ក្រុងប៉ារីស : អ្នកនិយមការសម្ដែងល្ខោននៅក្រុងប៉ារីស ដែលចង់ទស្សនាការសម្ដែងដ៏ថ្មីសន្លាងនឹងត្រូវបានទុកសម្លៀកបំពាក់ក្រៅរោង។
ការសម្ដែងដែលនឹងប្រព្រឹត្ដទៅនៅ Palais des Glaces នាថ្ងៃទី ២០ ខែមករាបានបង្ហាញពីដំណើររឿងបងប្រុស និងប្អូនស្រីដែលមានទស្សនៈផ្ទុយគ្នាអំពីបញ្ហាសង្គម។
អ្នកគ្រប់គ្រងរោងភាពយន្ដបានស្នើឡើងថា មហាជនត្រូវស្រាតសម្លៀកបំពាក់ ដើម្បីបានទស្សនាការសម្ដែង ហើយត្រូវយកកន្សែងផ្ទាល់ខ្លួនផង។
យ៉ាងណាមិញភ្ញៀវពិសេសនឹងត្រូវបានផ្ដល់ជូននូវកន្សែងនីឡុងម្នាក់ ១។ ល្ខោន «Nu et approuve» ដែលមានន័យថាអាក្រាត និងអនុម័តជាការសម្ដែងបែបល្ខោននិយាយដ៏មានប្រជាប្រិយនៅបារាំង។
យោងតាមរោងភាពយន្ដបងប្អូនខ្វែងគំនិតគ្នាទាំង ២ ត្រូវដោះម៉ាស និងស្រាតខោអាវដើម្បីស្វែងរកទីកន្លែងសម្រាកលម្ហែ។ ការសម្ដែងដែលស្ទួយដល់ចលនាធម្មជាតិនិយមនេះ គឺជាល្ខោនលើកដំបូងដែលត្រូវបានរៀបចំនៅបរិវេណធំនៃទីក្រុងប៉ារីស។
ក្រុមអ្នកធម្មជាតិនិយមកំពុងជំរុញយុទ្ធនាការផ្ដល់សេរីភាពឲ្យខ្លួនបន្ថែមទៀតដោយមានការរៀបចំព្រឹត្ដិការណ៍ជាច្រើនរួមមានរាត្រីកំប្លែង ទស្សនាសារមន្ទីរអាក្រាត និងតំបន់គ្មានខោអាវក្នុងឧទ្យានធំបំផុតនៃទីក្រុង។
ថ្មីៗនេះដែរភោជនីយដ្ឋានអាក្រាតដំបូងបំផុតក្នុងទីក្រុង O”Naturel បែរជានឹងត្រូវបិទទ្វារនៅខែកុម្ភៈខាងមុខ ដោយសារមិនសូវមានភ្ញៀវចូល ទោះជាក្នុង ១ ឆ្នាំៗបារាំងមានអ្នកទេសចរអាក្រាតកាយចំនួន ៤ លាននាក់ក្ដី៕ HR


