បាត់ដំបងៈ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ បានអញ្ជើញចូលរួមប្រជុំពិភាក្សា ជាមួយមន្ត្រីពាក់ព័ន្ធ ស្ដីពីការពង្រឹង ទប់ស្កាត់ និងបង្ក្រាប ការទន្ទ្រានដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដែលនៅតែបន្តកើតឡើងនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។
លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការទប់ស្កាត់ បង្ក្រាប ការទន្ទ្រានដីរដ្ឋ ជាពិសេសដីព្រៃលិចទឹក ដែលមានជនឆ្លៀតឱកាសមួយចំនួនបានរំលោភបំពានយក។
លោកបន្តថា រដ្ឋបាលខេត្តបាត់ដំបងក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ ដើម្បីធ្វើការហាមឃាត់ ប្រជាពលរដ្ឋដែលរំលោភបំពានដីរដ្ឋផងដែរ ហើយក្នុងនោះដែរ រដ្ឋបាលខេត្តក៏បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ។
លោកបានបញ្ជាក់ថា៖ «រាល់ការបង្ក្រាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្ត ក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែននេសាទមានទំហំធំ ហើយមន្ដ្រីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារក្នុងការចុះទប់ស្កាត់ជាដើម»៕


