ភ្នំពេញ: អភិបាលខណ្ឌឬស្សីកែវ កាលពីម្សិលមិញ បានច្រានចោលចំពោះការលើកឡើងដែលថា អាជ្ញាធរក្នុងខណ្ឌនេះ កាលពីថ្ងៃទី៣១ ខែកក្កដា បានដឹកនាំកងកម្លាំងទៅចាប់ក្មេងមិនទាន់គ្រប់អាយុម្នាក់និងបានវាយដំក្មេងនេះឲ្យរងរបួស ដោយគ្មានមូលហេតុ និងបានទៅវាយកម្ទេចរបងផ្ទះរបស់ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ការច្រានចោលនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅល្ងាចថ្ងៃទី ៣១ ខែកក្កដា ដោយ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ករណីនេះ ផ្តើមចេញពីលោក មាស សាវឿន បានយកគ្រឿងចក្របម្រុងទៅវាយរបងអ្នកជិតខាងម្នាក់ ដើម្បីសាងសង់សំណង់រឹង ប៉ុន្ដែពេលនោះ ត្រូវម្ចាស់ផ្ទះឈ្មោះ លឹម វណ្ណា បានប្ដឹងមកអាជ្ញាធរ ដើម្បីជួយទប់ស្កាត់សកម្មភាពនេះ។
លោកបន្តថា ក្រោយពីសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ក្រុមកម្មករប្រមាណជាង ១០ នាក់ ដែលស្នាក់នៅយាមដីកំពុងមានទំនាស់នោះ បានប្រាប់ឲ្យក្មេងប្រុសម្នាក់ទៅទិញសាំង ក្នុងបំណងយកមកដុតភ្លើង បង្កឲ្យមានការភ័យខ្លាច ហើយសមត្ថកិច្ច បានសម្រេចឃាត់ខ្លួនក្មេងនោះ មិនឲ្យយកសាំងទៅឲ្យពួកគេ ប៉ុន្ដែក្រុមកម្មកររបស់លោក មាស សាវឿន បានប្រមូលផ្តុំតវ៉ាប្រដាប់ដោយដំបង កាំបិត ដាវ ដុំថ្ម និងគប់លាមកមកលើអាជ្ញាធរទៀតផង។
លោក ជា ពិសី បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរបានទទួលពាក្យបណ្ដឹង ដើម្បីធ្វើការដោះស្រាយទំនាស់រវាងលោក មាស សាវឿន ជាមួយអ្នកជិតខាងម្នាក់ជាប់ព្រំដីគ្នា តាំងពីយូរឆ្នាំមកហើយ ដោយទាមទារឲ្យរក្សាស្ថានភាពដីឲ្យនៅជាទ្រង់ទ្រាយដើម ពោលគឺមិនអនុញ្ញាតឲ្យមានការសាងសង់ផ្ទះ ឬធ្វើជារបងឡើយ រង់ចាំការដោះស្រាយជម្លោះត្រូវបានបញ្ចប់ ដោយគណៈកម្មការចម្រុះ ទើបភាគីម្ខាង ក្នុងចំណោមភាគីទាំងពីរ អាចអាស្រ័យផលលើដីកំពុងមានជម្លោះនេះ។
ជុំវិញការច្រានចោលនេះ លោក ថៃ ផាន់នី ពលរដ្ឋម្នាក់ ក្នុងចំណោមនោះ បានប្រាប់ថា ការលើកឡើងរបស់អាជ្ញាធរនេះ គ្រាន់តែជាការដោះសារ និងគេចវេះពីការរិះគន់ទៅលើអំពើអាក្រក់របស់ខ្លួនតែប៉ុណ្ណោះ ដោយលោកអះអាងថា អាជ្ញាធរ បានវាយដំក្មេងម្នាក់រហូតដល់បែកក្បាលចេញឈាម តាមត្រចៀក និងគ្រោងបង្ក្រាបពលរដ្ឋដោយប្រើហិង្សាទៀតផង។
លោក បន្តថា លោកមិនចង់ឲ្យមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកនោះទេ ដោយស្នើសុំឲ្យភាគីទាំងពីរ និងអ្នកជំនាញភាគីពាក់ព័ន្ធចរចាគ្នា តាមនីតិវិធីច្បាប់ ដោយផ្អែកលើឯកសារដែលមានស្រាប់ មកផ្ទៀងផ្ទាត់គ្នានៅលើតុ។ «អាជ្ញាធរ មានការឃុបឃិតគ្នា ទម្លាក់កំហុសមកលើលោក មាស សាវឿន និងពលរដ្ឋ ហើយបានក្លែងបន្លំឯកសារចង់បានដីធ្លីទំហំប្រមាណជាង ១ហិកតា ស្មើនឹង ១២០០០ ម៉ែត្រការ៉េ របស់លោក មាស សាវឿន»។
កាលពីថ្ងៃទី ៣១ ខែកក្កដា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះជិត ១០០ នាក់ ទៅធ្វើការសម្របសម្រួលតាមពាក្យបណ្ដឹងអ្នកស្រី លឹម វណ្ណា ដើម្បីឲ្យបក្ខពួកលោក មាស សាវឿន ផ្អាកសកម្មភាពជាបន្ទាន់ ក្នុងការលួចសាងសង់របងផ្ទះចំលើដីកំពុងមានទំនាស់ ដើម្បីរង់ចាំការដោះស្រាយបញ្ចប់។
អ្នកស្រី លឹម វណ្ណា ជាអ្នកប្ដឹងទៅសមត្ថកិច្ច និងលោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ កាលពីម្សិលមិញ មិនទាន់អាចសុំការបំភ្លឺជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកបានទេ៕


