ភ្នំពេញៈ ក្មេងស្រីវ័យ ១៨ ឆ្នាំម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ត្រូវក្រុមជនមិនស្គាល់មុខមួយក្រុមបានចាប់ដាក់ឡានយកទៅបង្ខាំងទុកអស់រយៈពេល ២ យប់ ៣ ថ្ងៃពេលចេញពីរៀនគួរពេលល្ងាចកាលពីថ្ងៃទី ៣ ខែសីហាហើយទើបតែអាចលួចរត់គេចខ្លួនរួចមកវិញបាន ខណៈក្រុមជនសង្ស័យកំពុងបម្រុងយកទៅដាក់លើឡានបញ្ជូនបន្ដទៅកាន់កន្លែងផ្សេងជាមួយនឹងក្មេងស្រីប្រមាណ ១០ នាក់ផ្សេងទៀត។
លោក ស៊ុម វឌ្ឍនា ឪពុកក្មេងស្រីរងគ្រោះ ស. ដ. វ ដែលរស់នៅក្នុងសង្កាត់ព្រៃសបាននិយាយទាំងហត់នឿយប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅផ្ទះរបស់លោកកាលពីថ្ងៃម្សិលមិញ ខណៈកូនស្រីកំពុងស្ថិតក្នុងភាពភ័យខ្លាចនៅឡើយថា កូនស្រីរបស់លោកបានរកទូរស័ព្ទខ្លួនឯងឃើញក៏បានខលមកលេខទូរស័ព្ទរបស់លោកដោយប្រាប់ថាកំពុងត្រូវគេចាប់បង្ខាំងទុកនៅទីងងឹត តែមិនដឹងទីណាទេ។
លោកបានបន្ដថា៖ «ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅជាច្រើនកន្លែង តែប៉ូលិសមិនបានធ្វើការអ្វីឲ្យខ្ញុំទេ។ ខ្ញុំទៅដាក់ពាក្យបណ្ដឹងគឺដាក់បណ្ដឹងតាមផ្លូវច្បាប់ តែអ្នករកឃើញគឺខ្ញុំរកឃើញខ្លួនឯងទេ។ វារើសបានទូរស័ព្ទវា ទើបវា ខលមក ទើបនិយាយបាន ២-៣ ម៉ាត់ ទើបរកតាមហ្នឹងទៅ»។
បើតាមឪពុកក្មេងស្រីបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី ៣ ខែសីហា កូនស្រីរបស់លោកបានទៅរៀនគួរដូចសព្វដង ប៉ុន្ដែដោយផ្លូវស្ទះពេក ក៏ជិះវាងមកតាមផ្លូវ អាស៊ាន (ផ្លូវ ៦០ ម៉ែត្រ) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ផ្លូវនោះល្ងាចឡើងរាងស្ងាត់ ទើបបណ្ដាលឲ្យជនសង្ស័យមានឱកាសចាប់កូនស្រីរបស់លោកបាន។
អ្នកស្រី ភាជ សុខឃឿន អ្នកជិតខាងក្មេងស្រីដែលត្រូវគេចាប់នេះបានឲ្យដឹងដែរថា យុវតីរងគ្រោះ ស.ដ.វ ជាក្មេងស្រីម្នាក់ដែលរៀនពូកែនៅក្នុងភូមិ និងកំពុងរៀនត្រៀមប្រឡងបាក់ឌុបឆ្នាំនេះផង។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំធ្លាប់តែឃើញព័ត៌មានគេចុះផ្សាយពីរឿងចាប់ក្មេងអ៊ីចឹង ដល់មកជួបសាច់ញាតិខ្លួនឯង អ៊ីចឹងគឺខ្លាចតែម្ដង។ នៅស្រុកខ្ញុំនេះមិនដែលមានការចាប់អ៊ីចឹងទេពីមុនមក»។
បើតាមអ្នកស្រី សុខឃឿន យុវតីដែលបានជួបនិយាយជាមួយក្មេងស្រីកាលពីទើបមកដល់ផ្ទះដំបូងបានលើកឡើងថា៖ «នាងថា មានឡានដូចឡានទេសចរណ៍អ៊ីចឹង វាមកឈប់នៅមុខនាងដែលកំពុងតែជិះម៉ូតូ រួចបត់ឡានមកក្បែរនាង ហើយមានគ្នាវាមកពីក្រោយ ក៏ខ្ទប់មាត់ចាប់រុញនាងឡើងលើឡានតែម្ដង ហើយមានគ្នាវាផ្សេងទៀតជិះម៉ូតូយកទៅបាត់»។
អ្នកស្រីបានអះអាងថា យុវតី ស.ដ.វ បានប្រាប់អ្នកស្រីថា «មានក្មេងស្រីដែលត្រូវចាប់ខ្លួនដូចនាងប្រហែល ១០ នាក់ទៀតកំពុងត្រូវគេឃុំខ្លួន»។
ទោះបីជាយ៉ាងណា ឪពុកក្មេងស្រីរងគ្រោះមិនទាន់អាចឲ្យជួបកូនស្រីរបស់លោក ដើម្បីសាកសួរព័ត៌មានបានទេដោយប្រាប់ថា នាងកំពុងស្ថិតក្នុងភាពភ័យខ្លាច ពិសេសពេលឃើញមនុស្សចម្លែក។
លោក ស៊ុំ សារី នាយប៉ុស្ដិ៍ សង្កាត់ព្រៃស បានឲ្យដឹងកាលពីម្សិលមិញថា ខាងក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទៅប្ដឹងនៅប៉ុស្ដិ៍កាលពីថ្ងៃសុក្រ ទី ៣ ខែសីហាចំពោះករណីដែលកូនរបស់គាត់បានបាត់ខ្លួនពេលទៅរៀននៅសាលា។
លោកបន្ថែមថា៖ «កាលពីថ្ងៃទី ៣ ពួកគាត់បានមកប្ដឹងថាបានបាត់កូនពេលទៅរៀនគួរល្ងាច មិនឃើញមកផ្ទះវិញ។ ខ្ញុំមិនទាន់មានរបាយការណ៍ ឬកំណត់ហេតុអ្វីទេ ព្រោះឪពុកក្មេងស្រីមិនទាន់ឲ្យជួបក្មេងស្រី ហើយឥឡូវខាងខណ្ឌបានមកយករបាយការណ៍ទៅអស់ហើយ»៕


