ភ្នំពេញៈ អ្នកជំនាញកសិកម្មមើលឃើញពីសក្តានុពលភាព នៃវិស័យកសិកម្មកម្ពុជា ដែលវិស័យនេះ ធ្លាប់ជាវិស័យអាទិភាពទី១ សម្រាប់សេដ្ឋកិច្ចជាតិ ខណៈកម្ពុជាថែមទាំងមានទឹកដី និងអាកាសធាតុអំណោយផលដល់វិស័យនេះ បូករួមទាំងកម្លាំងពលកម្មផ្នែកកសិកម្មក៏មានជាច្រើន។
មិនតែប៉ុណ្ណោះ ទីផ្សារផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក សម្រាប់វិស័យផលិតស្បៀងនេះ មានភាពទូលំទូលាយ ប៉ុន្តែកម្ពុជាមិនទាន់មានការរៀបចំផែនការនយោបាយឱ្យបានត្រឹមត្រូវ ខ្វះជំនួយដល់កសិករ កម្សោយប្រព័ន្ធធារាសាស្ត្រ និងភាពខ្វះចន្លោះនៃទីផ្សារសម្រាប់កសិករ ដែលត្រូវការជំនួយជាចាំបាច់ពីរដ្ឋាភិបាល។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្ម បានលើកឡើងពីសក្តានុពល នៃទឹកដីនិងអាកាសធាតុរបស់កម្ពុជា ដែលទទួលឥទ្ធិពលខ្យល់មូសុង មានភាពអំណោយផលយ៉ាងខ្លាំងដល់ការធ្វើកសិកម្ម ជាមួយនឹងអំណោយផលមួយបែបទៀតនោះ គឺកម្លាំងពលកម្មកសិកម្ម ដែលលោកថា កម្ពុជាមានកសិកររាប់លាននាក់សម្រាប់បម្រើដល់វិស័យនេះ ជាពិសេសតម្រូវការទីផ្សារក៏មានភាពទូលំទូលាយខ្លាំងណាស់ដែរទាំងក្នុងស្រុក និងក្រៅស្រុក។
ស្រដៀងគ្នានេះដែរ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បញ្ជាក់ថា វិស័យកសិកម្មធ្លាប់ជាវិស័យអាទិភាព១សម្រាប់ចំណូលជាតិ ហើយមកដល់បច្ចុប្បន្ន វិស័យនេះនៅតែជាវិស័យចម្បងបន្ទាប់ពីវិស័យឧស្សាហកម្ម។
ចំណែកលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ក៏ថ្លែងដែរថា កម្ពុជាមានសក្តានុពលខ្លាំង សម្រាប់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ការចិញ្ចឹមសត្វ ដែលជាប្រភពស្បៀងអាហារដ៏មានសារៈសំខាន់ សម្រាប់បម្រើដល់ការរស់នៅរបស់មនុស្សគ្រប់រូប។
លោកថា វាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាច្រើនណាស់ ព្រោះ គ្មាននរណាម្នាក់ដែលរស់នៅដោយគ្មានស្បៀងអាហារនោះឡើយ។
លោក ថេង សាវឿន ថា មកដល់ពេលបច្ចុប្បន្ននេះ វិស័យកសិកម្មបាននិងកំពុងជួបប្រទះបញ្ហាជាច្រើន ដែលលោកបានសង្កត់លើបញ្ហា ៤ យ៉ាងសំខាន់ៗ រួមមាន ទី១ បញ្ហាទឹក ឬប្រព័ន្ធធារាសាស្ត្រ សម្រាប់ការធ្វើកសិកម្ម ទី២ ការកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម ទី៣ បញ្ហាទីផ្សារកសិផលដែលត្រូវរៀបចំ និងទី៤ គឺ កង្វះទុនសម្រាប់កសិករ ឬសហគ្រាសខ្នាតតូច ដែលទាមទារការផ្តល់កម្ចីដែលមានការប្រាក់ទាបពីរដ្ឋាភិបាល។
លោក មាស នី បានឃើញពីបញ្ហាស្រដៀងគ្នានេះដែរថា បញ្ហាធំបំផុតសម្រាប់វិស័យកសិកម្មកម្ពុជា ចំពោះមុខកសិករនោះ គឺតម្លៃកសិផលទាប ព្រមជាមួយកម្សោយប្រព័ន្ធទីផ្សារកសិកម្ម ដែលលោកថា បញ្ហានេះគួរមានការចូលរួមចំណែកពីភាគី ពាក់ព័ន្ធមិនត្រឹមតែក្រសួងកសិកម្ម ឡើយ តែក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រនិងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង ដើម្បីឱ្យការងារនេះប្រព្រឹត្តទៅដោយរលូន។
លោកមាស នីបញ្ជាក់ថា៖ «នៅពេលមានបញ្ហាទីផ្សារកសិកម្ម គេច្រើនបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម ប៉ុន្តែយើងភ្លេចនឹកដល់ ក្រសួងពាណិជ្ជកម្មដែលមានតួនាទីរកទីផ្សារកសិកម្ម និងក្រសួងឧស្សាហកម្មដែលមានតួនាទីគិតគូរពីការកែច្នៃផលិតផលកសិកម្ម»។
ជាមួយគ្នានេះ លោក យ៉ង សាំងកុមារ លើកឡើងថា នៅកម្ពុជា កសិករភាគច្រើនធ្វើកសិកម្មជាលក្ខណៈគ្រួសារដែលទាមទារនូវកិច្ចអន្តរាគមន៍ ការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋានច្រើន ដែលលោកថា បច្ចុប្បន្ន កិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញ ក្រសួងពាក់ព័ន្ធ សហការនឹងប្រជាកសិករនេះ នៅមានកម្រិតនៅឡើយ ដែលរដ្ឋាភិបាលហាក់ដើរតាមគន្លងទីផ្សារសេរីខ្លាំងពេក ដោយទុកឱ្យកសិករខំត្រដរដោយខ្លួនឯងក្នុងការប្រកួតប្រជែង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៨ ខែតុលា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចចាត់តាំងលោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទី នៃក្រសួងកសិកម្ម បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី។
នៅ ២ ថ្ងៃបន្ទាប់ លោក ហ៊ុន សែន បានដាក់សំណើទៅកាន់ លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយបានស្នើ រៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែម សមាជិករដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរជម្រាបជូនថា លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានតុលាការកំពូល។
លោក ឌិត ទីណា ជាបញ្ញាវន្ត ដែលទទួលបានការសិក្សាទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសបារាំង ដែលលោកបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Orsay ប្រទេសបារាំង និងទទួលបានសញ្ញាបត្រវិស្វកររ៉ែ ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ ២០០២ មុននឹងត្រឡប់មកបម្រើការងារនៅកម្ពុជា។ បច្ចុប្បន្នលោកជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល៕
វីដេអូ៖


