ក្រចេះ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា (WWF) កាលពីថ្ងៃម្សិលមិញបានបង្ហាញថា ការស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវតិ្តនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ បានកត់ត្រានូវវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួន ៣ ក្បាល និងរមាំងជំទង់ ១ ក្បាល ជាលើកដំបូងក្នុងអំឡុងពេល ៥ ឆ្នាំ។ របកគំហើញដ៏សំខាន់មួយនេះនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
ក្រុមអ្នកអភិរក្សបានបង្ហាញក្តីរំភើបរីករាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងនេះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃសំបូរក្នុងចំណោមរូបថតសរុបចំនួន ១ ៧១០ សន្លឹក ថតបានក្នុងចន្លោះខែសីហា ដល់ខែកញ្ញា នេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវតិ្តនៅតាមទីតាំងផ្សេងៗគ្នាក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០ ០៩៣ ហិកតា។
ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវត្តិក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។
នាយកអង្គការ WWF-កម្ពុជា លោក សេង ទៀក បានឱ្យដឹងថា រូបភាពដ៏កម្រនៃសត្វរមាំងទាំងនេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សនេះ ដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
លោក សេង ទៀក បានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារពង្រឹងការអនុវត្តច្បាប់ទាំងអស់ដែលបានបំពេញតួនាទីដ៏សំខាន់នេះក្នុងការដើរល្បាតជាប្រចាំក្នុងដែនជម្រកសត្វព្រៃ និងពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារ និងច្បាប់ព្រៃឈើ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះជាកត្តាចម្បងមួយធ្វើឱ្យជនខិលខូចមានការខ្លាចរអា និងអាចទប់ស្កាត់បទល្មើសសត្វព្រៃ និងព្រៃឈើ ដើម្បីអនុញ្ញាតឱ្យសត្វព្រៃរួចផុតពីភាពភ័យខ្លាច និងអាចរស់នៅដោយសេរីភាពក្នុងដែនជម្រកសត្វព្រៃដែលមានសុវត្ថិភាព»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញនេះថា ការរកឃើញវត្តមានសត្វរមាំងចំនួន ៤ ក្បាលនេះបង្ហាញពីការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
វត្តមាននៃសត្វរមាំងជាប្រភេទសត្វកម្រនៅលើពិភពលោកដែលត្រូវបានរកឃើញក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជាបានបញ្ជាក់ពីប្រសិទ្ធភាពនៃការការពារ និងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការការពារ និងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវ និងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។
រយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២០ ដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ករណី ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណារយន្តបានចំនួន ២ ៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។
លោក ភក្ត្រា ថ្លែងថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចៗនៅតែកើតមានដែលសមត្ថកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាប និងទប់ស្កាត់បន្តទៀត៕


