ភ្នំពេញៈ អនុប្រធានទី ២ រដ្ឋសភា លោក ងួន ញិល បានរងការរិះគន់យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីម្សិលមិញ បន្ទាប់ពីរូបថតបង្ហាញពីរូបលោកទំនងជាកំពុងតែសម្រាន្តលក់នៅក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃអង្គារ និងបើកបរបញ្ច្រាស់ផ្លូវត្រូវបានលេចឡើង។
រូបថតទាំងនេះត្រូវបានចេញសុះសាយនៅលើ Facebook ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដោយក្នុងនោះមានម្នាក់បង្អាប់រូបតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជារូបនេះ អង្គុយរាងទ្រេតទៅលើកៅអីនៅជិតប្រធានរដ្ឋសភា លោក ហេង សំរិន ទាំងភ្នែកបិទជិតថា លោកកំពុងតែ «សមាធិ»។ ម្នាក់ទៀត ដែលមានគណនីឈ្មោះថា Paul Sok បានឃើញរូបនេះជាឱកាសនៃការរិះគន់នយោបាយ។
រូបគេបានសរសេរជាភាសាអង់គ្លេសថា៖ «CPP ដេកលក់ ៣០ ឆ្នាំហើយបានជាប្រទេសក្រីក្រយ៉ាងនេះ»។
ទោះបីជាយ៉ាងណា រូបថតដែលបង្ហាញពីរថយន្តឡិចស៊ីសរបស់លោក ងួន ញិល កំពុងតែបើកបរបញ្ច្រាស់ផ្លូវទៅវិញទេដែលបានទាក់ទាញការរិះគន់ខ្លាំងបំផុត ជាពិសេសស្របពេលដែលលោកបានចេញនូវសេចក្តីបកស្រាយ។
លោក ងួន ញិល បានសរសេរនៅលើ Facebook ថា លោកបើកបរបញ្ច្រាស់ផ្លូវដោយសារលោក «ប្រញាប់» ទៅជួបលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា។
លោកសរសេរថា៖ « ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សានិងអនុម័តច្បាប់ នោះលោកមិនបំពានច្បាប់ចរាចរណ៍នេះទេ»។ ក៏ប៉ុន្តែ ក្រុមអ្នកប្រើប្រាស់ Facebook មិនអាចទទួលបាននោះទេ។
ម្ចាស់គណនី Xeno Meas បានសរសេរជាភាសាអង់គ្លេសថា៖ «លើកក្រោយ ចេញមកបីម៉ោងមុនដូចអ្នករាល់គ្នាទៅ។ ប្រសិនជានិយាយថា សុំទោសដែលលោកធ្វើការសម្រេចចិត្តមិនត្រឹមត្រូវក្នុងនាមជាមន្រ្តីជាន់ខ្ពស់មួយរូប និងធ្វើឲ្យអ្នកដទៃទៀតអាចមានគ្រោះថ្នាក់ប្រហែលជាស្រួលជាង…ការពន្យល់ថាលោកល្មើសនិងរម្លងច្បាប់ចរាចរណ៍ដោយរបៀបម៉េច»៕ TN


