ភ្នំពេញៈ វិស័យប្រព័ន្ធផ្សព្វផ្សាយ ដែលសេរី មានភាពចម្រុះ ពហុនិយម និងឯករាជ្យ គឺជាកត្តាសំខាន់សម្រាប់ការ សម្រេចបាននូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាតម្រូវការជា ចម្បងសម្រាប់ការជំរុញសង្គមបើកចំហ បរិយាប័ន្ន យុត្តិធម៌ និងសន្តិភាព។ នេះជាការលើកឡើងរបស់ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ (UNESCO)។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួម រវាងស្ថាប័នទាំង២នៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នាថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែធ្នូនេះ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់។
សេចក្តីប្រកាសសរសេរថា៖«ការធានាបាននូវ បរិយាកាសអំណោយផលដល់សេរីភាពនៃការបញ្ចេញមតិ ការទទួលបានព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារ ព័ត៌មាន និងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ ត្រូវតែដើរទន្ទឹមគ្នា»។
ក្នុងភាពជាប្រយោជន៍សាធារណៈ ព័ត៌មានត្រូវការការគាំទ្រពីសាធារណៈ។ ស្របតាមទិដ្ឋភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នរបស់កម្ពុជា និន្នាការនិងអាទិភាព ដែលបានកំណត់ សន្និសីទនេះស្វែងរកការសន្ទនាជាយុទ្ធសាស្ត្រ និងការចែករំលែកការអនុវត្តល្អ និងគំនិតច្នៃប្រឌិត ដើម្បីជួយប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាឱ្យរីកចម្រើនក្នុងសម័យឌីជីថល។ ជាពិសេសផ្តោតលើ ៖ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព, ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន, និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល៖ បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនប ច្ចេកវិទ្យា។
សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជា វេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និងការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសបស្រម ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
សន្និសីទរអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៤ ផ្តល់នូវវេទិកាសម្រាប់រៀនសូត្រ ពិភាក្សា និងកិច្ចសហការកាន់តែ ទូលំទូលាយរវាងស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន រដ្ឋាភិបាល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ សមាគម អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីឈានទៅរកការកែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ និងគាំទ្រដល់វិស័យអភិវឌ្ឍន៍វិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាក្នុងយុគសម័យឌីជីថល។
សន្និសីទដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមជា អធិបតី ដោយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភក្ត្រា, តំណាងប្រចាំ ប្រទេសអង្គការយូណេស្កូ លោក Sardar Umar Alam និង តំណាងមកពី ស្ថានទូតស៊ុយអែតផងដែរ។
តួអង្គពាក់ព័ន្ធជាច្រើនក្នុងប្រព័ន្ធផ្សព្វផ្សាយ ចូលរួមក្នុងសន្និសីទនេះ ដូចជាមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាល ដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសិស្ស-និស្សិត៕


