… អយុត្តិធម៌ណាស់ចាប់យកសត្វខ្ញុំហើយ ចោទប្រកាន់ខ្ញុំទៀត»។
ថ្វីបើយ៉ាងដូច្នេះក្ដី លោកអូ ម៉ាលីស្ស ថ្លែងថា សមត្ថកិច្ចមានភ័ស្ដុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក សំអឿន ធ្វើពាណិជ្ជកម្មជួញដូរសត្វព្រៃខុសច្បាប់ ដោយក្នុង Facebook របស់គាត់បានបង្ហាញពីការជួញដូរសត្វក្ងោក ពីក្រៅប្រទេស និងមានការប្រកាសលក់តាម Facebook និងតាមប្រព័ន្ធទូរស័ព្ទ។
លោកបានបញ្ជាក់ថា៖ «មុនពេលចុះអនុវត្តការហាមឃាត់ និងដកហូតសត្វក្ងោកទាំងនោះ ក្រុមការងារយើងបានធ្វើការតាមដានជាយូរមកហើយ។ អំពើដែលគាត់កំពុងប្រព្រឹត្តនោះ គឺជាប់ពាក់ព័ន្ធការជួញដូរសត្វព្រៃជាលក្ខណៈអន្តរជាតិ គឺគាត់ទិញសត្វក្ងោកនោះពីបរទេស ដោយគ្មានលិខិតបញ្ជាក់ពីប្រភពនៃប្រទេសនាំចេញ។ ការចិញ្ចឹម និងបង្កាត់ពូជសត្វព្រៃរបស់គាត់ គឺមិនមានការអនុញ្ញាតពីក្រសួង ស្ថាប័នជំនាញដែរ»។
លោក អូម៉ាលីស្ស បន្ថែមថា ការនាំចូលសត្វព្រៃពីក្រៅប្រទេស ដោយគ្មានវិញ្ញាបនបត្របញ្ជាក់ពីប្រភពនៃប្រទេសនាំចេញ គឺជាអំពើល្មើសច្បាប់ និងបង្កហានិភ័យដល់សត្វនៅក្នុងស្រុក ប្រសិនបើសត្វដែលនាំចូលនោះមានជំងឺឆ្លង ខណៈថ្មីៗនេះ កម្ពុជាមានករណីស្លាប់ដោយជំងឺផ្ដាសាយបក្សី។ បទល្មើសជួញដូរសត្វព្រៃនេះផងដែរ ក៏មានជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសសម្អាតប្រាក់ ដែលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្ម រហូតទទួលបានការទុកចិត្តជាអន្តរជាតិ ហើយបានលុបកម្ពុជា ចេញពីបញ្ជីប្រផេះកាលពីពេលថ្មីៗនេះផងដែរ។
លោកថា៖ «បើយើងមិនអនុវត្តទេ កម្ពុជាយើងនឹងប្រឈមការដាក់ប្រទេសនៅក្នុងបញ្ជីប្រផេះឬបញ្ជីខ្មៅ។ ប៉ុន្តែនៅពេលដែលយើងបានអនុវត្តល្អធ្វើឱ្យប្រទេស កម្ពុជាបានផុតពីបញ្ជីប្រផេះនាពេលថ្មីៗនេះ»។
ជាមួយគ្នានេះ លោកអំពាវនាវដល់សាធារណជន ចូលរួមបង្ការទប់ស្កាត់ការជួញដូរសត្វព្រៃមានដោយកម្រ និងជិតផុតពូជ ដោយសត្វព្រៃទាំងនេះគួរតែទុកនៅក្នុងព្រៃដើម្បីរស់រាន។ កន្លងមកសមត្ថកិច្ចជំនាញក៏បានអនុញ្ញាតឱ្យមានការចិញ្ចឹមជ្រូកព្រៃ ត្រចៀកកាំ និងសត្វឈ្លូស ផងដែរ ក្នុងករណី ការចិញ្ចឹមនោះ មានប្រភពច្បាស់លាស់ និងជាប្រភេទមានដោយបង្គួរ។
ជុំវិញការបញ្ជាក់ជាថ្មីរបស់លោកអូម៉ាលីស្ស បងស្រីបង្កើតរបស់លោក យឹម សំអឿន គឺអ្នកស្រី យឹម ចាន់រ៉ុង នៅថ្ងៃទី ២៥ ខែកុម្ភៈ បានចេញមុខធ្វើលិខិតសុំទោសជាសាធារណៈចំពោះការប្រើពាក្យពេចន៍មិនសមរម្យ ទៅលើសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធដែលបានចុះអនុវត្តច្បាប់នាពេលកន្លងមក។
នៅក្នុងលិខិតនោះ អ្នកស្រី ចាន់រ៉ុង បានបញ្ជាក់ថា៖ «នាងខ្ញុំសូមអភ័យទោស ដល់ក្រុមសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះទង្វើរបស់ខ្ញុំ ដែលបានបកស្រាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការចិញ្ចឹមក្ងោកដោយមិនឈរលើមូលដ្ឋានច្បាប់ និងនិយាយប៉ះពាល់ដល់មន្ត្រីអនុវត្តច្បាប់កន្លងមក។ នាងខ្ញុំសូមសន្យាថា លុបចោលទាំងអស់នូវរូបភាពនិងអត្ថបទទាំងអស់»៕


