ភ្នំពេញៈ ក្រសួងយុត្តិធម៌បានប្រកាសអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលឱ្យចូលជួបពិភាក្សាដោយផ្ទាល់រយៈពេល ៣ ថ្ងៃនៅដើមខែសីហាខាងមុខអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃទី ២៩ ខែកក្កដាបានឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ, រដ្ឋសភាកម្ពុជានាសម័យប្រជុំពេញអង្គលើកទី ៧ នីតិកាលទី ៦ បានសម្រេចអនុម័តតាមសំឡេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូលលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញកម្ពុជា សំដៅបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសការធានាឱ្យស្ថាប័នរដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។
ក្រសួងបានបន្តថា កន្លងទៅនេះ តំណាងរាជរដ្ឋាភិបាលបានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា ឬការយល់ដឹងនានា ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងដែលមិនមានលក្ខណៈត្រឹមត្រូវ ជុំវិញសំណេរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ។
ក្រសួងបានសរសេរថា ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ដើម្បីធានាឱ្យបាននូវការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារពិតប្រាកដ និង គោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ មានកិត្តិយសសូមគោរពអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណា ដែលយល់ថា ឬអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយមនៅកម្ពុជាចូលរួមជំនួបពិភាក្សា ដើម្បីក្រសួងយុត្តិធម៌អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេសដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ នេះ។
ជំនួបនេះនឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី ២, ទី ៣ និងទី ៤ ខែសីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទីតទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការ សង្គមស៊ីវិល។
ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលមានបំណងជួបក្រសួងយុត្តិធម៌ តាមការអញ្ជើញនេះ សូមមេត្តាទាក់ទងឱ្យបានមុនថ្ងៃជួបមួយថ្ងៃ ដើម្បីចុះឈ្មោះ និងកំណត់កាលបរិច្ឆេទជួប តាមរយៈ ៖ (១)- លោក ទីវ សូផុណ្ណារតន៍ ០៦១ ៤៩៩ ៩៦៤ ឬ (២)- កញ្ញា ឈួន មរកត ០៧០ ៨៤០ ៥៨៥។
ក្រសួងក៏បានបញ្ជាក់ផងដែរថា ដើម្បីធានាបានតម្លាភាពនៅក្នុងជំនួបនេះ, ក្រសួងយុត្តិធម៌ សូមអញ្ជើញអ្នកសារព័ត៌មាន មេត្តាតាមដាន និងយកព័ត៌មានដោយផ្ទាល់ពីជំនួបនេះទៅតាមកាលបរិច្ឆេទ ដែលក្រសួងយុត្តិធម៌នឹងជម្រាបជូនតាមក្រោយ បន្ទាប់ពីទទួលបានសំណើពីសំណាក់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលឆ្លើយតបទៅនឹងការអញ្ជើញជាសាធារណៈរបស់ក្រសួងយុត្តិធម៌៕


