កោះកុង: ក្រោយពីទូរស័ព្ទចូលជាច្រើនដងប្ដីមិនលើក ស្ត្រីជាប្រពន្ធបានជិះម៉ូតូឌុបទៅកាន់ខ្ទមចម្ការមួយ ដែលមានចម្ងាយជាងពីរគីឡូម៉ែត្រពីភូមិចាំយាម ជាទីដែលបុរសជាប្ដីបានស្នាក់នៅ និង ប្រកបរបរធ្វើចម្ការ និង ដុតធ្យូង ដើម្បីរកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ ប៉ុន្តែជាអកុសលពេលស្ត្រីជាប្រពន្ធទៅដល់ ឃើញតែទូរស័ព្ទនៅក្នុងហោប៉ៅអាវ ដែលព្យួរនៅមុខកូនខ្ទមតូចមួយដែលធ្វើពីកូនថ្លុង ប្រក់ស័ង្កសី ចំណែកបុរសជាប្ដី បានស្លាប់ស្ទើរក្លាយជាផេះផង់នៅក្នុងឡធ្យូងរបស់ខ្លួន គួរឲ្យអនិច្ចាជាទីបំផុត។ នេះជាការរៀបរាប់របស់សមត្ថកិច្ចឃុំ ប៉ាក់ខ្លង កាលពីម្សិលមិញ។
លោក លឹម ហ៊ី នាយនគរបាលប៉ុស្តិ៍ឃុំ ប៉ាក់ខ្លង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា បុរសរងគ្រោះ ឈ្មោះ លី សាវឿន អាយុ ៥៦ ឆ្នាំ ជាប្រជាកសិករនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក បានបន្តថា យោងតាមចម្លើយរបស់ស្ត្រីជាប្រពន្ធឈ្មោះ អ៊ុក លី អាយុ ៥៨ឆ្នាំ និង ពលរដ្ឋនៅក្នុងភូមិ កាលពីនៅរស់រានមានជីវិត បុរសរងគ្រោះជាមនុស្ស «ស្លូត មានចរិត រួសរាយរាក់ទាក់ មានសន្ដានចិត្តល្អ និង មិនធ្លាប់មានជម្លោះជាមួយអ្នកណាឡើយ»។
បើតាមសម្ដីរបស់អ្នកស្រី អ៊ុក លី មុនពេលកើតហេតុ [ថ្ងៃចន្ទទី ១២ ធ្នូ ២០១៦] វេលាម៉ោង ៧ព្រឹក គាត់បានប្រាប់អ្នកស្រីឲ្យទៅចម្ការក្រោយពី ត្រឡប់ពីលក់ដូរនៅឯផ្សារ ដើម្បីជួយកាយធ្យូងចេញពីឡ ព្រោះគាត់មិនស្រួលខ្លួន គឺ«មានអាការចេះតែវិលមុខ» ប្រាប់ហើយគាត់ក៏ដើរចេញទៅចម្ការតែម្នាក់ឯងដូចសព្វមួយដង។ លុះដល់វេលាម៉ោងជិត ១២ ថ្ងៃត្រង់ អ្នកស្រីបានទូរស័ព្ទហៅគាត់ឲ្យត្រឡប់មកផ្ទះហូបបាយតែមិនមានការឆ្លើយតប ក៏ទៅតាម។
អ្នកស្រីបានបញ្ជាក់ថា៖ «ពេលទៅដល់ខ្ញុំដើររកមើល និងស្រែកហៅគាត់ពេញក្នុងចម្ការ តែមិនឃើញខ្ញុំក៏ដើរទៅមើលឡដុតធ្យូង ស្រាប់តែឃើញឆ្អឹងស្មងជើង លលាដ៍ក្បាល និងកម្ទេចឆ្អឹងផ្សេងៗទៀត កំពុងឆេះស្ទើរក្លាយជាផេះនៅក្នុងឡនោះ ខ្ញុំជឿថា គាត់ប្រាកដជាវិលមុខ ដួលស្លាប់»។
ស្ត្រីជាប្រពន្ធ និងប្រជាពលរដ្ឋ បានអះអាងពីសាវតាររបស់ជនរងគ្រោះ ថាជាមនុស្សស្លូតបូត រួសរាយរាក់ទាក់ ចិត្តល្អ ហើយបច្ចុប្បន្ន ឆ្អឹងរបស់ជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ និងកូនៗរបស់គាត់ រើសយកមកធ្វើបុណ្យតាមប្រពៃណី៕

