ភ្នំពេញ៖ ព័ត៌មានដែលថាប្រទេសឡាវ នឹងបន្តកសាងទំនប់វារីអគ្គីសនី Pak Beng ដែលអាចផ្តល់ថាមពល ៩១២ មេហ្កាវ៉ាត់ និង នឹងក្លាយជាទំនប់វារីអគ្គីសនីទីបីរបស់ឡាវនៅតាមបណ្តោយទន្លេមេគង្គក្រោម បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមការពារបរិស្ថាន ដែលលើកឡើងថា បណ្តាប្រទេសដែលស្ថិតនៅតាមបណ្តោយទន្លេចេញពីទំនប់គួរតែជាអ្នកសម្រេចចិត្តពីជោគវាសនារបស់គម្រោងអភិវឌ្ឍដែលអាចបង្កជាផលប៉ះពាល់នេះ។
ប្រទេសឡាវបានដាក់គម្រោងរបស់ខ្លួនទៅកាន់គណៈកម្មាធិការទន្លេមេគង្គកាលពីដើមខែនេះ ដោយបានចាប់ផ្តើមនូវដំណើរការ «ពិគ្រោះយោបល់ជាមុន» រយៈពេល ៦ ខែ ដែលនឹងអនុញ្ញាតឲ្យប្រទេស កម្ពុជា ថៃ និងវៀតណាម បានលើកឡើងនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចនឹងកើតមានឡើងដោយសារតែទំនប់នេះ។
ដំណើរការនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ រវាងប្រទេសជិតខាងទាំងបួន ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីវភាពនៅក្នុងតំបន់ទន្លេមេគង្គ។
ទោះជាយ៉ាងណា ក្រុមអ្នករិះគន់បានអះអាងថា បណ្តាប្រទេសដែលស្ថិតនៅតាមដងទន្លេក្រោមទំនប់ពុំមានអំណាចពិតប្រាកដក្នុងការបញ្ឈប់គម្រោងដែលអាចបំផ្លាញជីវភាពរស់នៅនិងការផ្គត់ផ្គង់អាហារ។
លោក Painporn Deetes មកពីអង្គការទន្លេអន្តរជាតិបាននិយាយថា៖ «បញ្ហាស្ថិតនៅត្រង់ថា ដំណើរការសម្រេចចិត្តទៅលើទំនប់វារីអគ្គីសនី និងការអភិវឌ្ឍគួរតែមានការចូលរួម និងទំនួលខុសត្រូវឲ្យបានច្រើនជាងនេះ។ ឥឡូវនេះ ការសម្រេចចិត្តត្រូវបានធ្វើរួចទៅហើយ ទើបយកចូលទៅក្នុងកិច្ចប្រជុំ»។
លោក Deetes បានកត់សម្គាល់ថា ឡាវបានចាប់ផ្តើមកសាងទំនប់វារីអគ្គសនីដ៏ចម្រូងចម្រាសចំនួនពីររួចមកហើយគឺ ទំនប់សាយ៉ាប៊ូរី និងដង សាហុង។ ក៏ប៉ុន្តែ ក្តីព្រួយបារម្ភរបស់កម្ពុជា និងវៀតណាម មិនត្រូវបានគេអើពើនោះឡើយ។
ទន្ទឹមនឹងនោះដែរ លោក ជា ផល្លិកា អ្នកប្រឹក្សាយោបល់ស្តីពីបរិស្ថាន ដែលសិក្សាទៅលើវារីអគ្គីសនី បានឲ្យដឹងថា ការវាយតម្លៃលើផលប៉ះពាល់លើបរិស្ថានទៅលើទំនប់ទាំង ១១ ដែលត្រូវបានស្នើឡើងដោយប្រទេសឡាវនាពេលបច្ចុប្បន្ន ពុំទាន់ត្រូវបានអនុវត្តនៅឡើយទេ។
លោកថ្លែងថា៖ «ICEM (មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រង់បរិស្ថាន) បានណែនាំថា ទំនប់ទាំងនេះគួរតែត្រូវបានពន្យារពេល ១០ ឆ្នាំ ដើម្បីអាចឲ្យមានការវាយតម្លៃលើផលប៉ះពាល់លើបរិស្ថានសិន។ ក៏ប៉ុន្តែ គេបានសាងសាង [ទំនប់]… ដោយមិនមានការសិក្សាច្បាស់លាស់»។
ទោះបីជាមិនមានការវាយតម្លៃលប៉ះពាល់ជាផ្លូវការណាមួយយ៉ាងណាក្តី លោក ឈិត សំអាត នាយកមូលនិធិពិភពលោកដើម្បីធម្មជាតិ (WWF) ប្រចាំនៅកម្ពុជាបានលើកឡើងថា គម្រោងនេះនឹងបង្កការខូចខាតមិនអាចស្តារឡើងវិញទៅលើផ្លូវទឹករបស់ប្រទេសកម្ពុជា។
លោកថា៖ «ទំនប់មួយទៀតនេះ នឹងបង្កជាគ្រោះមហន្តរាយ ព្រោះប្រជាពលរដ្ឋ ៦០ លាននាក់ពឹងផ្អែកលើការនេសាទ»។
WWF បានប៉ាន់ប្រមាណថា ឡូត៍នេសាទនៅក្នុងទន្លេមេគង្គផ្តល់ចំណូលប្រហែល ១៧ លានដុល្លារក្នុងមួយឆ្នាំ ដោយចំណូលនេះនឹងបាត់បង់អស់ជាច្រើន ប្រសិនជាទំនប់វារីអគ្គីសនីធំៗធ្វើឲ្យចំនួនត្រីធ្លាក់ចុះ។
លោក ផល្លិកា បានបញ្ជាក់ដែរថា ប្រជាជនរាប់លាននាក់ដែលពឹងផ្អែកលើរបរនេសាទនឹងត្រូវស្វែងរកមធ្យោបាយចិញ្ចឹមជីវិតផ្សេងទៀត ប្រសិនជាទំនប់ Pak Beng ត្រូវបានសាងសង់រួច។
ទោះជាយ៉ាងណា ក្រសួងបរិស្ថាន លោក សៅ សុភាព បានលើកឡើងថា គណៈកម្មាធិការទន្លេមេគង្គកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសមភាគីឡាវដើម្បីថ្លឹងថ្លែងគុណសម្បត្តិនិងគុណវិបត្តិនៃទំនប់នេះ។
លោកបន្ថែមថា៖ «យើងនឹងបន្តនីតិវិធីដោយផ្អែកទៅតាមកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥។ កិច្ចព្រមព្រៀងនេះចែងយ៉ាងជាក់ច្បាស់ហើយយើងនឹងធ្វើទៅតាមនោះ»៕ Cristina Maza/TN


