សៀមរាបៈ អតីតយុទ្ធជនស្រុកក្រឡាញ់ចំនួន ៣៣១ នាក់ត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ នាថ្ងៃទី ១៨ ខែឧសភា ដើម្បីជាការគោរពដឹងគុណនូវវីរភាពអង់អាចក្លាហានរបស់ពួកគាត់ក្នុងបុព្វហេតុ ជាតិមាតុភូមិ និងសន្តិភាព។
ការបំពាក់មេដៃនេះត្រូវបានធ្វើឡើងដោយលោកសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាតំណាងលោកទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់លោកហ៊ន បូវុធ អធិការនគរបាលស្រុកក្រឡាញ់ និង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកក្រឡាញ់បានឱ្យដឹងថាអតីតយុទ្ធជនទូទាំងស្រុកសរុបមាន ៣៤៥ នាក់ និងសុំចូលជាសមាជិកសមាគម ២២៣ នាក់។
ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនបងប្អូននាពេលនេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការគោរពដឹងគុណនូវវីរៈភាពអង់អាចក្លាហាន ដែលពួកគាត់បានធ្វើពលិកម្ម ដើម្បីជាតិមាតុភូមិ និងសន្តិភាព ហើយខ្លះបានធ្លាក់ខ្លួនពិការ បាត់បង់សមត្ថភាពការងារ ពលីមរណៈផងដែរ។
ក្នុងឱកាសនោះ លោកសៀង ណាំក៏បានថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ។ លោកបានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូន នៅក្នុងមហាគ្រួសារតែមួយផងដែរ។ នេះបើយោងតាមប្រភពដដែលនេះ៕


