លោកអ៊ូ វីរៈ ដែលជាអ្នកវិភាគនយោបាយវ័យក្មេងម្នាក់ ថ្លែងថា គណបក្សប្រជាជន គួរតែយកពេលវេលាដែលខ្លួនកំពុងកាន់អំណាចក្នុងអាណត្តិទី៥នេះ បង្ហាញពីភាពចាស់ទុំ ខាងនយោបាយ និងត្រូវបង្ហាញពីការធ្វើកំណែទម្រង់ពិតប្រាកដ លើបញ្ហាជាតិមួយចំនួនដែលមិនទាន់បានធ្វើ ជាជាងការធ្វើទុកបុកម្នេញទៅលើគណបក្សប្រឆាំង ដែលនាំឲ្យខាតប្រយោជន៍របស់ខ្លួន។
ខណៈដែលគណបក្សកាន់អំណាចកំពុងបន្តប្តឹងប្ដល់ទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំង អ្នកវិភាគល្បីឈ្មោះរូបនេះបានថ្លែងថា ការប្តឹងប្ដល់ គឺគ្រាន់តែជាបញ្ហាតូចមួយប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាធំ គឺបញ្ហាអត់ទុកចិត្តប្រព័ន្ធតុលាការស្រុកខ្មែរ។
លោកបន្តថា ប្រសិនបើតុលាការឯករាជ បើទោះបីជាមានការប្តឹងប្ដល់ក៏ដោយ ក៏មិនសូវជាមានការព្រួយបារម្ភនោះដែរ«ពីព្រោះយើងដឹងថា តុលាការនឹងធ្វើការវិនិច្ឆ័យពឹងផ្អែកទៅលើខ្លឹមសារនិងឆន្ទៈនៃច្បាប់ ខ្លឹមសារនិងឆន្ទៈនៃរដ្ឋធម្មនុញ្ញ។ ហីបើសិនជាអ៊ីចឹងមែន យើងលែងមានការព្រួយបារម្ភហើយមិនអ៊ីចឹង!អាហ្នឹងអ្នកដែលធ្វើត្រូវ គាត់អត់មានការព្រួយបារម្ភទេ គឺគាត់អាចការពារខ្លួនបាន អ្នកធ្វើខុសត្រូវបានច្បាប់ដាក់ទោសឬក៏ពិន័យ អាហ្នឹងវាជារឿងធម្មតា»។
តុលាការឯករាជដែលទុកចិត្តបានដោយគ្រប់ភាគីទាំងអស់ និងគ្រប់ប្រជាពលរដ្ឋ គឺជាគន្លឹះនៃស្ថិរភាពសង្គម ពីព្រោះថា កាលណាមានជម្លោះ គេមិនចាំបាច់ខ្វល់ទេ គឺ គេរត់រកយន្តការដោះស្រាយតាមផ្លូវច្បាប់ គឺតុលាការដែលគេជឿទុកចិត្ត។
លោកវីរៈ បានលើកឡើងថា៖«ដូចនៅសហរដ្ឋអាមេរិកការប្តឹងប្តល់មិនមែនជាបញ្ហាធំទេ វាជារឿងធម្មតា បើចង់ប្តឹងប្តល់ទៅ ប៉ុន្តែនៅនោះ បើមិនមានអីដែលគេ(អ្នកនយោបាយ)ខុសធ្ងន់ផង ទៅប្តឹងគេ យើងដឹងហើយ តុលាការទាត់ចោល ខាតតែពេល ហើយជួនកាល ធ្វើឲ្យប្រជាពលរដ្ឋខឹងទៀត ថាធ្វើឲ្យបរិយាកាសអាប់អួគ្មានបានប្រយោជន៍អីសម្រាប់ប្រទេសជាតិ។
បច្ចុប្បន្នមេដឹកនាំគណបក្សប្រឆាំងទាំងលោកសម រង្ស៊ី ទាំងលោក កឹម សុខា និងតំណាងរាស្ត្រពីររូបទៀត រួមទាំងសកម្មជនបក្សប្រឆាំង ប្រមាណជាង ១០រូប កំពុងតែជាប់បណ្តឹងជាច្រើន នៅតុលាការ ហើយបណ្តឹងខ្លះ ត្រូវបានតុលាការធ្វើការផ្តន្ទាទោសឲ្យជាប់ទោសរួចហើយ បើទោះបីជាមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ការប្តឹងប្ដល់ទាំងនេះ គឺជារឿងនយោបាយក៏ដោយ។
លោក វីរៈ ថ្លែងថា៖«គឺដោយសារមិនមានការទុកចិត្តទៅលើប្រព័ន្ធតុលាការ ដែលនេះហើយជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហីជាការព្រួយបារម្ភរបស់ខ្ញុំដែរ»។
លោក បន្តថា បើចង់ឲ្យប្រជាពលរដ្ឋមានការទុកចិត្តលើតុលាការ គឺទាល់តែមានការរៀបចំធ្វើកំណែទម្រង់តុលាការជាប្រព័ន្ធតែម្តង។ «ដូចខ្ញុំថាអ៊ីចឹងគេចោទថា រឿងទាំងឡាយគឺជារឿងនយោបាយ ដោយសារតែគេមិនទុកចិត្តតុលាការ…។
នៅក្នុងប្រទេសកម្ពុជា ស្ថាប័នជាតិសំខាន់ៗដែលត្រូវឯករាជហ្នឹង គឺយើងអត់ទុកចិត្ត អាហ្នឹងហើយដែលមានការព្រួយបារម្ភច្រើន»។
តាមពិតទៅករណីប្តឹងប្ដល់គណបក្សប្រឆាំង វាមិនមានអ្វីដែលធ្ងន់ធ្ងរនោះទេ ប្រសិនបើប្រព័ន្ធតុលាការឯករាជ្យ។ ប៉ុន្តែវាក្លាយទៅជាករណីធ្ងន់ធ្ងរ ដោយសារតែប្រព័ន្ធតុលាការមិនឯករាជ ហើយប្រព័ន្ធតុលាការមិនឯករាជនេះ អ្នកផ្សេងដែលមិនទាន់មានករណីប្តឹងប្ដល់ក៏ភ័យ ក៏មានការព្រួយបារម្ភ ក៏ខ្លាច ឈប់ហ៊ានចូលរួម ឈប់ហ៊ាននិយាយ ឈប់ហ៊ានប្រកួតប្រជែង ដែលពេលហ្នឹង វាធ្វើឲ្យប៉ះពាល់ទៅលើដំណើរការប្រជាធិបតេយ្យទាំងមូល ហើយ ជាទូទៅការប៉ះពាល់បែបហ្នឹង នឹងធ្វើឲ្យអ្នកមានអំណាចខ្លះជិះសេះលែងដៃ។
លោកបញ្ជាក់ថា៖«សង្គមដែលបាត់បង់ការប្រកួតប្រជែង ជាទូទៅបាត់បង់តួអង្គដែលអាចជួយជាតិបានខ្លះ និងបាត់បង់គំនិតជាច្រើន អាហ្នឹងដែលយើងមានការសោកស្តាយបំផុត»។
មន្ត្រីគណបក្សកាន់អំណាច ធ្លាប់បានអះអាងថា នៅក្នុងប្រទេសកម្ពុជា មិនមានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់ទោស ដោយសារតែពួកគេ បានប្រព្រឹត្តបទល្មើស និងថា ការប្តឹងប្ដល់គឺជាការអនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ។ ប៉ុន្តែសម្រាប់អ្នកវិភាគដូចជាលោកអ៊ូ វីរៈ មើលឃើញថា ការប្តឹងប្ដល់ជាបន្តបន្ទាប់ ទៅលើមេដឹកនាំគណបក្សប្រឆាំង វាមិនមែនជាការពង្រឹងនីតិរដ្ឋនោះទេ។
លោកថ្លែងថា បើគេចង់ពង្រឹងនីតិរដ្ឋពិតប្រាកដមែន ទាល់តែគេប្តូរច្បាប់ចំនួន ៣ ដែលទាក់ទងនឹងប្រព័ន្ធតុលាការ ដើម្បីធ្វើឲ្យតុលាការរឹងមាំ និងឯករាជ។ «រឿងមួយទៀត គឺរឿងលោក សម រង្ស៊ី រឿងពាក់ព័ន្ធនឹងករណីប្តឹងប្ដល់ ជាមួយឯកឧត្តម ហោ ណាំហុង ប្រសិនបើលោកសម រង្ស៊ី (នៅជាប់ទោស) មែន គាត់មិនត្រូវគេអនុញ្ញាតឲ្យចូលសភាទេ ប៉ុន្តែគណបក្សកាន់អំណាចអនុញ្ញាតឲ្យគាត់ចូលសភា ក្រោយមកបានថា មានករណី(មានជាប់ទោស)ហ្នឹង បើមានករណីហ្នឹងធ្វើម៉េចចូលសភាបាន! អ៊ីចឹងរឿងទាំងឡាយហ្នឹង មើលទៅវាធ្វើឲ្យបាត់បង់ទៅលើយន្តការច្បាប់ អាហ្នឹងហើយវាជាការបរាជ័យនីតិរដ្ឋវាផ្ទុយវាប៉ះពាល់ទៅនីតិរដ្ឋ វាមិនមែនករណីបែបហ្នឹងមកពង្រឹងនីតិរដ្ឋកើតទេ»។
បុរសកាន់សញ្ជាតិខ្មែរ-អាមេរិករូបនេះ បានពន្យល់ថា ការពង្រឹងនីតិរដ្ឋ មិនមែនពឹងផ្អែកទៅលើករណីទេ ប៉ុន្តែជាការពឹងផ្អែកទៅលើដំណើរការអនុវត្តទៅតាមច្បាប់ យកខ្លឹមសារនិងគោលការណ៍ច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញដែល ជាច្បាប់កំពូលយកមកធ្វើជាខ្នាត ក្នុងការធ្វើការសម្រេចចិត្តហើយក្នុងការធ្វើការសម្រេចចិត្តហ្នឹងទៀត គឺទាល់តែរៀបចំធ្វើយ៉ាងម៉េចឲ្យមានការទុកចិត្តពីព្រោះការធ្វើឲ្យមានការទុកចិត្ត វាគឺជាគន្លឹះមួយដ៏សំខាន់មែនទែន ដើម្បីធ្វើឲ្យមានស្ថិរភាពនយោបាយ និងស្ថិរភាពប្រទេសបាន។
លោកបញ្ជាក់ថា៖«មានការទុកចិត្តទៅលើនីតិរដ្ឋ មានការទុកចិត្តទៅលើការប្រើប្រាស់ច្បាប់ ដើម្បីផលប្រយោជន៍សង្គម ហើយនិងការប្រើប្រាស់ច្បាប់ឲ្យស្មើភាពគ្នាពីរហ្នឹងគឺនីតិរដ្ឋ ហើយពីរហ្នឹងមនុស្សចាប់ផ្តើមមានភាពកក់ក្តៅហើយ បើសិនជាយើងធ្វើអីអត់ខុសយើងខ្វល់អី យើងកក់ក្តៅហើយមិនអ៊ីចឹងយើងទុកចិត្តបានហើយ!»។
បច្ចុប្បន្នតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ សមាជិកព្រឹទ្ធសភាម្នាក់ និងសកម្មជនបក្សប្រឆាំងជាង១០ រូប ព្រមទាំងមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គជប ១រូប កំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្រោមបណ្តឹងចោទប្រកាន់ផ្សេងៗគ្នា ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនចាត់ទុកថា ជាបទចោទដែលស្ថិតនៅក្រោមឥទ្ធិពលនយោបាយ ដែលជាដើមចមធ្វើឲ្យនយោបាយឡើងកម្តៅ។
លោកអ៊ូ វីរៈ ក៏ដូចជាមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនផងដែរ គឺចង់ឲ្យអ្នកនយោបាយគណបក្សជាប់ឆ្នោតទាំងពីរជួបចរចាគ្នាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងតែឡើងកម្តៅនេះ ដើម្បីធ្វើឲ្យមានបរិយាកាសល្អ នៅមុនការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨។
លោកវីរៈនិយាយថា គណបក្សទាំងពីរ គួរតែដកថយមួយជំហានម្នាក់ ហើយត្រូវជួបចរចាគ្នា ធ្វើការដោះស្រាយបញ្ហាទាំងឡាយដែលមានការខ្វែងគំនិតគ្នា។
«ការធ្វើបាតុកម្មជាជម្រើសមួយដ៏សំខាន់ ហីយើងចង់ឲ្យគណបក្សប្រឆាំង បញ្ឈប់ធ្វើបាតុកម្មទាំងស្រុងក៏ទៅមិនរួចដែរ ពីព្រោះអីអត់មានជម្រើសអីផ្សេង ប៉ុន្តែបើគាត់ប្រើជម្រើសធ្វើបាតុកម្មអ៊ីចឹងទៅ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុន្តែបើសិនក្នុងករណីកៀបសង្កត់គាត់យូរទៅ បាត់បង់សំឡេងគណបក្សប្រឆាំង អ្នកកាន់អំណាចជិះសេះលែងដៃ ក៏យូរអង្វែងទៅប៉ះពាល់សេដ្ឋកិច្ចដូចតែគ្នា។ អ៊ីចឹងអត់មានរូបមន្តមួយណា ក្រៅពីការប្រកួតប្រជែងទេ ការប្រកួតប្រជែង គឺជាផលប្រយោជន៍នៃយើងជាអ្នកចាំទទួលផលដូចយើងឃើញតូបកាហ្វេពីរ គេប្រកួតប្រជែងគ្នាយើងដឹងថាយើងបានកាហ្វេឆ្ងាញ់ហើយថោក ហីសេវាញញឹមញញែមហើយ ពីព្រោះអីសេវានរណាគេគំរោះគំរើយ យើងឈប់ចូលហើយមិនអ៊ីចឹង! យើងមានជម្រើស អ៊ីចឹងបើអត់មានជម្រើសទេវាពិបាក អ៊ីចឹងការប្រកួតប្រជែងប្រជាពលរដ្ឋទេគឺជាអ្នកឈ្នះ យើងចង់ឲ្យពួកគាត់ប្រកួតប្រជែង អាហ្នឹងជាគន្លឹះមួយដ៏សំខាន់»។
មួយវិញទៀតសូមកុំយករឿងនយោបាយទៅប្រៀបធៀបជាមួយការវ៉ៃស្រី ឬការវ៉ៃគ្នា ប៉ុន្តែត្រូវប្រៀបធៀបទៅនឹងការរត់ប្រណាំងវិញបានន័យថា កុំខ្វល់ពីគេ ធ្វើយ៉ាងណារត់តែខ្លួនយើងឲ្យលឿនមកគេក៏រត់លឿន ប៉ុន្តែបើយើងរត់លឿនជាងគេ អ៊ីចឹងចុងបញ្ចប់គឺខ្មែរយើងរត់លឿន។
ការរត់ប្រណាំងគឺជាកីឡាមួយដ៏ល្អបំផុត ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យតែរត់ប៉ែងជើងគេទៅបានហើយ។
បុរសវ័យក្មេង ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣រូបនេះ បានថ្លែងថា៖«អ៊ីចឹងជាគន្លឹះយើង(អ្នកនយោបាយ)កុំផ្តោតទៅលើការវ៉ៃប្រហារគ្នា ឬប៉ែងជើងគ្នា យើងផ្តោតមកលើការប្រឹងប្រែងរៀងៗខ្លួនដើម្បីធ្វើជាគូប្រកួតប្រជែងដ៏រឹងមាំ ដើម្បីធ្វើជាជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ អាហ្នឹងគឺជាគន្លឹះ។ ដោយសារអ៊ីចឹងហើយ ខ្ញុំមើលទៅការកាត់បន្ថយកម្តៅនយោបាយ គឺមានផលប្រយោជន៍ខ្លាំងណាស់ ឈប់វាយប្រហារគ្នាខ្លាំងពេក អ្នកខ្លះថា មើលប្រទេសគេមើ គេរិះគន់ជាលក្ខណៈបុគ្គល គេវ៉ៃប្រហារគ្នា គេលាបពណ៌គ្នាលាបអីដែរហ្នឹង! ប៉ុន្តែប្រទេសកម្ពុជា មិនទាន់ដល់ពេលហ្នឹងទេ មិនគួរលាបពណ៌គ្នាទេ ខ្ញុំមើលឃើញការជេរខ្លះ អសុរោះមែនទែនទាំងសងខាង មិនមែនតែម្ខាងទេ ម្ខាងអាងអំណាច ម្ខាងអាងជេរ…»។ លោក អ៊ូ វីរៈ បានសម្តែងការសោកស្តាយ ការដែលអ្នកនយោបាយខ្មែរ មិនបានធ្វើនយោបាយ ដោយអត់ធ្មត់ គឺគិតតែពីប្រើអំណាចហិង្សា និងប្រើពាក្យសម្តីហិង្សាតាមគ្រប់រូបភាពដើម្បីតែប្រជាប្រិយភាពរៀងៗខ្លួន ដែលការធ្វើបែបនេះ ទីបំផុតគឺវានឹងធ្វើឲ្យប្រទេសកម្ពុជាបរាជ័យ ដោយសារតែខ្មែរចងកំហឹងដាក់គ្នា។
បើតាមលោកវីរៈ ដើម្បីដោះស្រាយស្ថានការណ៍នយោបាយដែលកំពុងតែឡើងកម្តៅនេះ «គឺទាមទារឲ្យមានការបោះដៃរកគ្នាទាំងសងខាង ទាមទារឲ្យមានការបន្ទន់ឥរិយាបថរៀងៗខ្លួន មិនមែនតែម្ខាងទេ អាហ្នឹងគឺជាគន្លឹះមួយដែលចាំបាច់បំផុត ហើយកុំអ្នកខ្លះថា អ្នកខាងនោះគេមានអំណាច គេប្រើអំណាច ហើយយើងជេរស្រេចចិត្តទៅ មិនមែនទេ តែយើងជេរហ្នឹងក៏ហិង្សាដែរ យើងឃើញជេរខ្លះលាបពណ៌ខ្លះប្រមាថ ខ្លះទៅប្រមាថដល់កូនគេ កូនចៅគេ ជីវិតគេ គ្រួសារគេ ប្រមាថលាបពណ៌អ្វីដែលផ្ទុយពីការពិតទាំងស្រុង ដើម្បីតែផលប្រយោជន៍នយោបាយខ្លួនហ្នឹងហើយជាគន្លឹះនៃនយោបាយប្រេះឆា ដែលខ្ញុំមិនគាំទ្រ…»។
លោកវីរៈចង់ឲ្យអ្នកនយោបាយធ្វើនយោបាយដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកឈ្នះ ប្រទេសជាតិជាអ្នកឈ្នះ បានន័យថា អ្នកនយោបាយ ជាអ្នករត់ប្រណាំង ហើយចុងបញ្ចប់ ប្រជាពលរដ្ឋជាអ្នកជ្រើសរើស។ «ប៉ុន្តែឈ្នះៗហ្នឹងមិនអាចគណបក្សពីរ ឈ្នះទាំងពីរ ទៅកាន់អំណាចទាំងពីរកើតទេ ប៉ុន្តែជាទូទៅ ការប្រកួតប្រជែងបែបហ្នឹងរមែងមានទាំងអ្នកឈ្នះ មានទាំងអ្នកចាញ់ ប៉ុន្តែចាញ់ក្នុងន័យមួយ ដើម្បីជាតិឈ្នះ …»។
លោកវីរៈ លើកឡើងថា ការឈ្នះឆ្នោតរបស់គណបក្សណាមួយគឺមានន័យថា ជាឱកាសជាកាតព្វកិច្ច ដែលប្រជាពលរដ្ឋផ្តល់ឲ្យគណបក្សនោះ ដើម្បីទៅបម្រើជាតិ។ «បើប្រជាពលរដ្ឋហុចកាតព្វកិច្ចឲ្យយើងហើយ យើងចាត់ទុកថា ជាកិត្តិយស ប៉ុន្តែក៏ជាកាតព្វកិច្ចមួយ ក្នុងការបំពេញការងារហ្នឹងទេ មិនមានអីអស្ចារ្យជាងនឹងទេ អ៊ីចឹងបើសិនជាអ្នកផ្សេងគេអាចធ្វើបានគ្រាន់បើជាងយើង ឬក៏ប្រជាពលរដ្ឋគេចង់ឲ្យអ្នកផ្សេងសាក ឲ្យអ្នកផ្សេងសាកទៅអាហ្នឹងគឺជារឿងមួយបើយើងរៀនធ្វើចិត្តបែបនឹងទើបយើងអត់មានការព្រួយបារម្ភពីការចាញ់ទេ»។
ខណៈថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំង កំពុងជាប់បណ្តឹងជាច្រើន នៅតុលាការ គណបក្សកាន់អំណាចបានបែរខ្នងដាក់បក្សប្រឆាំងបិទផ្លូវចរចា ដែលការធ្វើបែបនេះ ត្រូវបានលោកអ៊ូ វីរៈ យល់ថា គណបក្សកាន់អំណាចគិតខុស។
«គណបក្សប្រជាជនក្នុងពេលបច្ចុប្បន្ននេះ គាត់គិតថា គាត់មិនចាំបាច់ទៅនិយាយអីជាមួយគណបក្សប្រឆាំងទេ ពីព្រោះគាត់កំពុងតែឈ្នះ គណបក្សប្រឆាំងទេដែលប្រឈមនឹងករណីពន្ធនាគារ ប្រឈមនឹងករណីតុលាការអ៊ីចឹងហ្នឹងណា ប៉ុន្តែខ្ញុំមើលទៅគាត់គិតខុស មូលហេតុអីគាត់គិតខុស? ពីព្រោះអីចុងបញ្ចប់គ្មានអ្នកណាគេវិនិច្ឆ័យគាត់ ជាងប្រជាពលរដ្ឋទេ គេកំពុងតាមឃ្លាំមើលអ៊ីចឹងខ្ញុំមើលទៅ ទាំងសងខាងខាត ជាតិខាត គឺមិនឃើញគណបក្សប្រជាជនចំណេញទេ»។
បើសិនគណបក្សប្រជាជន គាត់ជជែកគ្នាជាមួយគណបក្សប្រឆាំង ដើម្បីទុកឲ្យមានភាពស្ងប់ស្ងាត់ ក្នុងពេលដែលគាត់កាន់អំណាចគាត់យកភាពស្ងប់ស្ងាត់ហ្នឹងដើម្បីគាត់រៀបចំធ្វើកំណែទម្រង់ ដើម្បីទាក់ទាញការទុកចិត្តពីប្រជាពលរដ្ឋថាគាត់មានឆន្ទៈ គាត់ដឹងពីបញ្ហាហើយគាត់មានគំនិតក្នុងការដោះស្រាយបញ្ហាបាន នោះប្រជាពលរដ្ឋនឹងបោះឆ្នោតគាំទ្រគាត់ទៀតហើយ។
លោកបញ្ជាក់ថា៖«បើគេទុកចិត្តគាត់ប៉ុណ្ណឹងគឺគេអាចនឹងផ្តល់ឱកាសឲ្យគាត់ទៀតហើយ គេគាំទ្រគាត់ហើយ មិនអ៊ីចឹង! អ៊ីចឹងគាត់អាចយកឱកាសស្ងាត់ស្ងៀមហ្នឹង ដើម្បីរៀបចំពង្រឹងរដ្ឋាភិបាល រៀបចំពង្រឹងខ្លួនឯង។ គណបក្សប្រឆាំង គាត់គួរតែយកឱកាសស្ងប់ស្ងៀម ដើម្បីពង្រឹងខ្លួនគាត់ដែរ។ ពលរដ្ឋចង់បានអីពីគណបក្សប្រឆាំង? ប្រជាពលរដ្ឋចង់បានគណបក្សប្រឆាំងទៅជាគណបក្សមួយ ដែលគាត់ទុកចិត្តថាមានមនុស្សគ្រាន់បើជាង មានគំនិតគ្រាន់បើជាង ក្នុងការធ្វើកំណែទម្រង់ដោះស្រាយបញ្ហា ដែលពលរដ្ឋកំពុងតែប្រឈម»។ ពលរដ្ឋ មិនចង់បានគណបក្សប្រឆាំង ដែលអង្គុយចាំតែវាយប្រហារគេនោះទេ គឺចង់បានគណបក្សប្រឆាំង ដែលបង្ហាញថា បានត្រៀមខ្លួនគ្រប់គ្រាន់។
«គេគិតថាបើសិនជាក្រុមហ្នឹងមានមនុស្សមានគំនិតគ្រប់គ្រាន់ហើយ បើបានអំណាចហើយដឹងថា ធ្វើអី ហើយមានមនុស្សដើម្បីទៅធ្វើ។ យើងឲ្យអ្នកដទៃដើរយឺតដដែល យើងដើរលឿនជាងគេ យើងរត់លឿនជាងគេ យើងឈ្នះហើយ។ អ៊ីចឹងបើក្នុងករណីដែលយើងចាប់ផ្តើមរៀបចំគំនិតបែបហ្នឹង គឺជាតិយើងអត់អាចខាតបានទេ មានតែរឹងប៉ឹងទៅៗ អាហ្នឹងជាអ្វីដែលខ្ញុំចង់ឃើញ»។
អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់ទៀតថាប្រសិនបើលោកជាគណបក្សប្រជាជន លោកនឹងមិនបែរខ្នងដាក់គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែផ្ទុយទៅវិញលោកនឹងលួងលោមគណបក្សប្រឆាំង ដើម្បីឲ្យគណបក្សកាន់អំណាចមានឱកាសរៀបចំមនុស្ស រៀបចំគំនិតថ្មី ដើម្បីធ្វើកំណែទម្រង់ពិតប្រាកដ នូវអ្វីដែលប្រជាពលរដ្ឋចង់ឃើញ។ «ប្រសិនបើគណបក្សប្រជាជនគាត់បង្ហាញពីភាពចាស់ទុំ ពីព្រោះប្រជាពលរដ្ឋខ្មែរយើង គាត់អាណិតជនរងគ្រោះ ពេលណាគាត់អាងអំណាចគាត់ទៅវ៉ៃគេ គេអាណិតជនរងគ្រោះហើយអ៊ីចឹងកុំទៅវ៉ៃគេ…»។
លោកបានគូសបញ្ជាក់ទៀតថា៖«ហីប្រសិនបើខ្ញុំជាគណបក្សប្រឆាំងខ្ញុំអត់តវ៉ាអីច្រើនទេ ទុកឲ្យគណបក្សប្រជាជនដើរខុស ទុកឲ្យគាត់ធ្វើខុសដោយខ្លួនឯង ទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ បើសិនជាគាត់នៅតែគាបសង្កត់ បើសិនជាគាត់នៅតែមានអំពើពុករលួយ គាត់នៅតែធ្វើផ្លូវខូចដដែល ឬមួយគាត់នៅតែបន្តឲ្យមានបញ្ហាទាំងឡាយដែលប្រជាពលរដ្ឋគាត់មើលឃើញ យើងទុកឲ្យគាត់ធ្វើខុសទៅ យើងគិតតែពីរៀបចំផ្ទៃក្នុងខ្លួនឯងទៅដើម្បីបង្ហាញទៅប្រជាពលរដ្ឋថា ខ្ញុំបានត្រៀមខ្លួនរួចហើយ បើអ្នកមិនពេញចិត្តនឹងដំណើរការពេលបច្ចុប្បន្ន ជ្រើសរើសខ្ញុំទៅខ្ញុំមានគំនិតនេះ យកទៅដោះស្រាយបញ្ហាជូនបងប្អូន ខ្ញុំមានបុគ្គលនេះ កំពុងតែសិក្សារឿងហ្នឹង ហើយមានជំនាញរឿងហ្នឹងច្បាស់ ហើយនឹងមានឆន្ទៈត្រឹមត្រូវក្នុងការជំរុញរឿងហ្នឹង។ បើសិនជារៀបចំបានប៉ុណ្ណឹងខ្ញុំមើលទៅជាការប្រកួតប្រជែងល្អមួយ»។
ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង មិនទំនងទទួលយកគំនិតធ្វើការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដែលធ្វើឲ្យជាតិរីកចម្រើនដូចអ្វីដែលលោកអ៊ូ វីរៈបានលើកឡើងនោះទេ ខណៈដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មេដឹកនាំគណ បក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំង តែងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ស ច្រើនជាងផលប្រយោជន៍ជាតិ៕


