ភ្នំពេញៈ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ ធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យដើម្បីស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹងលើមន្ត្រីសង្គមស៊ីវិលដែលត្រូវបានចាប់ឃុំទាំង «អយុត្តិធម៌» នោះទេដោយអះអាងថាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសាលារាជធានីកាលពីម្សិលមិញបានបើកកិច្ចប្រជុំមួយដោយបានអញ្ជើញភាគីពាក់ព័ន្ធរួមមានលោក ម៉ម សូណង់ដូ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចថែរក្សាសណ្តាប់ធ្នាប់។
ក្រោយបញ្ចប់កិច្ចប្រជុំនាយករដ្ឋបាលរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានធ្វើកំណត់ហេតុប្រជុំមួយដោយសម្រេចមិនឲ្យលោក ម៉ម សូណង់ដូ ធ្វើបាតុកម្មនោះទេដោយព្រមានថាក្នុងករណីនៅតែមានការប្រមូលផ្តុំអ្នកផ្តើមគំនិតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងកំណត់ហេតុបន្តថា៖ «ចំពោះសំណើសុំធ្វើបាតុកម្មដោយសន្តិវិធីដើម្បីសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្ត្រីសង្គមស៊ីវិលនោះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតជូនឡើយ។ ក្នុងករណីនៅតែមានការជួបជុំធ្វើបាតុកម្មធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះអស់លោកត្រូវទទួលខុសត្រូវទាំងអស់ចំពោះមុខច្បាប់»។
លោក ម៉ម សូណង់ដូ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាលោកគ្រាន់តែធ្វើដើម្បីប្រយោជន៍សាធារណៈប៉ុណ្ណោះ តែបើសាលារាជធានីមិនអនុញ្ញាតលោកក៏មិនធ្វើដែរ។ «បើមិនឱ្យក៏មិនឱ្យទៅយើងអត់អាចប្រឆាំងគេបានទេប៉ុន្តែជំហរពូនៅតែដដែលអ្វីដែលពូទាមទារ (សំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយដកការចោទប្រកាន់)។ ពូចង់ឱ្យបន្ធូរបន្ថយឱ្យគាត់នៅក្រៅឃុំមក»។
លោកបង្ហាញគំនិតថាមិនចោទប្រកាន់ថាអ្នកណាខុស ឬត្រូវទេតែលោកដាក់ចម្ងល់ថាកន្លងមកកញ្ញា ខុម ចាន់តារាទី បានស្នើឱ្យសង្គមស៊ីវិលជួយតែបែរជាប្តឹងបុគ្គលិកអង្គការសង្គមស៊ីវិលទៅវិញ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង ដែលបានចូលរួមក្នុងកិច្ចប្រជុំថ្លែងតាមរយៈកំណត់ហេតុថា៖ «ការស្នើឱ្យអង្គភាពដកពាក្យបណ្តឹងលើមន្ត្រីសង្គមស៊ីវិលសូមបញ្ជាក់ថា ACU គ្រាន់តែជានគរបាលយុត្តិធម៌ក្នុងការស្វែងរកភ័ស្តុតាងក្នុងការដាក់បន្ទុកជនល្មើសដោយឡែកការចោទប្រកាន់ជាសមត្ថកិច្ចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ»។
កាលពីថ្ងៃទី ១៨ ខែឧសភាលោក ម៉ម សូណង់ដូ បានផ្ញើលិខិតជូនអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដោយប្រាប់ថាក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូបដែលធ្លាប់រងគ្រោះដោយភាពអយុត្តិធម៌ «ខ្ញុំនឹងដឹកនាំបាតុករមានអ្នកចូលរួមតិចជាង ២០០ នាក់ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី ៩ ខែកក្កដាចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីសង្គមស៊ីវិល»។
លោកសង្កត់ធ្ងន់ថាការដាក់គុកមន្ត្រីសង្គមស៊ីវិលគឺបិទទ្វារមិនឱ្យខ្មែររួបរួមគ្នាផ្ទុយទៅវិញធ្វើឱ្យខ្មែរកាន់តែមានកំហឹងជាមួយគ្នាទៅទៀត»។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ២ ខែឧសភាសាលាដំបូងរាជធានីបានសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុកចំនួន ៤ រូបរួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដោយរងការចោទពីបទសូកប៉ាន់សាក្សីតាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌខណៈដែលលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប រងការចោទពីបទសមគំនិតសូកប៉ាន់សាក្សីតាមមាត្រា ២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងរឿងរ៉ាវដ៏ចម្រូងចម្រាសរបស់កញ្ញា ខុម ចាន់តារាទី ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕


