ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋបារាំង បានសហការគា្ន បើកវគ្គបំប៉នជំនាញ ប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធពិសេសពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលជាតិកម្ពុជាក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។
យោងតាមហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ២ ខែតុលា បានឱ្យដឹងថា វគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀននេះ ធ្វើឡើងក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំង ដោយមានសិក្ខាកាមចំនួន ២០ នាក់។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន បានលើកឡើងថា ការសហការរៀបចំវគ្គបំប៉ននេះឡើងបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា-បារាំង ដែលជាកិច្ចសហការប្រវត្តិសាស្ត្រមួយសម្រាប់នគរបាលជាតិនៃប្រទេសទាំង ២។ សម្រាប់មេរៀនដែលបានរៀបចំឡើង ក្នុងវគ្គបំប៉ននេះសុទ្ធសឹងតែជាមេរៀនសំខាន់ដែលឆ្លើយតបទៅនឹងសភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន ដែលកើតឡើងពេលបច្ចុប្បន្ន។ ហេតុនេះ លោកបានជំរុញឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ។
លោក ម៉ក់ ជីតូ ថ្លែងថា៖ «វគ្គបំប៉នជំនាញមានសារៈសំខាន់បំផុតសម្រាប់នគរបាលជាតិកម្ពុជា ហេតុដូចនេះសិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងស្តាប់ យកចិត្តទុកដាក់កត់ត្រាសាកសួរដកស្រង់យកបទពិសោធន៍ លើកឡើងនូវបញ្ហាដែលធ្លាប់ជួបប្រទះដោះស្រាយមិនបាន ដើម្បីសុំយោបល់ពីសំណាក់គ្រូបង្គោលដែលគាត់មានចំណេះជំនាញយកទៅកែសម្រួលនូវរាល់ចំណុចខ្វះខាតរបស់យើង»។
យោងតាមក្រសួងមហាផ្ទៃ លោកស្រី Nathalie CARLIER អនុព័ន្ធសន្ដិសុខផ្ទៃក្នុងនៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំង បានលើកឡើងថា វគ្គបំប៉នជំនាញនេះ មានការបង្រៀនផ្ទាល់ដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ ដែលនឹងផ្តល់ជូនចំណេះដឹងល្អៗសម្រាប់សិក្ខាកាម ក្នុងការពង្រឹង និងពង្រីកសមត្ថភាព ដើម្បីអភិវឌ្ឍការងារប្រកបដោយប្រសិទ្ធភាព។
លោកស្រីបានបន្តថា៖ «សូមអំពាវនាវដល់សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់សិក្សាផ្លាស់ប្តូរយោបល់សួរសំណួរនៅត្រង់ចំណុចណាដែលមិនយល់ ធ្វើដូចនេះសិក្ខាកាមនឹងទទួលបានចំណេះ ជំនាញពិតប្រាកដមួយដើម្បីយកទៅអនុវត្តជាក់ស្តែង»។
ពាក់ព័ន្ធនឹងករណីបទល្មើសគ្រឿងញៀន លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ថា ការពង្រឹងកិច្ចសហការគ្នារវាងបណ្តាប្រទេសនានា ពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា-បារាំង ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន គឺជារឿងល្អ។
លោកថ្លែងថា៖ «បញ្ហាគ្រឿងញៀនទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់របស់សមត្ថកិច្ចឱ្យកាន់តែល្អមានប្រសិទ្ធភាពថែមទៀត និងត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធ ទាំងក្នុងតំបន់ និងអន្តរជាតិឱ្យបានកាន់តែរឹងមាំតាមរយៈការលុបបំបាត់អំពើរពុករលួយ ចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើស ពិសេសបង្កើតវគ្គបណ្តុះបណ្តាលជំនាញថ្មីបន្ថែមដល់មន្ត្រីអនុវត្តន៍ផ្ទាល់»។
សូមបញ្ជាក់ថា វគ្គបំប៉នជំនាញនេះ មានរយៈពេល ៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែតុលា។ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើការកំណត់អត្តសញ្ញាណគ្រឿងញៀន, លំហូរគ្រឿងញៀនជាសកល, រចនាសម្ព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរសារធាតុញៀននៅប្រទេសបារាំង, ការប្រមូលភ័ស្តុតាងមុនពេលចាប់ខ្លួន, ការស៊ើបអង្កេតស្ថានភាពជុំវិញអ្នកជួញដូរ និងបច្ចេកទេស ពិសេសក្នុងការស៊ើបអង្កេត និងនីតិវិធីផ្លូវច្បាប់ជាច្រើនទៀត៕


