ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលផ្តល់ដោយចក្រភពអង់គ្លេសដល់កម្ពុជាបានរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកលើកឡើងដូច្នេះក្នុងជំនួបកាលពីថ្ងៃទី ៤ ខែសីហា ជាមួយលោកស្រី Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ក្នុងឱកាសលោកស្រីមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់កាលពីថ្ងៃទី ៥ ខែសីហាថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការបន្តផ្តល់ជំនួយរបស់ចក្រភពអង់គ្លេស ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ»។
នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានរំឭកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី Amanda Milling មកកាន់កម្ពុជា កាលពីដើមខែមករា ឆ្នាំ ២០២២ ដែលក្នុងឱកាសនោះ កម្ពុជា និងចក្រភពអង់គ្លេស បានបញ្ជាក់ពីការប្តេជ្ញាចិត្ត «យ៉ាងមុតមាំ» ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំង២បានយល់ឃើញដូចគ្នាថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនង «ដ៏ល្អ» និងបានស្នើថា គួររៀបចំសកម្មភាពរួមគ្នាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅក្នុងឆ្នាំក្រោយ។
ភាគីទាំង ២ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាកង្វល់រួម រាប់ចាប់ពីទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-ចក្រភពអង់គ្លេស ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ការវិវត្តសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក រហូតដល់វិបត្តិនៅប្រទេសអ៊ុយក្រែន៕


