សៀមរាបៈ ស្រូវដែលដាំជាលើកដំបូងនៅរង្វង់មូលស្រុកបន្ទាយស្រី ត្រូវបានច្រូតកាត់រួចរាល់ ហើយរដ្ឋបាលស្រុកគ្រោងនឹងកិនជាអង្ករដើម្បីធ្វើការចែកជូនពលរដ្ឋ ហើយក៏គ្រោងនឹងធ្វើការដាំដុះបន្តទៀត ដោយសារតែវាមានផលល្អ និងមានការចាប់អារម្មណ៍ច្រើនពីមហាជន។
លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃសុក្រនេះថា ពលរដ្ឋបានចូលរួមច្រូតស្រូវ ដែលដាំជាលើកដំបូងនៅរង្វង់មូលស្រុក បន្ទាយស្រី រួចរាល់ហើយកាលពីពេលថ្មីៗនេះ។
លោកថា ស្រូវនោះជាប្រភេទស្រូវធ្ងន់ ដែលត្រូវបានដាំដុះតែក្នុងរដូវវស្សាតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំទី ១នេះ ស្រូវនេះត្រូវបានដាំដុះបានប្រមាណជា ១ ហិកតាកន្លះ ដែលបានផ្តល់ផលប្រមាណជា ៤ តោនផងដែរ។ លោករីករាយទៅនឹងទិន្នផលដែលទទួលបាននេះ ហើយរដ្ឋបាលស្រុក ក៏ដូចជាសហគមន៍ក៏គ្រោងនឹងបន្តដាំនៅឆ្នាំទី ១ ទៀតផងដែរ ដោយសារតែ វាមានទិន្នផលល្អ ហើយមហាជនក៏មានការចាប់អារម្មណ៍ច្រើនក្នុងការដាំស្រូវនៅរង្វង់មូលនេះ។
លោក ឃឹម ហ្វីណង់ ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៦ ខែវិច្ឆិកានេះថា៖ «ភ្លេចៗខ្លួន ស្រូវក្នុងបរិមណ្ឌលបន្ទាយស្រី ប្រមូលផលបានបាត់! ធ្វើស្រែនៅទីនេះពិតជាមិនអត់ប្រយោជន៍មែន ចំណាយអស់តិច តែបានទាំងភាពស្រស់ស្អាតសម្រាប់អ្នកទេសចរមកលេងកម្សាន្ត ថតរូប និងរៀបចំពិធីដាល់អំបុកផង ហើយថែមទាំងបានផលស្រូវជាច្រើនតោនទៀតផង»។
លោកបានបន្ថែមថា ស្រូវទាំងអស់នេះនឹងត្រូវបានយកទៅកិនជាអង្ករស្រូវថ្មីសម្រាប់ចែកជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាការថ្លែងអំណរគុណចំពោះការជួយចូលរួមឧបត្ថម្ភគាំទ្រឱ្យបរិមណ្ឌលដ៏ធំមួយនេះអាចលេចចេញជារូបរាងឡើងនៅទីនេះបាន៕
វីដេអូ៖


