ភ្នំពេញៈ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍រហូត មកដល់ពេលនេះបាននិងកំពុងតែអនុវត្តគម្រោងហិរញ្ញប្បទានឥណទាន សម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ចំនួន ០២ គម្រោង លើវិស័យទឹកស្អាតនៅក្នុងតំបន់ជាច្រើននៅកម្ពុជា។
នេះជាការថ្លែងរបស់លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២នេះ ក្នុងជំនួបជាមួយនឹងលោកRajat Nag អតីតជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី(ADB)នៅទីស្តីការក្រសួង។
យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងនៅថ្ងៃសុក្រទី១៨ខែមីនានេះថា គម្រោងទាំង២លើវិស័យទឹកស្អាតនោះរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតលេខ៣២៣២ក្នុងគោលដៅដូចជាកែលម្អប្រព័ន្ធទឹកស្អាតតំបន់ទីប្រជុំជន និងពង្រីកបណ្ដាញទឹកស្អាតនៅបណ្ដាអង្គភាពរដ្ឋាករទឹកសាធារណៈជាដើម និងមួយទៀតគឺគម្រោងទឹកស្អាត និងអនម័យខេត្តលេខ៣៦៣០។ គម្រោងនេះមានគោលដៅអនុវត្តគម្រោងទៅលើរោងចក្រប្រព្រឹត្តិកម្មសម្អាតទឹកថ្មី នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះដែរ ភាគីទាំង២ក៏បានរំឭកពីប្រវត្តិការងារនិងការបំពេញភារកិច្ចក្នុងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ី រហូតដល់ឆ្នាំ២០១៣ ដែលលោកRajat Nag ត្រូវបានបញ្ចប់អាណត្តិជាអគ្គនាយកធនាគារអភិវឌ្ឍអាស៊ី ហើយកិច្ចសហប្រតិបត្តិការដ៏ល្អក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្ត្រីក៏បានអរគុណ និង វាយតម្លៃខ្ពស់ចំពោះអាណត្តិរបស់លោកRajat Nag ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរ ដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈកម្ចីឥណទាន សម្បទាននានា។ ជាពិសេស កម្មវិធីក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ(GMS) និងមេគង្គឡានឆាងជាដើម។ ដោយឡែក វិស័យទឹកស្អាតនិងអនាម័យខេត្ត ធនាគារADBក៏បានដើរតួយ៉ាងសំខាន់ផងដែរ។
លោកRajat Nag បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ល្អជាដរាបមករវាងកម្ពុជានិងធនាគារADB។លោកRajat Nag បានបង្ហាញនូវជំនឿនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលប្រទេសកំពុងបើកដំណើរការជាប្រក្រតីភាពឡើងវិញផ្នែកសេដ្ឋកិច្ច និងសង្គម៕


