ភ្នំពេញ: បុរសជាសន្ដិសុខយាមតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ៨ នាក់ក្នុងចំណោម ១២ នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីម្សិលមិញពាក់ព័ន្ធនឹងករណីក្លែងធ្វើជាមន្ត្រីប៉ូលិស និងទាហានព្រមទាំងប្រើប្រាស់អាវុធខុសច្បាប់។ នេះបើតាមលោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក លឹម សុខារស្មី បានបញ្ជាក់ថាជនសង្ស័យទាំង ៨ នាក់នោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមន្ត្រីជំនាញស្រាវជ្រាវរកឃើញថាពួកគេបានប្រើប្រាស់តួនាទីជាមន្ត្រីនគរបាលជាតិ និងជាទាហានព្រមទាំងកាន់កាប់អាវុធខ្លីខុសច្បាប់ ១០ ដើម។ ដោយឡែកពួកគេ ៤ នាក់ផ្សេងទៀតមិនបានជាប់ពាក់ព័ន្ធទេ ដោយបម្រើការជាសន្តិសុខយាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
លោកបន្តថាការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរដូចជា អាវុធខ្លី ១០ ដើម (ម៉ាករូឡូ ៣ ដើមម៉ាកកា ៥៩ ចំនួន ៣ ដើម ម៉ាកកា ៥៤ ចំនួន ៣ ដើម និងម៉ាក MAC CAL 9mn ចំនួន ១ ដើម) វិទ្យុទាក់ទង ៨ គ្រឿង និងលិខិតប្រើប្រាស់អាវុធក្លែងក្លាយរួមទាំងសម្ភារមួយចំនួនទៀត។
លោក សុខារស្មី បានបញ្ជាក់ថា៖ «ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើសាកសួរ សមត្ថកិច្ចយើងបានកំណត់មុខសញ្ញា និងចាប់បានជាបន្ដបន្ទាប់ ខណៈកំពុងយាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅភ្នំពេញ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួនមកផ្តន្ទាទោសបន្ថែមទៀត»។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះនៅឡើយទេកាលពីម្សិលមិញ។
ប៉ុន្ដែលោក លឹម សុខារស្មី បានប្រាប់ថាលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចាត់ចែងតាមនីតិវិធី និងបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនសង្ស័យទាំង ៨ នាក់រួចហើយកាលពីម្សិលមិញ។
តាមរបាយការណ៍នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា ជនសង្ស័យ ៨ នាក់ដែលត្រូវបានបញ្ជូនទៅសាលាដំបូង ទី ១- ឈ្មោះ សរ វីរៈ ភេទប្រុស អាយុ ៤៣ ឆ្នាំជាមេខ្លោងបន្លំខ្លួនជាមេនគរបាលដើរជ្រើសរើសមនុស្សចូលក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ និងបំពាក់អាវុធដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយដល់កម្លាំងដែលជ្រើសរើសបាន និងបញ្ជូនឲ្យទៅធ្វើជាសន្តិសុខយាមតាមធនាគារ។ ទី ២- ឈ្មោះ ឃិត សុខឿន ភេទប្រុសអាយុ ៣៣ ឆ្នាំជាមេខ្លោងបន្លំខ្លួនជាមេទាហានដើរជ្រើសរើសមនុស្សឲ្យចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងបំពាក់អាវុធដោយមានលិខិតបញ្ជាបេសកកម្មក្លែងក្លាយដល់អ្នកដែលជ្រើសរើសបាន និងបញ្ជូនពួកគេឲ្យទៅធ្វើជាសន្តិសុខយាមតាមធនាគារ។ ទី៣- ឈ្មោះ ឡូច ម៉េងហួង ភេទប្រុស អាយុ ៤៥ ឆ្នាំជាសន្តិសុខយាមធនាគារ។
ទី ៤- ឈ្មោះ វ៉ន សុផានិត ភេទប្រុសអាយុ ៣២ ឆ្នាំជាសន្តិសុខធនាគារ។ ទី ៥- ឈ្មោះ លី ឃាន ភេទប្រុស អាយុ ៣៨ ឆ្នាំជាសន្តិសុខយាមធនាគារ។ ទី ៦- ឈ្មោះ ផុស សឿន ភេទប្រុស អាយុ ៣១ ឆ្នាំ ជាសន្តិសុខយាមធនាគារ។ ទី ៧- ឈ្មោះ ក្រាក់ ទៀង ភេទប្រុស អាយុ ៤៤ ឆ្នាំជាសន្តិសុខយាមធនាគារ និង ទី៨- ឈ្មោះ ឌិន ធុន ភេទប្រុស អាយុ ៣៩ ឆ្នាំជាសន្តិសុខយាមធនាគារផងដែរ។
គួរបញ្ជាក់ថា សមត្ថកិច្ចនគរបាលនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានឃាត់ខ្លួនក្រុមជនសង្ស័យសរុប ១២ នាក់កាលពីអំឡុងថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែកក្កដានៅតាមគោលដៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅរាជធានីភ្នំពេញ៕


