ភ្នំពេញៈ តំណាងអ្នកសង្កេតការណ៍ការបោះឆ្នោតមកពីប្រទេសចំនួន ៦ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាថ្ងៃទី ២៩ ខែកក្កដាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ហើយពួកគេបានសាទរ ចំពោះប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានរហូតដល់ ៨២,១៧ ភាគរយ។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅសណ្ឋាគារ Cambodiana នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ ដែលមានតំណាងមកពីប្រទេសមួយចំនួនរួមមាន ប្រទេសម៉ាឡេស៊ី រុស្ស៊ី ឡាវ ឥណ្ឌា ថៃ និងប្រទេសវៀតណាម។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ថ្លែងថា ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតប្រកបដោយទឹកចិត្តរីករាយ ហើយថាជាការពិតពេលព្រឹកប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួនច្រើនតែដល់ពេលថ្ងៃរសៀលគឺថាមានការថយចុះ ប៉ុន្តែប្រជាពលរដ្ឋនៅតែព្យាយាមចេញទៅបោះឆ្នោត ហើយបញ្ហាទឹកជំនន់ និងបញ្ហាតិចតួចខ្លះដែលកើតមានវាមិនបានធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតនោះទេ។
លោកបានបញ្ចាក់ថា៖ «គ.ជ.ប វាយតម្លៃបឋមថា ជាការបោះឆ្នោតមួយដែលមានភាពរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាពលរដ្ឋពេញចិត្តនឹងចេញទៅបោះឆ្នោតមិនមានការគំរាមកំហែង និងមិនមានអ្វីជាដុំកំភួនដែលធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនោះទេ»។
លោក prasith Sayasith អគ្គរដ្ឋទូតឡាវប្រចាំនៅភ្នំពេញ និងតំណាងអ្នកសង្កេតការណ៍ការបោះឆ្នោតបានមើលឃើញថា ការបោះឆ្នោតគឺទទួលបានជោគជ័យមានស្ថិរភាពគ្មានអំពើហិង្សា និងគ្រប់យ៉ាងរៀបចំឡើងដោយមានសណ្តាប់ធ្នាប់ និងដំណើរការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងរលូន និងមានតម្លាភាព។
លោកបញ្ជាក់ថា៖ «វាជាការបោះឆ្នោតប្រកបដោយជោគជ័យដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
លោក Sergey Sirotkin តំណាងអ្នកសង្កេតការណ៍ការបោះឆ្នោតមកពីប្រទេសរុស្ស៊ីបានមានប្រសាសន៍ថា៖ «យើងអបអរសាទរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ» និងវិជ្ជាជីវៈ និងមានចំនួនអ្នកចូលរួមបោះឆ្នោតយ៉ាងខ្ពស់។
ជាមួយគ្នានេះតំណាងអ្នកសង្កេតការណ៍អន្តរជាតិ និងអង្គការដទៃទៀតដូចជាអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) អន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិក (CAPDI) អង្គការសមាគមសភាអាស៊ី (APA) អង្គការសមាគមអន្តរជាតិ សភាអាស៊ាន (AIPA) បានបង្ហាញការអបអរសាទរយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជា ហើយថាការបោះឆ្នោតបានអនុវត្តស្របតាមលទ្ធិប្រជាធិបតេយ្យ មានសេរីភាព និង ប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតយ៉ាងច្រើន។
ប៉ុន្តែលោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាថ្លែងថា ការវាយតម្លៃដំណើរការបោះឆ្នោតមិនមែនវាយតម្លៃតែថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយថ្ងៃនោះទេ គឺត្រូវវាយតម្លៃតាំងពីថ្ងៃចាប់ផ្តើមចុះឈ្មោះរហូតមក។
លោកបញ្ជាក់ថា៖ «គេត្រូវវាយតម្លៃតាំងពីដំណាក់កាលចុះបញ្ជីឈ្មោះ ដំណាក់កាលឃោសនា…និងចុះបញ្ជីគណបក្ស។ ការវាយតម្លៃនេះគឺមិនគ្រប់ជ្រុងជ្រោយទេ ដោយសារខ្លួនឥតទទួលព័ត៌មានសព្វគ្រប់ ហើយការវាយតម្លៃនេះ យើងពិបាកទទួលយកដែរ ហើយគាត់ត្រូវជ្រើសរើសតំបន់សង្កេតការណ៍ដោយខ្លួនឯង ភូមិភាគ ឬខេត្ត។ យើងមិនអាចសង្កេតទៅតាមការណែនាំពីម្ចាស់ទេ»៕


