ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកំពុងមន្ទិលសង្ស័យថាមានជនបរទេសជិត ២៥០០ នាក់ដែលភាគច្រើនជាជនជាតិវៀតណាមបានចុះឈ្មោះបោះឆ្នោតដោយខុសច្បាប់តាំងពីការចុះឈ្មោះបោះឆ្នោតបានចាប់ផ្ដើមដំណើរការរហូតមកទល់នឹងបច្ចុប្បន្នខណៈគេបានរកឃើញភាពមិនប្រក្រតីនៅតាមខេត្តមួយចំនួន។ នេះបើតាមមន្រ្តីរបស់គណបក្សសង្គ្រោះជាតិម្នាក់ដែលបានថ្លែងកាលពីថ្ងៃម្សិលមិញ។
អ្នកស្រី ម៉េង សុភារី ប្រធានផ្នែកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានថ្លែងថាក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់គណបក្សបានកត់ត្រាមនុស្ស ២៤៥៩ នាក់ដែលមិនចេះនិយាយភាសាខ្មែរស្ទាត់ ឬត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកខាងក្រៅដោយប្រជាជននៅក្នុងមូលដ្ឋានដែលអ្នកទាំងនោះទៅចុះឈ្មោះ។
អ្នកស្រី ម៉េង សុភារី បន្ថែមថាគណបក្សនឹងដាក់ពាក្យបណ្តឹងដំបូងទៅអាជ្ញាធរស្រុកដែលកើតមានភាពមិនប្រក្រតីទាំងនោះហើយបន្ទាប់មកដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រសិនបើពួកគេមិនពេញចិត្តនឹងលទ្ធផលដោះស្រាយបញ្ហា។
អ្នកស្រី ម៉េង សុភារី បន្តថា៖ «ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថាពួកគេមិនមែនជាខ្មែរទេ។ ពួកគេជាជនបរទេស។ ភាគច្រើនពួកគេទាំងនោះជាជនជាតិវៀតណាម»។
អ្នកស្រី សុភារី បញ្ជាក់ថា៖ «ក្នុងរាជធានីភ្នំពេញ និងស្វាយរៀងចំនួននោះគឺខ្ពស់ណាស់គឺនៅរាជធានីភ្នំពេញមានជាង ១០០០ នាក់ហើយខេត្តស្វាយរៀងគឺជិត ១០០០ នាក់ដែរ»។
តាមច្បាប់មានតែពលរដ្ឋដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះដែលអាចចុះឈ្មោះបោះឆ្នោតបានប្រសិនបើពួកគេមានឯកសារគ្រប់គ្រាន់។ ទោះយ៉ាងណាក្តីមានជនជាតិភាគតិចវៀតណាមជាច្រើនបានរស់នៅក្នុងប្រទេសកម្ពុជាច្រើនជំនាន់ជាញឹកញាប់មិនមានឯកសារសមស្របទេប៉ុន្តែពួកគេខ្លះត្រូវបានរកឃើញមានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងមិនមានលិខិតចូលសញ្ជាតិពីពេលណា។
បញ្ហារសើបជុំវិញភាពជាពលរដ្ឋ និងសញ្ជាតិរបស់ជនជាតិវៀតណាមនេះគណបក្សប្រឆាំងជាញឹកញាប់តែងត្រូវបានចោទប្រកាន់ថាយកបញ្ហានេះដើម្បីទាញការគាំទ្រពីអ្នកគាំទ្រ។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញប៉ុន្តែកាលពីពេលមុនលោកបានប្តេជ្ញាថានឹងទទួលដោះស្រាយរាល់បណ្តឹងទាំងអស់ឲ្យបានសមស្រប។
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ ខុមហ្វ្រែល បានថ្លែងថាការខ្វះខាតចំណេះដឹងផ្នែកភាសាក៏អាចចុះឈ្មោះបានដែរឲ្យតែមានឯកសារត្រឹមត្រូវប៉ុន្តែលោកបានអំពាវនាវឲ្យមានការពិនិត្យឲ្យបានល្អិតល្អន់។
លោកថា៖ «[ភាសា] គ្រាន់តែជាផ្នែកនៃធាតុ។ យើងមិនអាចសន្និដ្ឋានភ្លាមៗយើងត្រូវពិនិត្យឲ្យបានស៊ីជម្រៅ។ យើងមិនអាចយកតែ [បញ្ហាភាសា] និងឈ្មោះ [មកពិចារណា] ទេ»៕ PS


