ស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចកំពុងបន្តរុករកមនុស្សក្មេង ចាស់ ប្រុស-ស្រី ៤ នាក់ ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុលិចទូកកណ្ដាលទន្លេមេគង្គ នៅចំណុចចុងកោះហាន ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
លោក ភីវ ស៊ីនួន ស្នងការរងទទួលបន្ទុកជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីលិចទូក ១ គ្រឿង ដែលមានផ្ទុកមនុស្សក្មេង ចាស់ ប្រុស-ស្រី សរុប ៨ នាក់ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
លោកបានបន្តថា មនុស្ស ៤ នាក់ ដែលក្នុងនោះមានក្មេងប្រុស២នាក់ ម្នាក់អាយុ ២ ឆ្នាំ និងម្នាក់ទៀតអាយុ ៩ ឆ្នាំ ត្រូវបានក្រុមប្រជានេសាទ និងប្រជាការពារជួយសង្គ្រោះទាន់ពេល។ ចំណែក ៤ នាក់ទៀត បានលិចបាត់ទៅក្នុងទន្លេ រួមមាន ឈ្មោះ សុត មី អាយុ ៥៦ ឆ្នាំ (ជាឪពុក) ឈ្មោះ ម៉ី សុគ្រី អាយុ ២៥ ឆ្នាំ (ជាកូនស្រី) ឈ្មោះ លួយ ចន្ទ្រា អាយុ ៨ ឆ្នាំ និងឈ្មោះលួយ ហាត់ អាយុ ៦ ឆ្នាំ (ជាចៅប្រុស)។
លោកបញ្ជាក់ថា៖ «គិតត្រឹមរសៀលថ្ងៃទី ១៥ ខែកុម្ភៈនេះ ក្រុមសមត្ថកិច្ចយើងបានមុជទឹករុករកឃើញសពជនរងគ្រោះម្នាក់ឈ្មោះ សុត មី និងទូកឈើ ១ គ្រឿង ដែលបានលិចទៅក្នុងទន្លេ ខណៈក្រុមគ្រួសារសាច់ញាតិរបស់ពួកគេកំពុងបន្តរៀបចំពិធីសែនព្រេន តាមជំនឿប្រពៃណីដូនតា»។
យ៉ាងណាក៏ដោយ ជនរងគ្រោះដែលបានបាត់ខ្លួន ៣ នាក់ (ម្ដាយ និងកូនប្រុស ២ នាក់) នោះ ទំនងជាគ្មានសង្ឃឹមនៅមានជីវិតរស់ឡើយ ព្រោះតាមការប្រាប់ឱ្យដឹងពីបុរសជាប្ដី ឈ្មោះ ពុន លួយ អាយុ ២៦ ឆ្នាំ ដែលរួចជីវិតពីករណីលិចទូកកណ្ដាលទន្លេមេគង្គនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពួកគេមិនចេះហែលទឹក និងបានលិចបាត់ទៅក្នុងទន្លេ ១ យប់ទៅហើយ។
លោក ពុន លួយ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់ និងក្រុមគ្រួសារ មានប្រពន្ធ កូន ឪពុកក្មេក និងប្អូនថ្លៃប្រុស សរុបគ្នា ៨ នាក់ បាននាំគ្នាជិះទូកឆ្លងកាត់ទន្លេមេគង្គ ដោយចេញពីផ្ទះ នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះទៅកាន់កន្លែងធ្វើការនៅរោងសិប្បកម្មឡឥដ្ឋ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ លុះមកដល់ចំណុចចុងកោះហាន ទូករបស់គាត់ត្រូវបានទឹកហូរកួចបណ្ដាលឱ្យលិច។ ភ្លាមៗនោះ គាត់បានស្រវាចាប់កូនប្រុសអាយុ ២ ឆ្នាំម្នាក់ និងប៊ីដុងទឹក ១ តោងហែលបណ្ដែតតាមទឹកហូរ និងស្រែកហៅឱ្យអ្នកនេសាទនៅតាមដងទន្លេមកជួយ។
លោកថ្លែងថា៖ «ពេលនោះខ្ញុំភ័យណាស់! ខ្ញុំស្រវាចាប់បានដៃកូនប្រុសអាយុ ២ ឆ្នាំម្នាក់ និងប៊ីដុងទឹក ១ តោង ហែលបណ្ដែតតាមទឹក។ បន្ទាប់មកក៏មានទូកអ្នកនេសាទ និងប្រជាការពារភូមិ ២-៣ គ្រឿងបានមកជួយសង្គ្រោះ»។
បើតាម លោក ពុន លួយ គាត់ និងកូនប្រុសរបស់គាត់អាយុ ២ ឆ្នាំ ត្រូវបានក្រុមប្រជានេសាទ និងប្រជាការពារភូមិ ជួយសង្គ្រោះស្រង់ចេញពីក្នុងទឹក ពេលដែលរៀបនឹងលង់ទឹក។ បន្ទាប់មកពួកគេបានបន្តជួយសង្គ្រោះស្រង់បានកូនប្រុសរបស់គាត់ម្នាក់ទៀតអាយុ ៩ ឆ្នាំ និងប្អូនថ្លៃប្រុសរបស់គាត់ អាយុ ១៧ ឆ្នាំម្នាក់ផងដែរ។ ចំណែកកូនប្រុសរបស់គាត់ ២ នាក់ទៀត រួមទាំងប្រពន្ធ និងឪពុកក្មេករបស់គាត់ ត្រូវបានទឹកហូរកួច លិចបាត់ទៅក្នុងទន្លេ។
លោកបានបន្តថា៖ «នៅពេលនេះ ក្រុមកម្លាំងសមត្ថកិច្ច ប្រជាការពារភូមិ និងអ្នកភូមិកំពុងបន្តជួយមុជទឹករាវរកសពប្រពន្ធ និងកូនប្រុសរបស់ខ្ញុំ ២ នាក់ទៀត បន្ទាប់ពីរកឃើញសពឪពុកក្មេករបស់ខ្ញុំ និងទូកដែលលិចនោះ»៕


