ភ្នំពេញៈ លោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃពុធនេះថា ជនភៀសខ្លួន ៤នាក់ដែលមកពីកោះ ណេរុ ប្រទេសអូស្ត្រាលី នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តាមជើងយន្តហោះហើរ ម៉ាឡេស៊ី អ៊ែរឡាញ។
លោកថ្លែងថា៖ «ពួកគេនឹងមកដល់នៅព្រឹកស្អែកនេះ។ យើងបានរៀបចំមជ្ឈមណ្ឌលសម្រាប់ពួកគេរួចរាល់ហើយ ដែលស្ថិតក្រោមការចំណាយរបស់អូស្ត្រាលី»។
សូមបញ្ជាក់ថា ជនភៀសខ្លួនទាំង ៤ នាក់ដែលបានស្ម័គ្រចិត្តមកប្រទេសកម្ពុជានោះ មាន ៣នាក់ជាជនជាតិអ៊ីរ៉ង់ (ប្រុសពីរ ស្រីមួយ) និងម្នាក់ទៀតជាជនជាតិភាគតិច រូហ៊ីងយ៉ា ដែលរស់នៅក្នុងប្រទេសភូមា។
គួររំលឹកថា អូស្រ្តាលីយល់ព្រមផ្តល់ជំនួយបន្ថែមចំនួន ៤០ លានដុល្លារអូស្រ្តាលី (ប្រហែល ៣១ លានដុល្លារ) ដល់កម្ពុជាជាផ្នែកនៃការរៀបចំនេះ ហើយកាលពីដើមសប្តាហ៍មុន បានប្រកាសថា ខ្លួននឹងចំណាយប្រមាណ ១៥,៥ លានដុល្លារអូស្រ្តាលី (ប្រហែល ១២ លានដុល្លារ) ទៀតដើម្បីផ្តល់ថវិកាដល់សេវាតាំងលំនៅនេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍…


