ត្បូងឃ្មុំៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ ៥០ លានដុល្លារ និងសាលាបឋមសិក្សាវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅដើមខែមីនា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់រដ្ឋបាលខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២៥ ខែកុម្ភៈថា៖ «នាព្រឹកថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លារ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោក អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំឱ្យដឹងថា មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ហ៊ុន សែន និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ ដោយចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃនាថ្ងៃទី២៥ ខែកុម្ភៈ។
លោកបន្ថែមថា ផ្ទៃក្រឡាមន្ទីរពេទ្យ មានទំហំ៥៥ ៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ ២៤ ៣០០ ម៉ែត្រការ៉េ មានកម្ពស់ ២៤ ម៉ែត្រ ចែកចេញជា ៥ ជាន់។
បើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ មន្ទីរពេទ្យនេះ បំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន ៣០០ គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង ៤០០ នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្របដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។
ជាមួយនឹងការសម្ពោធសាលាបឋមសិក្សាវិទ្យាល័យតេជោសែនត្បូងឃ្មុំដូចគ្នានេះដែរ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សាលារៀននេះ បានដាក់ឱ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន ២ ខ្នង កម្ពស់៣ជាន់ មាន៣៦បន្ទប់ អគារទីចាត់ការចំនួន២ខ្នង ១០ បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧ នាក់ និងគ្រូបង្រៀនសរុប ១៨នាក់។ នេះបើយោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ៕


