ភ្នំពេញៈ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យមានការការពារកុមារពីការឆ្លងនៃជំងឺកូវីដ ១៩ ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសនេះនៅប្រទេសកម្ពុជា ស្របពេលដែលមន្ត្រីអង្គការចំនួន ២ នៅកម្ពុជាក៏បានជំរុញឱ្យមានការចូលរួមទប់ស្កាត់វីរុសនេះដល់កុមារផងដែរ ខណៈប្រទេសកម្ពុជាមិនទាន់មានវ៉ាក់សាំងបង្ការវីរុសកូវីដសម្រាប់កុមារនៅឡើយ។
នៅក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងខេត្តកណ្តាលកាលពីថ្ងៃទី ១០ មិថុនា តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជាលោកស្រី ForooghFoyouzat បានលើកឡើងថា បច្ចុប្បន្ននេះលោកស្រីសង្កេតឃើញថា កុមារក៏រងនូវការឆ្លងវីរុសកូវីដ ១៩ ដែរ ជាពិសេសកុមារតូចៗភាគច្រើន ចូលចិត្តលេងនៅក្នុងបន្ទប់បិទជិត ដែលជាកន្លែងមួយងាយរងនូវហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ប្រសិនបើមានវីរុសនេះចូលទៅក្នុងបន្ទប់នោះ។
លោកស្រីបន្តថា៖ «បើតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដានេះកុមារដែលមានអាយុ ៥ ឆ្នាំឡើង ជាពិសេសកុមារដែលពួកគាត់អាចចេះពាក់ម៉ាស់ គឺត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ដើម្បីការពារនូវការចម្លងវីរុសកូវីដ ១៩ នេះផងដែរ»។
លោកស្រី ForooghFoyouzat បន្ថែមថា មានអាណាព្យាបាលកុមារមួយចំនួន មិនមានពាក់ម៉ាស់ ហើយប្រសិនបើពាក់ភាគច្រើន មិនបានត្រឹមត្រូវនោះទេ នៅពេលឪពុកម្តាយ ឬអាណាព្យាបាលនាំកុមារ ឬកូនតូចៗរបស់ខ្លួនចេញទៅតាមទីសាធារណៈផ្សេងៗ ខណៈដែលឪពុក-ម្តាយមានការពាក់ម៉ាស់ការពារបានត្រឹមត្រូវ។
នៅក្នុងឱកាសនោះដែរ លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោកកំពុងតែធ្វើការប្រមូលនូវការសិក្សានានា ដែលពាក់ព័ន្ធទៅលើការចាក់វ៉ាក់សាំងនេះទៅដល់ក្រុមកុមារ គឺក្រុមដែលមានអាយុក្រោម ១៨ ឆ្នាំ។
លោកស្រីបន្តថា៖ «នៅពេលដែលមានការវិភាគបានត្រឹមត្រូវរួចហើយ ប្រហែលនៅពេលខាងមុខនេះអាចនឹងមានការប្រែប្រួលទៅលើអនុសាសន៍របស់អង្គការសុខភាពពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អង្គការសុខភាពពិភពលោក នៅតែទទូចផ្តល់អនុសាសន៍ទៅដល់ក្រុមដែលងាយរងគ្រោះ គឺក្រុមគ្រូពេទ្យជួរមុខក្រុមមានវ័យចំណាស់ និងក្រុមផ្សេងៗដែលងាយរងគ្រោះ ដោយសារជំងឺកូវីដ ១៩»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានលើកឡើងជារឿយៗផងដែរ ទាក់ទងនឹងការការពារកូនៗ និងកុមារតូចៗពីការឆ្លងវីរុសកូវីដ-១៩។ លោកស្រីបន្តថា៖ «បញ្ហាសំខាន់របស់បុគ្គលគ្រប់រូប ដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់»។
កាលពីដើមខែមិថុនាកន្លងមក សាធារណរដ្ឋប្រជាមានិតចិនបានអនុម័តដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ក្នុងករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់អាយុចន្លោះពី ៣ ឆ្នាំ ដល់ ១៧ ឆ្នាំ។
តាមការស្រង់សម្តីរបស់លោក យិន វៃតុង ប្រធានក្រុមហ៊ុន Sinovac បានឱ្យដឹងថា សម្រាប់ពេលវេលាកំណត់ ដែលអាចចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់នេះដល់មនុស្សអាយុ ៣ ឆ្នាំ ដល់ ១៧ ឆ្នាំបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិនដោយសមស្របទៅតាមយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង។
លោក រស់ សុខណា អាយុ ៣៨ ឆ្នាំដែលមានកូនអាយុ ១០ ឆ្នាំ និង ៥ ឆ្នាំ ថ្លែងថា លោកមិនសូវឱ្យកូនៗរបស់លោកចេញក្រៅផ្ទះទេ អំឡុងមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ប៉ុន្តែប្រសិនបើត្រូវចេញក្រៅ គឺលោកតែងតែប្រាប់របៀបការពារឱ្យពួកគេបានដឹង គឺពាក់ម៉ាស់ និងលាងដៃនឹងអាល់កុលជាប់ជានិច្ច។ «កូនខ្ញុំធំៗ អ៊ីចឹងពួកគាត់មានការយល់ដឹងពីការពាក់ម៉ាស់ត្រឹមត្រូវ ហើយពួកគាត់ខ្លាចឆ្លងជំងឺនេះចឹង! វាមិនពិបាកទេតែសម្រាប់ឪពុកម្តាយគឺនៅតែបារម្ភពីសុខភាពកូនៗជានិច្ច»។
លោក រស់ សុខណា បន្ថែមថា លោកពិតជាចង់ឱ្យមានវ៉ាក់សាំងការពារជំងឺកូវីដនេះសម្រាប់កុមារកម្ពុជា ដោយសារលោកឃើញមានកុមារតូចៗរួមនឹងទារកដែរ បានឆ្លងជំងឺនេះ។
គិតត្រឹមព្រឹក ថ្ងៃទី ១៣ មិថុនា អ្នកឆ្លងវីរុសកូវីដ ១៩ សរុបក្នុងប្រទេសកម្ពុជាមាន ៣៨ ៤២៧ នាក់ អ្នកជាសះស្បើយសរុបចំនួន ៣១ ៨៥៨ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៣៣៥ នាក់៕


