ភ្នំពេញៈ អ្នកអ៊ុំទូកងពីរនាក់ ក្នុងចំណោម ៩ នាក់ បានបាត់ខ្លួនកាលពីព្រឹកម៉ិញ ខណៈពួកគាត់កុំពុងបើកទូកងដោយម៉ាស៊ីនតូចមួយ ក្នុងបំណងយកមកប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអ៊ំទូកនៅថ្ងៃអាទិត្យខានស្អែក។
លោក ជៀប ស៊យ អាយុ ៥៦ឆ្នាំ ត្រូវជាតារបស់យុវជនរងគ្រោះ [ចេស្ដា] និងបានស្ថិតនៅក្នុងទូកកើតហេតុជាមួយអ្នកទាំង៩នាក់ដែរនោះ បានប្រាប់ឲ្យដឹងថា លោកបានអង្គុយនៅខាងក្រោយជិតជនរងគ្រោះដែលបានបាត់ខ្លួនទាំងពីរនាក់ ហើយនាវាបានបើកមកពីក្រោយទូកយ៉ាងប្រគៀគគ្នា និងបានផ្ដល់សញ្ញាឲ្យទូកទៅមុខឲ្យលឿន តែទូកងមិនអាចបន្ថែមល្បឿនដូចនាវាទេ។ ដូច្នេះនាវា បានបើកលឿនមកបុកចំពីក្រោយ ធ្វើឲ្យទូកប៉ះក្បាលឡើងលើ រួចក្រឡាប់ធ្លាក់ពួកគាត់ចេញពីទូករួចក៏បាត់ខ្លួនគ្នាពីរនាក់ដែលជាជនរងគ្រោះ អង្គុយកាន់ចង្កូតទូក។ លោក ជៀប ស៊យ បានបន្ដថា៖ «ពេលដែលនាវា បើមកបុកទុកពួកយើង ខ្ញុំបានលោតចុះចេញឆ្ងាយពីទូក តែ ចន និង ចេស្ដា មិនបានលោតចុះទេ ពួកគេនៅតែអង្គុយរួចក៏ដាំក្បាលចុះទៅក្នុងទឹក»។

លោក លី វ៉ានថេង ចៅសង្កាត់ព្រែកថ្មី បានថ្លែងឲ្យដឹងថា អាជ្ញាធរមិនចង់ឲ្យមានករណីនេះកើតឡើងទេ ហើយជាការសោកស្ដាយដែលវាកើតឡើង អ្នកអ៊ុំទូកពីរនាក់បានបាត់ខ្លួន។ លោក បានប្រាប់ឲ្យដឹងថា អ្នកបាត់ខ្លួនទាំងពីរនាក់ ម្នាក់ឈ្នោះ ឈឺន ចន អាយុ៣១ឆ្នាំ ជាកសិករ និង ឈ្នោះ សុខ ចាន់ចេស្ដា អាយុ ១៨ឆ្នាំ ជាសិស្ស ដែលរស់នៅសង្កាត់ព្រែកថ្មី។ ខាងក្រុមហ៊ុននាវា បានចូលមកសម្រុះសម្រួល តែនៅមិនទាន់បានដឹងច្បាស់ពីសំណងនៅឡើយទេ។

ក្នុងទឹកមុខគ្រៀមក្រំ លោក ឃួន ហ៊ីម ជាឳពុកជនរងគ្រោះ ឈ្មោះ ឈឺន ចន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា មកដល់ពេលនេះ លោកបានសហការជាមួយអាជ្ញាធរ និងជួលអ្នកមុជឲ្យជួយស្វះស្វែងរកតាំងពីព្រឹក រហូតមកទល់នឹងម៉ោង៣ល្ងាច តែនៅមិនទាន់រកឃើញកូនជនរងគ្រោះទាំងពីរនៅឡើយ។ ទូកងដែលនាវាទេសចរណ៍បុកលិចនោះ ឈ្មោះ «រស្មីស្រីស្រស់ដាញ់ពេជ្រសែនជ័យ» មកពី ខណ្ឌច្បារអំពៅ សង្កាត់ព្រែកថ្មី។ លោក ហ៊ីម បានបន្ដឲ្យដឹងថា៖«អាជ្ញាធរ បានសហការជាមួយកប៉ាល់ និងអ្នកមុចទឹក ដើម្បីជួយស្វះស្វែររក តែរកមិនឃើញ ។ តែខ្ញុំបានពិភាក្សាជាមួយអាជ្ញាធរ និងម្ចាស់កប៉ាល់ថា រកមិនឃើញទេ មានតែរង់ចាំដល់ពេលព្រឹក ទៅរកនៅខាងក្រោមវិញម្ដង»។ ទាក់ទងនឹងសំណង បើតាម លោក ហ៊ីម បានឲ្យដឹងថា នៅមិនទាន់ដឹងនៅឡើយទេ ព្រោះលោក រង់ចាំរកកូនដែលបាត់ខ្លួនឲ្យឃើញសិន រួចនឹងពិភាក្សាជាមួយអាជ្ញាធរ និងម្ចាស់នាវាទេសចរណ៍ពេលក្រោយទៀត៕


