កណ្ដាល៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានសម្រេចធ្វើការបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្រ្តភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក និងបានដាក់កំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក គង់ សោភ័ណ្ឌ បានលើកឡើងតាមរយៈសេចក្តីសម្រេចចុះថ្ងៃទី ២៧ ខែឧសភាថា វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្ត្របិទខ្ទប់ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ខែឧសភា រហូតដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១។
ភូមិសាស្រ្តដែលត្រូវបានកំណត់ជា តំបន់ក្រហមមាន៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្តូង និងភូមិត្នោតម្តើមនៃឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកតំបន់លឿងទុំ មានភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នួល រីឯតំបន់លឿងមាន ភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ ក្នុងតំបន់ក្រហម គឺត្រូវបានហាមការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ប៉ុណ្ណោះ»។
លោកថា ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលត្រូវបានអនុញ្ញាត។
សម្រាប់អ្នកនៅក្នុងតំបន់លឿងទុំ និងលឿង ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹក៕


