ភ្នំពេញៈ ខណៈប្រទេសថៃរៀបចំកាន់ទុក្ខរយៈពេលមួយឆ្នាំចំពោះការសោយទិវង្គតរបស់ព្រះមហាក្ស ភូមិបុល អាឌុលយ៉ាដេត ពាណិជ្ជករកម្ពុជា រឿន បញ្ញា កំពុងស្វែងរករោងចក្រក្នុងប្រទេសកម្ពុជាដើម្បីផលិតសម្លៀកបំពាក់ពណ៌ខ្មៅ។
ខណៈប្រជាជនថៃរំពឹងស្លៀកពាក់ពណ៌ខ្មៅដើម្បីបង្ហាញអំពីការស្រឡាញ់ព្រះមហាក្សត្រដែលបានសោយទិវង្គតកាលពីថ្ងៃទី ១៣ ខែ តុលាបន្ទាប់ពីការសោយរាជ្យ ៧០ ឆ្នាំ។ រដ្ឋាភិបាលថៃបាននិយាយថាពួកគេភ័យខ្លាចខ្វះសម្លៀកបំពាក់ខ្មៅសមស្របខណៈប្រជាពលរដ្ឋកំពុងមានតម្រូវការខ្លាំង។
បញ្ញា ដែលដើរតួជាអ្នកគួកជេសម្រាប់អ្នកទិញ និងអ្នកផ្គត់ផ្គង់ប្រហែល ១០០០ អាវក្នុងមួយថ្ងៃបានថ្លែងថាខណៈប្រជាជនថៃមួយចំនួនកំពុងយកខោអាវរបស់ពួកគេទៅកន្លែងជ្រលក់ពណ៌នៅតាមផ្លូវប្រជាពលរដ្ឋខ្លះកំពុងស្វែងរកទិញសម្លៀកបំពាក់កាន់ទុក្ខនៅក្រៅប្រទេស។
បញ្ញា បន្ថែមថា៖ «ពាណិជ្ជករថៃកំពុងទិញខោអាវដើម្បីលក់ក្នុងទីផ្សារថៃនៅតាមផ្លូវ និងថែមទាំងលក់នៅក្នុងផ្សារទំនើប»។ បញ្ញា បន្ថែមថាពាណិជ្ជករកម្ពុជាមានការយឺតយ៉ាវមិនដឹងអំពីការចាប់ឱកាសនេះ។ «មិនមានប្រតិកម្មក្នុងប្រទេសកម្ពុជាអស់រយៈពេលមួយសប្តាហ៍ ឬមួយសប្តាហ៍កន្លះហើយ… ប្រសិនបើយើងដឹងភ្លាមៗថាពួកគេត្រូវការខោអាវខ្មៅក្នុងកម្រិតនោះយើងនឹងអាចលក់ក្នុងចំនួនទ្វេដងនៃចំនួនបច្ចុប្បន្ន»។
ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែល បញ្ញា បានទាក់ទងដើម្បីផលិតសម្លៀកបំពាក់កាន់ទុក្ខគឺរោងចក្រ KB-Cambodia ដែលជារោងចក្រតូចមួយក្នុងខេត្តកណ្តាលដែលមានបុគ្គលិក ៣០ នាក់។
លោកស្រី វិចរ៉ា កុសល ដែលជាម្ចាស់រោងចក្រ KB-Cambodia បានថ្លែងថាលោកស្រីបានទទួលការបញ្ជាទិញអាវយឺតពណ៌ខ្មៅចំនួន ៧០០០០ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃដែលលក់ក្នុងតម្លៃ ២,១ ដុល្លារក្នុងមួយអាវ។
លោកស្រីបានថ្លែងថា៖«កប្បាសកំពុងអស់ពីស្តុកក្នុងប្រទេសថៃហើយមានប្រជាជនថៃជាច្រើនលាននាក់ដូច្នេះតម្រូវការគឺខ្ពស់ណាស់»។ «អ្នកទិញគឺនៅប៉ោយប៉ែតពួកគេទិញវាហើយលក់វានៅក្នុងប្រទេសថៃ។ បន្ទាប់ពីមានការបញ្ជាទិញជាច្រើនយើងបានបែងចែកការបញ្ជាទិញមួយចំនួនទៅកន្លែងដទៃៗ [ដើម្បីដេរ] ។ អ្វីក៏ដោយដែលខ្ញុំមានពួកគេនឹងយកទាំងអស់»។
បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃពាណិជ្ជករថៃបានមកផ្សាររុងក្លឿដែលស្ថិតនៅជាប់ព្រំដែនកម្ពុជា‑ថៃ ដើម្បីទិញខោអាវពណ៌ខ្មៅ។ នេះបើតាមប្រជាជននៅក្រុងប៉ោយប៉ែត។

អាជីវករលក់សម្លៀកបំពាក់នៅផ្សាររុងក្លឿអ្នកស្រី សិន សំម៉េង អាយុ ៥៦ ឆ្នាំបានប៉ាន់ប្រមាណថាអ្នកស្រីបានលក់អាវប្រមាណពី ៤០០០ ទៅ ៥០០០ អាវបន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ។
អ្នកស្រីបន្តថា៖ «មានប្រជាជនថៃជាច្រើនបានមកទិញអាវខ្មៅ។ ខ្ញុំលក់អាវជាច្រើនដល់ពួកគេ»។ អ្នកស្រីបានដំឡើងតម្លៃពីប្រហែល ៣ ដុល្លារក្នុងមួយអាវទៅជាង ៤ ដុល្លារ។
«សម្រាប់ប្រជាជនធម្មតាពួកគេទិញ ១០ ទៅ ៣០ អាវប៉ុន្តែសម្រាប់អ្នកដែលទិញយកទៅលក់វិញពួកគេចង់បានចំនួនប៉ុន្មានក៏ដោយដែលខ្ញុំមាន។ ពីមុនពេលការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃមិនមាននរណាមកទិញខោអាវខ្មៅទេ»។
លោក នី គី ដែលជាតំណាងកម្មករអូសរទេះឆ្លងព្រំដែននៅប៉ោយប៉ែតបានថ្លែងថាអាជីវករក្នុងស្រុកកំពុងបញ្ជាទិញពីរោងចក្រកម្ពុជា និងវៀតណាមដើម្បីបំពេញតម្រូវការ។ លោក គី បានថ្លែងថា៖ «ជាធម្មតាប្រជាជនថៃមិនចូលចិត្តពណ៌ខ្មៅទេពួកគេចូលចិត្តពណ៌ឆើត»។
«ប៉ុន្តែឥឡូវនេះដោយសារប្រជាជនភាគច្រើនបំផុតស្រឡាញ់ និងគោរពព្រះមហាក្សត្រពួកគេពាក់សម្លៀកបំពាក់ខ្មៅដើម្បីកាន់ទុក្ខ។ ពួកគេមានប្រជាប្រិយណាស់ហើយលក់ដាច់បន្ទាប់ពីព្រះមហាក្សត្រសោយទិវង្គត»។
រដ្ឋាភិបាលថៃបានព្រមានថាអ្នកលក់ខោអាវមិនឲ្យដំឡើងថ្លៃខោអាវហើយក្រសួងពាណិជ្ជកម្មថៃបាននិយាយថាខ្លួននឹងធ្វើការជាមួយរោងចក្រដើម្បីធានានូវការផ្គត់ផ្គង់ខោអាវខ្មៅឲ្យមានស្ថិរភាព។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងកាលពីថ្ងៃចន្ទថាតម្រូវការនៃសម្លៀកបំពាក់កាន់ទុក្ខច្រើនក្នុងប្រទេសថៃមិនផ្តល់នូវសន្ទុះខ្លាំងសម្រាប់វិស័យកាត់ដេរក្នុងប្រទេសកម្ពុជាទេ»។
លោកបញ្ជាក់ថា៖ «បើសូម្បីវាកំពុងមានតម្រូវការវាជាចំណែកតូចមិនទាន់ជះឥទ្ធិពលដល់វិស័យនេះទាំងមូលទេ។ ខ្ញុំមិនហៅវាថាជានិន្នាការទេ»៕ PS
រាយការណ៍បន្ថែម AFP


