ភ្នំពេញៈ នៅក្នុងថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកដែលប្រារព្ធធ្វើឡើងកាលពីម្សិលមិញគេសង្កេតឃើញមិនសូវមានមនុស្សច្រើនកុះករដូចកាលពីពិធីបុណ្យអុំទូកលើកមុនៗនោះទេខណៈដែលសាកសពរបស់កីឡាករអុំទូកដែលត្រូវបានទូកទេសចរណ៍ក្រុមហ៊ុនវៀតណាមបុកពីថ្ងៃសុក្រត្រូវបានគេរកឃើញនៅតាមទីកន្លែងចំនួនពីរនៅឆ្ងាយដាច់ពីគ្នា។
បើទោះបីជាពិធីនេះត្រូវបានអាក់ខានកាលពីឆ្នាំ ២០១៥ និងបើទោះបីជាមានហេតុការណ៍ទូកទេសចរណ៍វៀតណាមបើកបុកទូកដែលហាត់សមត្រៀមចូលរួមប្រណាំងកើតឡើងក្តីក៏នៅក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូងកាលពីរសៀលថ្ងៃម្សិលមិញគេឃើញប្រជាពលរដ្ឋជាច្រើនបានចូលរួមទស្សនាការប្រណាំងទូកនៅតាមត្រើយទាំងសងខាងនៃទន្លេចតុមុខ។
នៅវេទិកានៅខាងមុខព្រះបរមរាជវាំងគេឃើញសម្តេចម៉ែ និងព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងជាអធិបតីនៅក្នុងពិធីនេះហើយក្នុងនោះគេក៏ឃើញមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រដ្ឋសភា ជាច្រើនរូបបានចូលរួមទស្សនាការប្រណាំងទូក បណ្តែតប្រទីប។
អ្នកស្រី ឡាយ សឿង អាយុ ៥៣ ឆ្នាំដែលបានចូលរួមមើលការប្រណាំងទូកបានថ្លែងថានេះជាលើកទីមួយហើយដែលអ្នកស្រីបានចូលរួមក្នុងពិធីបុណ្យអុំទូកនេះ។
អ្នកស្រីថាអ្នកស្រីសប្បាយចិត្តនៅពេលបានមកឃើញការប្រណាំងទូកដោយផ្ទាល់បែបនេះ។ នៅពេលសួរថា តើអ្នកស្រីបារម្ភពីសុវត្ថិភាពទេពេលមកលេងពិធីបុណ្យនេះ? អ្នកស្រីឆ្លើយថាមិនបារម្ភទេដោយថានៅពេលឃើញមនុស្សជាច្រើនចូលរួមកម្មវិធីបុណ្យនេះធ្វើឲ្យអ្នកស្រីកក់ក្តៅក្នុងចិត្ត។
អ្នកស្រីបន្តថា៖ «វាជាប្រពៃណីរបស់យើង យើងគួររក្សាវាឲ្យល្អ និងរៀបចំឲ្យបានជារៀងរាល់ឆ្នាំ»។

កម្មការិនី សន ចន្ថា បម្រើការនៅរោងចក្រកាត់ដេរមួយនៅសង្កាត់ទួលសង្កែបានថ្លែងថាអ្នកស្រីមិនត្រឡប់ទៅលេងស្រុកកំណើតទេដោយថាចង់នៅចូលរួមពិធីបុណ្យអុំទូក។
អ្នកស្រីបន្តថា អ្នកស្រីមិនបារម្ភពីបញ្ហាសន្តិសុខនោះទេដោយអ្នកស្រីបានដឹងថាអាជ្ញាធរបានរៀបចំវិធានការសន្តិសុខបានល្អប្រសើរ។ ទោះយ៉ាងណាអ្នកស្រីថាមិត្តរួមការងាររបស់អ្នកស្រីភាគច្រើនសម្រេចចិត្តទៅលេងផ្ទះមិនបាននៅចូលរួមពិធីបុណ្យអុំទូកនេះទេ។
អ្នកស្រីថា៖ «បុណ្យអុំទូកឆ្នាំហ្នឹងមើលទៅទំនងសប្បាយដែរបងហើយមិនបានបារម្ភពីរឿងសន្តិសុខអីផង…សប្បាយនៅពេលឃើញគេបង្កើតឡើងវិញវាជាប្រពៃណីខ្មែរយើងដល់គេបង្កើតឲ្យមានឡើងវិញសប្បាយចិត្ត»។
កីឡាករប្រណាំងទូកម្នាក់គឺលោក ជេត ប្រុញ ជាកីឡាករប្រចាំទូក «ព្រះទីនាំងរិទ្ធិក្លាហាន» ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលបានថ្លែងថាលោកបានចូលរួមប្រណាំងទូកនេះមិនតិចជាង ១០ ដងមកហើយនោះទេ។
លោកថាក្នុងមួយថ្ងៃលោកបានប្រាក់ឧបត្ថម្ភចំនួន ១៥០០០ រៀល និងលោកអាចទទួលបាន ៨ ម៉ឺនបន្ថែមទៀតបើសិនជាមានអ្នកឧបត្ថម្ភច្រើន។ លោកថា ទោះជាចំនួនទឹកប្រាក់នេះតិចតួចក្តីតែលោកនៅតែចង់ចូលរួមការប្រកួតដោយចង់លើកស្ទួយវប្បធម៌ប្រពៃណីរបស់ខ្មែរ។
លោកបន្ថែមថា៖ «ប្រាក់ដែលទទួលមិនច្រើនទេប៉ុន្តែយើងនៅតែចង់ព្រោះយើងចង់ជួយវត្ត និងវាមានសារៈសំខាន់សម្រាប់ប្រពៃណីរបស់យើង…វាក៏បង្ហាញពីការរួបរួម…ដូចដែលថាចង្កឹះមួយដើមគេកាច់បាក់តែចង្កឹះមួយបាច់កាច់មិនបាក់»។
អភិបាលខណ្ឌដូនពេញលោក គួច ចំរើន បានថ្លែងថាកម្លាំងរបស់លោកបានរៀបចំដាក់ពង្រាយសម្រាប់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរួចរាល់សម្រាប់ពិធីបុណ្យនេះ។
លោកបន្ថែមថា៖ «យើងបានរៀបចំវិធីរបស់យើងហើយជាពិសេសការពារកុំឲ្យមានហេតុការណ៍រត់ជាន់គ្នាប៉ុន្តែខ្ញុំមិនមែនជាគ្រូទាយទេដូច្នេះខ្ញុំមិនដឹងថាអាចមានការរត់ជាន់គ្នានឹងកើតមានឡើងឬយ៉ាងណានោះទេ»។

សម្រាប់ពីធីបុណ្យអុំទូកឆ្នាំនេះមានទូកមកពីតាមបណ្តាខេត្តចំនួន ២៥៧ គ្រឿងចូលរួមការប្រកួត និងមានប្រទីបចំនួន ១៣ ចូលរួមបណ្តែតនៅពេលរាត្រី។
តាមការសង្កេតមើលជាទូទៅនៅក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូងកាលពីម្សិលមិញគេមិនសូវឃើញមានមនុស្សចូលរួមច្រើនកុះករដូចនៅក្នុងពិធីបុណ្យអុំទូកកាលពីលើកមុនៗនោះទេដោយនៅម្តុំកោះពេជ្រ និងនៅម្តុំរង្វង់មូលសម្តេចសង្ឃជួនណាតនៅពេលព្រលប់ហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតាទៅទៀត។
ប៉ុន្តែបើតាមលោកមាន ចាន់យ៉ារ៉ា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអះអាងថាអ្នកចូលរួមក្នុងពិធីបុណ្យនេះមានប្រមាណ ៥០ ម៉ឺននាក់។
លោក ចាន់ យ៉ារ៉ា បានឲ្យដឹងទៀតថាបទល្មើសចោរលួច ចោរឆក់ បានថយចុះដោយសារតែសមត្ថកិច្ចបានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់។ លោក ចាន់ យ៉ារ៉ា រំពឹងថាអ្នកចូលរួមពិធីបុណ្យនេះនឹងមានការកើនឡើងនៅថ្ងៃទីពីរ និងថ្ងៃទី ៣។
ចំណែកលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានឲ្យដឹងថាកាលពីម្សិលមិញមានករណីចោរលួចកាបូប លួចទូរសព័ព្ទចំនួន ៣ ករណីហើយសមត្ថកិច្ចចាប់បានជនសង្ស័យ ២ នាក់។ លោកបញ្ជាក់ថាករណីចោរលួចចោរឆក់មានការថយចុះដោយសារសមត្ថកិច្ចបានដាក់កម្លាំង «ក្រឡាញឹក» និងម្យាងទៀតមកពីអ្នកមកចូលរួមក្នុងពិធីបុណ្យអុំទូកឆ្នាំនេះមានចំនួនតិច។
ជាមួយគ្នានេះដែរកាលពីថ្ងៃសុក្រកន្លងទៅនេះមានទូកមួយគ្រឿងឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» នៅរាជធានីភ្នំពេញត្រូវបានលិចដោយសារត្រូវទូកទេសចរណ៍របស់ក្រុមហ៊ុនវៀតណាមបានបុកពីក្រោយ។ ក្នុងហេតុការណ៍នោះបណ្តាលឲ្យកីឡាករពីរូបបាត់ខ្លួន និងទើបតែរកឃើញសាកសពកាលពីព្រឹកម្សិលមិញដោយសាកសពមួយរកឃើញនៅឃុំកោះរះ ស្រុកល្វាឯម និងមួយទៀតរកឃើញនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ចៅសង្កាត់ព្រែកថ្មីនៃខណ្ឌច្បារអំពៅ លោក លីវ វណ្ណថេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាអ្នកស្លាប់ទាំងពីរជាប្រជាពលរដ្ឋក្នុងសង្កាត់របស់លោក។
លោកថា សង្កាត់បានផ្សព្វផ្សាយដំណឹងដល់ប្រជាពលរដ្ឋតាមវិទ្យុពីករណីបាត់ខ្លួនក្នុងគ្រោះថ្នាក់លិចទូកនេះ។ លោកបានបន្ថែមថានៅព្រឹកម្សិលមិញមានប្រជាពលរដ្ឋរាយការណ៍មកលោកពីការរកឃើញសាកសពដោយថាក្រុមការងារសង្កាត់ និងក្រុមគ្រួសារសពបានទៅដល់កន្លែងដែលគេប្រទះឃើញសាកសព។
លោកបន្ថែមថា៖ «យើងបានផ្សព្វផ្សាយតាមវិទ្យុ ABC ថាបើមានអ្នកណាឃើញជួយទាក់ទងនៅព្រឹកមិញ (ម្សិលមិញ) ហ្នឹងមានគេទាក់ទង…យើងឲ្យក្រុមការងារ និងក្រុមគ្រួសារទៅមើល…ហើយឃើញថាពិតជាសពនឹងមែន…សាកសពមានសភាពហើមរលួយហើយ»។

បើតាមចៅសង្កាត់រូបនេះសាកសពទាំងពីរត្រូវបូជានៅគេហដ្ឋានជនរងគ្រោះផ្ទាល់តែម្តងនៅរសៀលម្សិលមិញ។ លោកឲ្យដឹងដែរថាក្រោយពិធីបុណ្យអុំទូកភាគីក្រុមហ៊ុនទូកទេសចរណ៍វៀតណាមនឹងចូលមកដោះស្រាយបញ្ហានេះ។ លោកបន្តថា៖ «ចាំពីធីបុណ្យសពចប់សិនមិនចង់រំខានគ្រួសារសពក្រោយអុំទូកជួបគ្នាដោះស្រាយ»។
ដោយឡែកអនុប្រធានរបស់ក្រុមហ៊ុន International Partnerships Cruiseco Pty Ltd លោក Gary Sharman ឆ្លើយប្រាប់ភ្នំពេញប៉ុស្តិ៍តាមអ៊ីមែលកាលពីម្សិលមិញថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើករណីនេះទេតែថារាល់អ្វីៗកំពុងត្រូវបានពិនិត្យ និងចាត់ចែងដោយអាជ្ញាធរ។
គួររំឭកដែរថានៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ ២០១០ មានឧបទ្ទវហេតុរត់ជាន់គ្នាដ៏រន្ធត់មួយបានកើតឡើងនៅលើស្ពានកោះពេជ្រដែលបានបណ្តាលឲ្យមានមនុស្សស្លាប់គរជើងលើគ្នារហូតដល់ ៣៥៣ នាក់ និងរងរបួសរាប់រយនាក់ផ្សេងទៀត។ ចាប់តាំងពីពេលនោះមកគឺចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ពិធីបុណ្យអុំទូក មិនបានប្រារព្ធធ្វើឡើងទេដោយរដ្ឋាភិបាលបានសំអាងលើហេតុផលផ្សេងៗប៉ុន្តែរដ្ឋាភិបាលបានរៀបចំពិធីបុណ្យនេះឡើងវិញនៅឆ្នាំ ២០១៤ ហើយក៏អាក់ខានទៅវិញនៅឆ្នាំ ២០១៥ ដោយលើកហេតុផលថាទឹកទន្លេមានកម្ពស់ទាបមិនអាចអុំទូកបាន។
នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះគេឃើញកម្មករជាច្រើនបានធ្វើដំណើរទៅលេងស្រុកដោយមិននៅលេងបុណ្យអុំទូកឡើយ៕


