កណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលតម្រូវឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន ៨ ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង បង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវ ដែលទទួលរងការខូចខាតឡើងវិញ បន្ទាប់ពីរកឃើញម្ចាស់អាជីវកម្មជីករណ្តៅដីខុសបច្ចេកទេស និងដឹកលើសទម្ងន់ ហើយអាជីវកម្មត្រូវបានផ្អាក។
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងនៅថ្ងៃទី ១៧ ធ្នូ ថា៖ «ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឱ្យម្ចាស់អាជីវកម្មរណ្ដៅដី ចំនួន ៨ ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួលរងការខូចខាតឡើងវិញ»។
លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និងធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ៨ ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី ១៦ ខែធ្នូ។
លោកបន្តថា ដើម្បីពង្រឹងនូវអាជីវកម្មដឹកជញ្ជូនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និងការធ្វើអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរ៉ែ ការធ្វើលើសដែនអាជ្ញាបណ្ណ និងការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារចម្រុះខេត្តកណ្តាលបានចុះធ្វើការពិនិត្យនៅរណ្ដៅដីចំនួន ៨ ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹងនិងបានរកឃើញថា ម្ចាស់ទីតាំងចំនួន ៨ នេះមិនមានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះខេត្ត ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។
លោក គង់ សោភ័ណ្ឌ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា លោកអភិបាលខេត្តក៏បានប្រាប់ដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើសពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃ សេវាលើការចេញអាជ្ញាប័ណ្ណ លោកស្នើដល់ម្ចាស់អាជីវកម្មត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។
លោក គង់ សោភ័ណ្ឌ បានប្រាប់ដល់គណៈកម្មការចម្រុះខេត្ត ត្រូវបន្តចុះពិនិត្យដល់ទីតាំងរណ្ដៅដីទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលសំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជូនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និងបង្កើនការបង់ពន្ធសួយសារចូលរដ្ឋ៕


