ស្ទឹងត្រែង: យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណ ៦៥ គ្រួសារនិងអាជីវករប្រមាណ ៥០ តូបក្នុងតំបន់រមណីយដ្ឋានកំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលធ្លាក់មកពីដងទន្លេមេគង្គភាគខាងលើនៃខេត្តស្ទឹងត្រែង ដែលកំពុងបន្តឡើងក្នុងរយៈពេលប្រមាណ ១ សប្ដាហ៍កន្លងមកនេះ ប៉ុន្តែមិនទាន់បណ្ដាលឲ្យមានការខូចខាត និងគ្រោះថ្នាក់កើតឡើងនោះទេ។ យោងតាម លោក ឡឹង ថារី នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រះរំកិល ស្រុកថាឡាបរវ៉ាត់ ខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
លោក ឡឹង ថារី បានអះអាងថា ទឹកទន្លេមេគង្គចំណុចក្បាលកោះល្ង ក្នុងភូមិកោះល្ង ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បាននិងកំពុងជន់ឡើងកម្ពស់ជិត ២ ម៉ែត្របណ្ដាលឲ្យលិចរមណីយដ្ឋានក្បាលកោះល្ង និងបន្តលិចនៅខេត្តក្រចេះកើនឡើងត្រឹមជិត ១ ម៉ែត្របណ្ដាលឲ្យលិចរមណីយដ្ឋានកាំពីផងដែរ។
លោក ថារី ថ្លែងថាកម្រិតទឹកដែលបានជន់ឡើងនេះមានរយៈពេល៤ ឬ៥ ថ្ងៃមកហើយ ដោយសង្ស័យថាអាចហូរមកពីតំបន់ទន្លេមេគង្គភាគខាងលើ។
លោក ថាវី បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ដឹងច្បាស់ថា ទឹកហ្នឹងវាហូរមកពីថៃ ឬឡាវទេ ប៉ុន្ដែឮតាមព័ត៌មានថា នៅប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យលិចតំបន់មួយចំនួនដែរ ហើយគេបើកទឹកហ្នឹងចូលទៅឡាវ ហើយឡាវបើកបង្ហូរចូលមកកម្ពុជាបន្តទៀត អានេះគ្រាន់តែខ្ញុំសន្និដ្ឋានទេ ខ្ញុំមិនទាន់ច្បាស់ ចាំមើលគេស្រាវជ្រាវបន្ថែមទៀតសិន»។
លោក ថារី បានឲ្យដឹងផងដែរថា ក្រោយពីមានទឹកឡើងយ៉ាងគំហុកបែបនេះ អាជ្ញាធរមូលដ្ឋានបានប្រកាសប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់នេះ។ ចំពោះអាជីវករដែលលក់ដូរនៅតំបន់រមណីយដ្ឋានក្បាលកោះល្ងបានរុះរើអីវ៉ាន់របស់ពួកគេឡើងមកលើគោក ហើយភ្ញៀវទេសចរក៏ត្រូវបានហាមមិនឲ្យចូលទៅអង្គុយនៅលើតូបលើទឹកនោះដែរ។
លោក សន ប៉ាន់ មេភូមិអន្លង់ស្វាយ និងជាឆ្មាំអភិរក្សសត្វផ្សោតនៅឃុំព្រះរំកិលបានថ្លែងថា ទឹកពិតជាបានឡើងលិចរមណីយដ្ឋានក្បាលកោះល្ងមែន ដែលមានកម្ពស់ ២ ម៉ែត្រពីមាត់ទន្លេ ដោយបង្កផលប៉ះពាល់ប្រជាពលរដ្ឋបន្ដិចបន្ដួច តែមិនមានគ្រោះថ្នាក់អ្វីទេ ប៉ុន្ដែប្រសិនបើទឹកនោះមានភាពខ្វក់ ឬមានជាតិពុលខ្លាំងវាអាចនឹងប៉ះពាល់ដល់សត្វផ្សោត។
លោកបន្តថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លះដែរ ប្រសិនបើទឹកនោះបន្ដឡើងថែមទៀត ព្រោះវាអាចប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់ទន្លេនោះ បើទោះពេលនេះ វាអត់មានប៉ះពាល់ក៏ដោយ»។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានថ្លែងកាលពីម្សិលមិញបានអះអាងថាមិនទាន់ទទួលព័ត៌មានអំពីទឹកជំនន់នេះនៅឡើយទេ។
លោក គុង ថ្លែងថា៖ «ចាំមើលខ្ញុំសួរទៅខាងអាជ្ញាធរមូលដ្ឋានសិន ព្រោះពួកគាត់អត់ទាន់បានរាយការណ៍មកខ្ញុំទេ»។
លោក តាំង តេង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានថ្លែងថា មន្ត្រីជំនាញរបស់មន្ទីរបានចាត់តាំងឲ្យចុះជួយផ្សព្វផ្សាយឲ្យពលរដ្ឋនៅក្នុងតំបន់ដែលទឹកកំពុងតែបន្តឡើងឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្ដែចំពោះនៅតំបន់សេសានវាតែងតែឡើង និងចុះជារឿងធម្មតា ព្រោះនៅពេលទំនប់វារីអគ្គិសនីត្រូវបានបើកទឹកវានឹងឡើង បើគេបិទវិញវានឹងស្រកទៅវិញតាមធម្មតាទេ។
លោកបញ្ជាក់ថា៖ «ប្រភពទឹកហ្នឹង យើងដឹងតែពីព្រំប្រទល់ប្រទេសយើងទេ ប៉ុន្ដែពីឡាវ ថៃ និងចិនមក យើងអត់ទាន់ដឹងច្បាស់ទេ គឺយើងដឹងថា ទឹកហ្នឹងវាមកពីព្រំដែនប្រទេសឡាវ ហើយខ្ញុំក៏អត់ទាន់ដឹងថា វាមកពីប្រទេសឡាវបើកទំនប់ ឬយ៉ាងណាទេ យើងត្រូវស្រាវជ្រាវសិន»។
លោក ប៊ុន ណារិទ្ធ អធិការរងនគរបាលស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងថា ទឹកនៅតំបន់បឹងរមណីយដ្ឋានកាំពីក៏កំពុងឡើងដល់កម្ពស់ជិតកន្លះម៉ែត្រហើយ ដោយអាជីវករកំពុងរុះរើអីវ៉ាន់របស់ខ្លួនចេញពីទីនោះ ហើយបានអំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងអាជីវករផ្អាកការទៅទស្សនា និងប្រកបអាជីវកម្មនៅតំបន់នោះមួយរយៈសិន ដោយរង់ចាំទឹកទន្លេស្រកទៅវិញ។
លោក ណារិទ្ធ បញ្ជាក់ថា៖ «ទឹកវាឡើងនៅតែក្នុងបឹងកាំពីហ្នឹងទេ តែឡើងលិចតូបប្រហែលជាង ១០០ តូប ដែលអាជីវករយើងគាត់សាងសង់សម្រាប់ឲ្យភ្ញៀវអង្គុយលេងលើហ្នឹង។ ឥឡូវនេះ ពួកគាត់រុះរើចេញពីបឹងហ្នឹងខ្លះ ខ្លះទៀតក៏មិនទាន់រើចេញដែរ ដោយរង់ចាំទឹកស្រកទៅវិញ ប្រហែលមិនយូរទេ វានឹងស្រកទៅវិញហើយ វាអត់បង្កគ្រោះថ្នាក់អ្វីទេ»។
លោក មាស សុភក្ត្រ អ្នកនាំពាក្យគណៈកម្មការទន្លេមេគង្គកម្ពុជាបានថ្លែងកាលពីម្សិលមិញដោយបានអះអាងថា មិនទាន់ទទួលបានព័ត៌មានពីខាងគណៈកម្មការទន្លេមេគង្គភាគខាងលើនៅឡើយទេ។
លោក សុភក្ត្រ ថ្លែងថា៖ «ខ្ញុំបានទាក់ទងទៅខាងក្រុមការងារបច្ចេកទេស ហើយសង្ឃឹមថាយើងនឹងបានទទួលព័ត៌មានឆាប់ៗ ថ្ងៃនេះយើងមិនទាន់បានព័ត៌មានអ្វីទាក់ទងនឹងទឹកឡើងបែបនេះទេ»។
លោក ម៉ៅ ហាក់ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងអះអាងកាលពីម្សិលមិញថា វាមិនមានទឹកជំនន់ទេ គ្រាន់តែមានទឹកទន្លេមេគង្គឡើងបន្ដិចបន្ដួចដែលបានហូរចេញពីប្រទេសឡាវ ដោយមិនមានផលប៉ះពាល់អ្វីខ្លាំងក្លាទេ នៅប្រទេសឡាវ និងថៃមានភ្លៀងតិចតួចនៅតាមតំបន់ ទើបទឹកភ្លៀងវាបានហូរមកដល់កម្ពុជា។ ប្រសិនបើមានការបិទ ឬបើកទំនប់វារីអគ្គិសនី ភាគីប្រទេសដែលនៅជាប់ទន្លេមេគង្គទាំងអស់នឹងជូនដំណឹងឲ្យគ្នាទៅវិញទៅមកហើយ។
លោកថ្លែងថា៖ «ខ្ញុំមើលទៅឃើញទិន្នន័យកម្ពស់ទឹក នៅតំបន់ប្រទេសឡាវ និងថៃកំពុងមានភ្លៀងតិចតួចតាមតំបន់ជាប់ព្រំដែន ប៉ុន្ដែមិនមានបិទ ឬបើកទំនប់វារីអគ្គិសនីទេ។ ហើយទឹកដែលមិនដល់កម្ពុជាយើង គឺមិនមានគ្រោះថ្នាក់ ឬបង្កបញ្ហាអ្វី កើតឡើងទេ»៕


