កណ្ដាលៈ នៅទីបំផុត សមត្ថកិច្ចខេត្តកណ្តាល បានបើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ ក្នុងចំណោមបក្ខពួក ៥ នាក់ ករណីឃាតកម្មបាញ់ប្រហារទៅលើបុរសចំណាស់ម្នាក់ ដោយអាវុធខ្លី K59 កាលពី ៦ ថ្ងៃមុន នៅស្រុកខ្សាច់កណ្ដាល ដែលបើតាមចម្លើយរបស់ជនសង្ស័យ ការបាញ់ប្រហារនេះ គឺដោយសារតែជនរងគ្រោះ បានតាមដានពួកគេ ពីរឿងចែកចាយថ្នាំញៀន។
ប្រតិបត្តិការចាប់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីករណីឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៨ និង ២០ នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះផ្សាយនៅរសៀសថ្ងៃទី ២៦ វិច្ឆិកានេះ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ក្រុមជនសង្ស័យដែលសុទ្ធតែភេទប្រុស សរុបមានគ្នា៥ នាក់ ឃាត់ខ្លួនបាន៤នាក់នេះ ទី១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល (ជនដៃដល់)។
ទី២-ឈ្មោះ ជឿន ជីវ័ន្ត អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល។
ទី៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច អាយុ ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល និងទី៤-ឈ្មោះ អាង រស្មី ហៅចែង អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល។ រីឯជនសង្ស័យម្មាក់ទៀតរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វត្ថុតាងចាប់យកបានមាន ១-ម៉ូតូចំនួន ០១ គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខ តាកែវ 1Q-2185, ២-ខោអាវចំនួន ០១កំផ្លេ, ៣-សម្បកគ្រាប់កាំភ្លើងខ្លីចំនួន ០៥ គ្រាប់ លេខ 380 និង៤- ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន ០១ ។
ប្រភពដដែលបន្តថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសន្លុង ទទួលបានព័ត៌មានថា មានករណីបាញ់សម្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏បានចុះដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅនគរបាល ជំនាញស្រុក និងរាយការណ៍បន្តទៅនគរបាលជំនាញខេត្ត ចុះមកដល់ចំណុចកើតហេតុ ដោយពិនិត្យឃើញថា ជនរងគ្រោះមានរបួសស្នាម ទ្រូងខាងស្ដាំ ០១កន្លែង របួសចិញ្ចើមខាងឆ្វេងធ្លាយចូលទៅគុម្ពត្រចៀកខាងស្ដាំ ០១កន្លែង របួសស្នាមចូលលើត្រចៀកខាងឆ្វេង០១កន្លែង និងរបួសស្នាមចេញផ្នែកក្បាលខាងក្រោយ ០១កន្លែង។
បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ហើយបានកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវ ដោយមានការសម្របសម្រួលដឹកនាំផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្តាល លោក ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ លោក សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនិងមានការចូលរួមពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។
យោងតាមការឱ្យដឹងរបស់សមត្ថកិច្ចថា មូលហេតុដែលក្រុមជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ គឺដោយចោទប្រកាន់ថា មកពីជនរងគ្រោះ បានតាមដានពួកគេ ពីរឿងចែកចាយថ្នាំញៀន ហើយជនរងគ្រោះឈ្មោះ ឆែម ឆា ក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ អាង រស្មី និងបក្ខពួក ដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន នៅចំការឫស្សីពីងពង់នៅភូមិដុលផងដែរ។
ចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា តែម្ដង។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ៕


